ក្រុម​សង្គម​ស៊ីវិល​ថ្កោល​ទោស​រដ្ឋា​ភិបាល ​ដែល​ប្រើ​ហិង្សា​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​នៅ​បឹង​កក់​

 ញឹម សុខន និងអ៊ីង ប៊ុនថន ,VOD ,ថ្ងៃពុធ ទី23 ឧសភា ឆ្នាំ2012 

ក្រុមអង្គការសង្គមស៊ីវិល ដែលតាមករណី ជម្លោះដីធ្លីនៅកម្ពុជា ថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញ ដែលបានចាប់ឃុំខ្លួនតំណាងសហគមន៍បឹងកក់ចំនួន ១៣នាក់ កាលពីថ្ងៃម្សិលមិញ នៅគ្រាប៉ះទង្គិចដោយហិង្សាជាថ្មីនៅពេលអ្នកភូមិទាមទារសិទិ្ធរស់នៅរបស់ពួកគេ។

សេចក្ដីថ្លែងការណ៍រួម របស់អង្គការទាំងនោះ រួមមាន ក្រុមការងារសិទ្ធិលំនៅដ្ឋាន អង្គការលីកាដូកាណាដា សមាគមធាងត្នោត អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ។ ក្រុមសិទ្ធិមនុស្សទាំងនោះ បានថ្លែងថា ការប្រើអំពើហិង្សា មិនសមហេតុផលរបស់អាជ្ញាធរ ទៅលើការតវ៉ាដោយសន្តិវិធី របស់ប្រជាពលរដ្ឋបឹងកក់ គឺជាការប៉ះពាល់សិទ្ធិមនុស្សយ៉ាងនធ្ងន់ធ្ងរ ដែលមានគាំពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អង្គការទាំងនោះ បានទាមទារឲ្យមានការដោះលែងប្រជាពលរដ្ឋ ដែលត្រូវប៉ូលីសចាប់នោះជាបន្ទាន់ និងគ្មានលក្ខខ័ណ្ឌ។

បន្ថែមលើសេចក្តីថ្លែងការណ៏នេះ នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការប្រើកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបអ្នករងគ្រោះ ក្នុងទំនាស់ដីធ្លី ដែលកើតចេញដោយលោកថា មិនមែនជាជម្រើស របស់ប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យនោះទេ។

VOD មិនអាចសុំអត្ថាធិប្បាយករណីនេះ ពីស្នងការនគបាល រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានទេ នៅព្រឹកថ្ងៃពុធនេះ ដោយមិនមានអ្នកលើកទូរស័ព្ទ ខណៈប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក លី សាវ៉េត សុំមិនធ្វើអត្ថាធិប្បាយ ។

មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន កញ្ញា ឡុង គីមហៀង បានឲ្យដឹងថា នៅថ្ងៃពុធនេះ មានអ្នកបឹងកក់រាប់រយនាក់ប្រមូលផ្តុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ រង់ចាំស្វាយគមន៍វត្តមានតំណាងពួកគេទាំង ១៣នាក់ ដែលនឹងត្រូវបញ្ជូនមកកាន់តុលាការនៅថ្ងៃនេះ ដើម្បីចោទប្រកាន់ ។

បើតាមសេចក្ដីថ្លែងការណ៍ មានរបស់ក្រុមអង្គការ សង្គមស៊ីវិលបានឲ្យដឹងថា តំណាងអ្នកភូមិបឹងកក់ ដែលសមត្ថកិច្ចកំពុងឃុំខ្លួន នៅស្នងការដ្ឋាននគបាលនោះ មាន អ្នកស្រី ទេព វន្នី, ង៉ែត ឃុន, គង់ ចន្ថា,  ស្រុង ស្រីលាភ, ថូ ដាវី, ហេង មុំ, ថុល ស្រីពៅ និងតំណាងអ្នកភូមិមួយចំនួនទៀត ដែលពួកគេសុទ្ធសឹងជាស្ត្រីមេផ្ទះ  និងចេញមុខការពារដីផ្ទះ ពីការបណ្តេញចេញយ៉ាងសកម្ម៕
About these ads

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 464 other followers

%d bloggers like this: