ស្ត្រី​បឹងកក់​ជាប់​ឃុំ គម្រាម​ធ្វើ​កូដកម្ម​អត់​អាហារ

SHANE WORRELL និង ឃុត សុភចរិយា, ភ្នំពេញប៉ុស្តិ័, ថ្ងៃទៅ ០៦ ខែ មិថុនា ឆ្នាំ ២០១២

120606_04a

ស្ត្រីអ្នកបឹងកក់ ពេលគេឃុំនៅតុលាការក្រុងកាលពីចុងខែមុន។

ភ្នំពេញៈ ស្រ្តីមកពីតំបន់បឹងកក់ចំនួន ១៣ នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស បន្ទាប់ពីជំនុំជម្រះរយៈពេល ៣ ម៉ោងកាលពីថ្ងៃទី ២៤ ខែឧសភា បានគំរាមធ្វើកូដកម្មអត់អាហារដើម្បីតវ៉ាប្រឆាំងនឹងការឃុំ ខ្លួនពួកគាត់។ នេះបើយោងតាម តំណាងរាស្រ្តម្នាក់មកពីគណបក្ស សម រង្ស៊ី។

ក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ក្នុងនោះ ក៏មានលោកស្រី មូរ សុខហួរ ផងដែរ ត្រូវបានអនុញ្ញាតឲ្យចូលទៅពន្ធនាគារ ព្រៃស កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យសុខភាពរបស់ស្រ្តីទាំង ១៣ នាក់ និងអ្នកស្រី លី ចាន់ណារី ស្រ្តីម្នាក់ទៀត ដែលត្រូវបានចាប់ខ្លួន ប៉ុន្តែមិនទាន់ត្រូវបានជំនុំជម្រះ។

លោក កើត ឃី តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា៖ «ពួកគេប្រាប់យើងថា សុខភាពរបស់ពួកគេល្អទេ ហើយគ្មានអ្នកណាម្នាក់ ទទួលរងការធ្វើទារុណកម្មទេ ប៉ុន្តែពួកគេនឹកកូនៗរបស់ពួកគេ»។

លោកបញ្ជាក់ថា៖ «ស្រ្តីទាំងនោះ បានប្រាប់យើងថា ពួកគេចង់ធ្វើកូដកម្មអត់អាហារ។ យើងបានសុំពួកគេកុំឲ្យធ្វើបែបនោះ ហើយទទួលយកសំណើរបស់ពួកគេ សម្រាប់យើងស្នើសុំព្រះមហាក្សត្រព្រះរាជទានដោះលែងពួកគេ»។ លោក កើត ឃី ថ្លែងថា លោកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅសហរដ្ឋអាមេរិក  បន្ទាប់ពីបានជួបស្រ្តីទាំងនោះ ដែលលោកស្រី នឹងជួបជាមួយលោកស្រី ហ៊ីឡារី គ្លីនតុនរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីស្នើសុំការជួយធ្វើអន្តរាគមន៍។

គ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ ស្រ្តីមកពីតំបន់បឹងកក់ទាំង ១៥ នាក់ ដែលក្នុងនោះមានបុរសម្នាក់ឈ្មោះ សៅ សារឿន បានទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ២៦ ខែឧសភា ប៉ុន្តែពួកគេ មិនត្រូវបានអនុញ្ញាតឲ្យជួបស្រ្តីទាំងនោះទេ។ នៅពេលភ្នំពេញ ប៉ុស្តិ៍ ទៅពន្ធនាគារព្រៃសកាលពីថ្ងៃពុធសប្តាហ៍មុនអនុរក្សពន្ធនាគារ ដែលពាក់សម្លៀកបំពាក់គ្មានសញ្ញាសម្គាល់បានរារាំងសមាជិកពីអង្គការ លីកាដូ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងអ្នកយកព័ត៌មានមិនឲ្យទៅជិតរបងលួសដែលស្រ្តីទាំងនោះ នៅពីក្រោយនោះទេ។

ស្រ្តីដែលត្រូវបានកាត់ទោសទាំង ១៣ នាក់ ត្រូវបានចាប់ខ្លួននៅបឹងកក់ កាលពីថ្ងៃទី ២២ ខែឧសភា។ ពួកគេត្រូវបានចោទប្រកាន់ ២ ថ្ងៃក្រោយមក ពីបទប្រឆាំងនឹងអាជ្ញាធរ និងរំលោភកាន់កាប់លើដីអ្នកដទៃ ដែលជាកម្មសិទិ្ធក្រុមហ៊ុន ស៊ូកាគូអ៊ីនរបស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកគណបក្សប្រជាជន។

ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ ជាពិសេសកូនៗរបស់ស្ត្រីដែលជាប់ឃុំទាំងនោះ បានធ្វើការតវ៉ាដោយហៅការឃុំខ្លួននេះថា ជាការ«ចាប់ម្ចាស់ដីដាក់គុកចោរប្លន់ដីរួចខ្លួន» ជាអ្វីដែលពួកគេសំដៅទៅដល់លោកឡាវ ម៉េងឃីន ដែលជាអ្នកបូមខ្សាច់កប់ពន្លិចផ្ទះ រំលោភយកដីរបស់ពួកគេ ទាំងបំពានបែរជាគ្មានទោស ប៉ុន្តែពួកគេ គ្រាន់តែធ្វើការតវ៉ាដើម្បីការពារផ្ទះរបស់ខ្លួន ពីការរំលោភបំពាន ត្រូវចាប់ដាក់គុកទៅវិញ៕ TK

About these ads

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 493 other followers

%d bloggers like this: