អ្នក​ភូមិ​បឹង​កក់​បន់​ស្រន់​និង​ដាក់​បណ្ដាសា​ដល់​ជន​រំលោភ​យក​ដី​ធ្លី

June 7, 2012

សុជីវី, RFA, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នំា ២០១២
អ្នកភូមិបឹងកក់ប្រមាណ ១០០នាក់ បានជួបប្រជុំគ្នា ក្នុងភូមិ២២ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ទី៦ ខែមិថុនា។ ពួកគេបានអុជធូបបន់ស្រន់ ដាក់បណ្ដាសា ដល់ជនដែលបានរំលោភយកដីធ្លីផ្ទះសម្បែង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដន្ទាទោសអ្នកតំណាងពួកគេចំនួន ១៥នាក់ អោយជាប់ពន្ធនាគារ។

អ្នកភូមិបឹងកក់បន់ស្រន់ និងដាក់បណ្ដាសាជនរំលោភយកដីធ្លី ផ្ទះសម្បែង អោយវិនាសអន្តរាយ នៅខ្ទមអ្នកតា និងទីតាំង ដែលគេជឿថាស័ក្តិសិទ្ធិ នៅក្នុងភូមិ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១២។

ក្រុមអ្នកភូមិបឹងកក់ បានដាក់បណ្ដាសាអោយអ្នកដែលជាប់ពាក់ព័ន្ធក្នុងការរំលោភយកដីធ្លី ផ្ទះសម្បែង និងការកាត់សេចក្ដីដោយអយុត្តិធម៌ ទៅលើតំណាងពួកគេទាំង ១៥នាក់ អោយជួបនឹងក្តីវិនាសហិនហោចខ្លោចផ្សាក្នុងជីវិត។

ក្រុមអ្នកភូមិបាននាំយកចំណីអាហារ មាន់ស្ងោរ ផ្លែឈើគ្រប់មុខ ទៀនធូប និងផ្កាឈូក ទៅថ្វាយដល់បារមីសក្ដិសិទ្ធិក្នុងភូមិ ជាច្រើនកន្លែង។ ជាចុងក្រោយ បានយកអំបិលដែលមានលាយម្ទេសទុំ ទៅដុតនឹងភ្លើងជើងក្រានអោយឆេះសន្ធោសន្ធៅ។

ក្រុមអ្នកភូមិបាននិយាយប្រហាក់ហែលគ្នានៅមុខភ្លើងថា ពួកគេអស់សង្ឃឹមនឹងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការនៅកម្ពុជា ក្នុងការផ្ដល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះដូចជាពួកគេ។ ពួកគេក៏បានបន់ស្រន់អោយបារមីក្នុងផ្លូវងងឹត ផ្ដន្ទាដោយប្រការអាក្រក់ផ្សេងៗ ចំពោះអ្នកទាំងឡាយដែលបានធ្វើទុក្ខបុកម្នេញអ្នកភូមិបឹងកក់ទាំងអស់។

ក្រុមអ្នកភូមិក៏បានលែងចាប ចំនួន ១៥ក្បាល ក្នុងន័យបន់ស្រន់អោយអ្នកតំណាងទាំង ១៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានរួចទោស និងមានសេរីភាពមកវិញ។

មន្ត្រីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ពិតមែនថា ជំនឿតាមបែបបុរាណខ្មែរយើង មានការបន់ស្រន់ ការដាក់បណ្ដាសា ជាដើម ពុំមានការបញ្ជាក់ថាមានប្រសិទ្ធភាព ឬពុំមានប្រសិទ្ធភាព កម្រិតណានៅឡើយ ក៏អាចរំពឹងថា នឹងមានលទ្ធផលខ្លះៗដោយចៀសពុំរួច។

មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជាក់ថាការបន្តបណ្ដែតបណ្ដោយអោយភាពអយុត្តិធម៌នៅតែកើតមាន នឹងធ្វើអោយប៉ះពាល់ទៅដល់ផ្លូវចិត្តពលរដ្ឋនៅទូទាំងប្រទេស នៅខណៈដែលពួកគេធ្លាប់ប៉ះពាល់ផ្លូវចិត្តរួចទៅហើយ ដោយសារទុក្ខលំបាកនៅក្នុងរបបខ្មែរក្រហម៕


ហេតុ​អ្វី​ក៏​គ្មាន​ស្ថាប័ន​ណា​មើល​ឃើញ​ពី​ទុក្ខ​សោ​​កក្មេង​បឹង​កក់​?

June 7, 2012

កាន់ វិរៈ, Phnom Penh Post, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នំា ២០១២

120607_02a

ក្មេងៗកូនអ្នកភូមិបឹងកក់ស្រែកយំនៅមុខក្រសួងយុត្តិធម៌។

គោរពជូន លោកចាងហ្វាងយោងតាមរដ្ឋធម្មនុញ្ញ ទោះជាគ្មានអំណាច ក៏ព្រះមហាក្សត្រអាចព្រះរាជទានការលើកលែងទោសបានដែរ។

តើសម្តេច ហ៊ុន សែន នៅមានឥទ្ធិពលដូចមុនទេ?

ជំពូក ២ មាត្រា ៧ វាក្យខណ្ខទី ១ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាចទេ ប៉ុន្តែមាត្រា ២៧ នៃរដ្ឋធម្មនុញ្ញដដែលនេះ ចែងថាព្រះមហាក្សត្រ មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស អត់មានចែងថា ទាល់តែមានការស្នើសុំពីនាយករដ្ឋមន្ត្រីពីតុលាការ ឬពីនាយកពន្ធនាគារនោះឡើយ។ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនេះ ព្រះមហាក្សត្រ ធ្លាប់បានព្រះរាជទានការលើកលែងទោសឲ្យទណ្ឌិតរាប់រយនាក់មកហើយ នាពេលកន្លងមកនេះ ហើយទណ្ឌិតទាំងនោះ សុទ្ធតែមានទោសដោយសារ ការប្រព្រឹត្តបទល្មើសជាក់ស្តែងដូចជា លួច ឆក់ ប្លន់ សម្លាប់៘ ទណ្ឌិតខ្លះជាប់គុកមិនទាំងគ្រប់ ២ ភាគ ៣ នៃទោសផង ឯជនល្មើសខ្លះ ជាប់គុកមិនទាន់បាន ១០ ថ្ងៃផង ក៏ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដែរ ដូចជា ជនជាតិថៃ ពាក់ពន្ធ័នឹងការធ្វើចារកម្មនៅព្រលានយន្តហោះពោធិចិនតុង និងជនល្មើសម្នាក់ទៀត ជាជនជាតិ រុស្ស៊ី ឈ្មោះ ត្រូហ្វីម៉ូវ ដែលត្រូវបានដោះលែងពីពន្ធនាគារកាលពីឆ្នាំ ២០១១ ជាដើម។

អ្នកទាំងអស់នោះ សុទ្ធតែជាអ្នកបានប្រព្រឹត្តបទល្មើសជាក់ស្តែង សុទ្ធតែត្រូវបានព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ ដោយមិនដែលឃើញកូនៗនៃជនល្មើសទាំងនោះ មកស្រែកយំ លុតជង្គង់ លន់តួ សុំអង្វរករឲ្យលើកលែងទោស ដូចកូនៗអាយុក្រោម ១៥ ឆ្នាំ ដែលជាកូនៗនៃស្ត្រីបឹងកក់នោះទេ។

យោងតាមរដ្ឋធម្មនុញ្ញដដែល មាត្រា ៣៥ វាក្យខណ្ឌទី ២ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាជនត្រូវបានទទួលការពិនិត្យ និងដោះស្រាយហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែមានទេ? ពុំត្រឹមតែស្នើសុំទេ គឺលុតជង្គង់បង្ហូរទឹកភ្នែក ស្រែកយំដង្ហោយ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ដែលស្ថិតនៅក្រោមអំណាចរដ្ឋធម្មនុញ្ញឲ្យជួយដោះស្រាយ…តើមានបាន ទទួលដោះស្រាយហ្មត់ចត់ ឲ្យពលរដ្ឋរងគ្រោះនៅបឹងកក់ជាពិសេសកូនតូចៗ របស់ពួកគេដែលស្រែកយំរកយុត្តិធម៌រាល់ថ្ងៃនេះដែរទេ ទាំងក្រសួងយុត្តិធម៌ ទាំងរដ្ឋសភា ទាំងនាយករដ្ឋមន្ត្រី ទាំងព្រះមហាក្សត្រ?ឆ្លើយថាអត់មានទេ។

មាត្រា ៣៨ នៃច្បាប់កំពូលនេះក៏បានចែងដែរថា ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយ…តែធាតុពិត ជាក់ស្តែងអត់ទេ ពុំមែនត្រឹមតែរំលោភលើរូបរាងកាយតែប៉ុណ្ណោះទេ គឺត្រូវអាជ្ញាធរវាយបែកក្បាល ឆក់សន្លប់ និងថែមទាំងប្រើកម្លាំងមកចាប់រាស្ត្រដាក់គុកទាំងបំពានច្បាប់លើ គោកដ៏គួរឲ្យអាក្រក់មើលបំផុតថែមទៀត។

តើស្ត្រីអ្នកភូមិបឹងកក់ទាំងអស់នោះខុសស្អី? ការពារដីខ្លួនឯងត្រូវតែជាប់គុកអ៊ីចឹងឬ? វាក្យខណ្ឌទី ២ នៃមាត្រានេះ ចែងទៀតថា (ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រ) តើមានទេ ? កិត្តិយសរបស់ប្រជារាស្ត្រនៅត្រង់កន្លែងណា បើចាប់សែងបោះដាក់ឡាន ដូចជ្រូក ឬក៏ថ្លៃថ្នូរ នៅត្រង់កន្លែងក្មេងៗ លុតជង្គង់ដង្ហោយយំស្រែករកម៉ែ នៅតាមចិញ្ចើមផ្លូវសាធារណៈនោះ?

មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ និង ចែងទៀតថា ការដកហូតសិទ្ធិពីជនណាម្នាក់ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ ក្នុងករណីដែលច្បាប់ បានបញ្ញតិ្ត តែត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

មាត្រានេះចែងច្បាស់ណាស់ថា លុះត្រា តែដើម្បីប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើតាមច្បាប់ និងផ្តល់សំណងជាមុនសមរម្យ និងយុត្តិធម៌ តែករណីបឹងកក់នេះតើមានទេ? តើច្បាប់ណា មាត្រាប៉ុន្មាន មានបានឆ្លងកាត់ការយល់ព្រមពីសភាឬទេ មុននឹងផ្តល់បឹងកក់ទៅឲ្យនីតិបុគ្គលសាធារណៈនោះ? មានបានផ្តល់សំណងសមរម្យ និងយុត្តិធម៌តាមផ្លូវច្បាប់ឬទេ? ដីតាមតម្លៃទីផ្សារ ១ ម៉ែត្រការ៉េ ៥០០ ដុល្លារ តែឲ្យប្រជាជន ២០០ ដុល្លារ បើមិនព្រមបូមខ្សាច់លុប និងចាប់ដាក់គុក តើនោះឬជាយុត្តិធម៌?

មាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋធានាការពារសិទ្ធិកុមារ សិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួល បានការអប់រំ រៀនសូត្រ និងប្រឆាំងការងារទាំងឡាយ ដែលអាចធ្វើឲ្យខូចដល់ការអប់រំ ការរៀនសូត្រ ឬដែលនាំឲ្យអន្តរាយ- ដល់សុខភាព និងសុខុមាលភាព។ តែផ្ទុយទាំងអស់ ការពារតាំងពីមានផ្ទះរហូតដល់អស់ផ្ទះ ការពារការអប់រំរៀនសូត្រ តែសព្វថ្ងៃក្មេងៗដែលមានម្តាយកំពុងជាប់ពន្ធនាគារទាំងអស់នោះ បានរៀនសូត្រទេ? មានសុខភាព និងមានសុខុមាលភាពល្អឬទេ ក្នុងពេលដែលពួកគេកំពុងយំរាល់ថ្ងៃ លុតជង្គង់រាល់ថ្ងៃ នឹកម៉ែរាល់ថ្ងៃនោះ? ខ្លះមានបងប្អូន ៣ នាក់ បងអាយុ ១១ ឆ្នាំ និងប្អូនៗ ម្នាក់មានអាយុត្រឹម៩ ឆ្នាំនិងម្នាក់ទៀតមានអាយុត្រឹម៦ឆ្នាំ។ តើនេះជារបបអី សង្គមប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋអី?

ឯសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូច្នោះដែរ តើអំណាច ភាពឈ្លាសវៃ និងសេចក្តីមេត្តាកុរណា ដែលសម្តេចមានសព្វថ្ងៃនោះទៅណាអស់ហើយ? ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាមេធាវី ដែលមានអត្តលេខ ៣៥០ និងធ្វើសច្ចាប្រណិធានកាលពីថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០០៤ សម្តេចដឹងច្បាស់ណាស់ថា រឿងនេះ វា យុត្តិធម៌ ឬមិនយុត្តិធម៌ ទោះបីជាសម្តេច មិនអាចលូកលាន់កិច្ចការតុលាការក្តី តែសម្តេចក៏អាចធានាយុត្តិធម៌ឲ្យស្ត្រី ទាំងអស់នោះបានដែរ។ ការដែលតុលាការយកមាត្រា៣៤និង២៥៩មកកាត់ទោសម្ចាស់ដីដែលត្រូវគេរំលោភបំពាននោះ តើត្រឹមត្រូវទេ?ចុះកាលពីក្រុមហ៊ុនបូមខ្សាច់លុបផ្ទះរបស់ ប្រជាជនហេតុអ្វីក៏គ្មានកំហុស?

បើអស់លោក លោកស្រី ត្រូវគេបូមដីលុបផ្ទះ ហើយចាប់ដាក់គុកទាំងអយុត្តិធម៌ទុកឲ្យកូនៗ នៅដើរតត្រុកលុតជង្គង់ ស្រែកយំតាមចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃ តើអស់លោកឈឺចាប់ទេ? សូមបញ្ឈប់ធ្វើបាបអ្នកទន់ខ្សោយទៀតទៅ ហើយសូមធ្វើអ្វីៗទៅតាមច្បាប់ ដើម្បីភាពរីកចម្រើនរុងរឿងទាំងអស់គ្នា ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋ និងទាំងក្រុមហ៊ុន និងក៏ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់របស់ប្រទេសយើងផងដែរ៕


ស្ត្រី​បឹងកក់​ជាប់​ឃុំ គម្រាម​ធ្វើ​កូដកម្ម​អត់​អាហារ

June 6, 2012

SHANE WORRELL និង ឃុត សុភចរិយា, ភ្នំពេញប៉ុស្តិ័, ថ្ងៃទៅ ០៦ ខែ មិថុនា ឆ្នាំ ២០១២

120606_04a

ស្ត្រីអ្នកបឹងកក់ ពេលគេឃុំនៅតុលាការក្រុងកាលពីចុងខែមុន។

ភ្នំពេញៈ ស្រ្តីមកពីតំបន់បឹងកក់ចំនួន ១៣ នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស បន្ទាប់ពីជំនុំជម្រះរយៈពេល ៣ ម៉ោងកាលពីថ្ងៃទី ២៤ ខែឧសភា បានគំរាមធ្វើកូដកម្មអត់អាហារដើម្បីតវ៉ាប្រឆាំងនឹងការឃុំ ខ្លួនពួកគាត់។ នេះបើយោងតាម តំណាងរាស្រ្តម្នាក់មកពីគណបក្ស សម រង្ស៊ី។

ក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ក្នុងនោះ ក៏មានលោកស្រី មូរ សុខហួរ ផងដែរ ត្រូវបានអនុញ្ញាតឲ្យចូលទៅពន្ធនាគារ ព្រៃស កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យសុខភាពរបស់ស្រ្តីទាំង ១៣ នាក់ និងអ្នកស្រី លី ចាន់ណារី ស្រ្តីម្នាក់ទៀត ដែលត្រូវបានចាប់ខ្លួន ប៉ុន្តែមិនទាន់ត្រូវបានជំនុំជម្រះ។

លោក កើត ឃី តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា៖ «ពួកគេប្រាប់យើងថា សុខភាពរបស់ពួកគេល្អទេ ហើយគ្មានអ្នកណាម្នាក់ ទទួលរងការធ្វើទារុណកម្មទេ ប៉ុន្តែពួកគេនឹកកូនៗរបស់ពួកគេ»។

លោកបញ្ជាក់ថា៖ «ស្រ្តីទាំងនោះ បានប្រាប់យើងថា ពួកគេចង់ធ្វើកូដកម្មអត់អាហារ។ យើងបានសុំពួកគេកុំឲ្យធ្វើបែបនោះ ហើយទទួលយកសំណើរបស់ពួកគេ សម្រាប់យើងស្នើសុំព្រះមហាក្សត្រព្រះរាជទានដោះលែងពួកគេ»។ លោក កើត ឃី ថ្លែងថា លោកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅសហរដ្ឋអាមេរិក  បន្ទាប់ពីបានជួបស្រ្តីទាំងនោះ ដែលលោកស្រី នឹងជួបជាមួយលោកស្រី ហ៊ីឡារី គ្លីនតុនរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីស្នើសុំការជួយធ្វើអន្តរាគមន៍។

គ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ ស្រ្តីមកពីតំបន់បឹងកក់ទាំង ១៥ នាក់ ដែលក្នុងនោះមានបុរសម្នាក់ឈ្មោះ សៅ សារឿន បានទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ២៦ ខែឧសភា ប៉ុន្តែពួកគេ មិនត្រូវបានអនុញ្ញាតឲ្យជួបស្រ្តីទាំងនោះទេ។ នៅពេលភ្នំពេញ ប៉ុស្តិ៍ ទៅពន្ធនាគារព្រៃសកាលពីថ្ងៃពុធសប្តាហ៍មុនអនុរក្សពន្ធនាគារ ដែលពាក់សម្លៀកបំពាក់គ្មានសញ្ញាសម្គាល់បានរារាំងសមាជិកពីអង្គការ លីកាដូ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងអ្នកយកព័ត៌មានមិនឲ្យទៅជិតរបងលួសដែលស្រ្តីទាំងនោះ នៅពីក្រោយនោះទេ។

ស្រ្តីដែលត្រូវបានកាត់ទោសទាំង ១៣ នាក់ ត្រូវបានចាប់ខ្លួននៅបឹងកក់ កាលពីថ្ងៃទី ២២ ខែឧសភា។ ពួកគេត្រូវបានចោទប្រកាន់ ២ ថ្ងៃក្រោយមក ពីបទប្រឆាំងនឹងអាជ្ញាធរ និងរំលោភកាន់កាប់លើដីអ្នកដទៃ ដែលជាកម្មសិទិ្ធក្រុមហ៊ុន ស៊ូកាគូអ៊ីនរបស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកគណបក្សប្រជាជន។

ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ ជាពិសេសកូនៗរបស់ស្ត្រីដែលជាប់ឃុំទាំងនោះ បានធ្វើការតវ៉ាដោយហៅការឃុំខ្លួននេះថា ជាការ«ចាប់ម្ចាស់ដីដាក់គុកចោរប្លន់ដីរួចខ្លួន» ជាអ្វីដែលពួកគេសំដៅទៅដល់លោកឡាវ ម៉េងឃីន ដែលជាអ្នកបូមខ្សាច់កប់ពន្លិចផ្ទះ រំលោភយកដីរបស់ពួកគេ ទាំងបំពានបែរជាគ្មានទោស ប៉ុន្តែពួកគេ គ្រាន់តែធ្វើការតវ៉ាដើម្បីការពារផ្ទះរបស់ខ្លួន ពីការរំលោភបំពាន ត្រូវចាប់ដាក់គុកទៅវិញ៕ TK


រាជ​វាំង​មិន​ទទួល​យក​ញតិ្ត​អ្នក​បឹង​កក់

June 6, 2012

ឃុត សុភចរិយា, Phnom Pehn Post, ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១២ 

120606_09

កូនៗអ្នកបឹងកក់ដែលម្តាយជាប់ឃុំបានស្រែកយំសុំអន្តរាគមន៍ពីព្រះមហាក្សត្រ តែបានផលអវិជ្ជមាន។ ចរិយា

ភ្នំពេញៈ ពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណជា ៥០ នាក់ កាលពីម្សិលមិញ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ខណៈគ្មានមន្ត្រីក្នុងព្រះបរមរាជវាំងណាម្នាក់ចេញមកទទួលយកញត្តិរបស់ពួកគេ ដែលគ្រោងដាក់ថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ទូលសូមឲ្យព្រះអង្គ ជួយអន្តរាគមន៍ដោះលែងឪពុកម្តាយ និងអ្នកភូមិដែលត្រូវតុលាការឃុំខ្លួននៅពន្ធនាគារ។

បន្ទាប់ពីត្រឡប់ពីសាកសួរព័ត៌មាននៅរដ្ឋសភា អំពីសំណើពួកគេ ដែលបានដាក់ពីពាក់កណ្ដាលខែឧសភា ស្នើសុំសភាអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលឲ្យជំរុញទៅអាជ្ញាធររាជធានីឲ្យពន្លឿនការកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យច្បាស់ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុងតំបន់បឹងកក់នោះ ក្រុមអ្នកភូមិបឹងកក់ដែលមានក្មេងៗកូនអ្នកជាប់ឃុំផងនោះ បាននាំគ្នាទៅប្រមូលផ្តុំនៅលើសួនច្បារមុខព្រះបរមរាជវាំង ដើម្បីដាក់ញត្តិ ថ្វាយព្រះមហាក្សត្រ។ ប៉ុន្តែ គ្មានមន្ត្រីព្រះបរមរាជវាំងណាម្នាក់ចេញមកទទួលញតិ្ត ពីពួកគេឡើយ បើទោះជាមានកុមារា កុមារី ដែលជាកូនៗអ្នកត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស ស្រែកយំសំពះអង្វរយ៉ាងទ្រហឹងអឺងកងក៏ដោយ។

ក្រុមសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានស្នើឲ្យអ្នកភូមិទាំងនេះរំសាយការប្រមូលផ្ដុំចេញពីទីនោះ ដោយអនុញ្ញាតឲ្យតំណាងពួកគេ៥នាក់យកញត្តិទៅដាក់។

លោក លឹម ហុង អធិការងនគរបាលខណ្ឌដូនពេញ បានថ្លែងថា ៖ «ខ្ញុំសុំឲ្យបងប្អូនទុកតំណាងប្រាំនាក់នៅទីនេះ ដើម្បីដាក់ញត្តិនោះ ក្រៅពីនេះសុំធ្វើការរំសាយ ហើយខ្ញុំសុំធានាថានឹងជូនតំណាងទៅដាក់ញត្តិ»។

អ្នកស្រី យោម បុប្ផា តំណាងក្រុមអ្នកតវ៉ាទាំងនេះនិយាយថា៖«ខ្ញុំសុំឲ្យអ្នកភូមិដែលមកគាំទ្រការដាក់ញត្តិនៅរង់ចាំ ហើយខ្ញុំប្រាំនាក់នឹងតាមលោកចូលទៅដាក់ញត្តិ»។ តែយ៉ាងណាការចរចានោះមិនបានសម្រេចឡើយ ដោយអាជ្ញាធរមិនយល់ព្រមតាមពលរដ្ឋ ហើយពលរដ្ឋក៏មិនជឿជាក់លើសមត្ថកិច្ច។

ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលពីបញ្ហានេះយល់ថា កាលដែលគ្មានមន្ត្រីព្រះបរមរាជវាំង ចេញមកទទួលញត្តិពីអ្នកភូមិបឹងកក់ អាចមកពីគេជាប់រវល់កិច្ចការច្រើន ឬមួយជាចេតនាមិនចង់អើពើចំពោះសុខទុក្ខរបស់អ្នកភូមិទាំងនេះ។

លោក ណើប លី ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍នៃក្រុម ការងារពិសេសសិទ្ធិលំនៅដ្ឋាន និយាយថា៖«យើងពិតជាអាណិតអាសូរពលរដ្ឋទាំងនេះ ពួកគេអស់ជម្រើសទើបមករកការជួយអន្តរាគមន៍ពីព្រះមហាក្សត្រ តែ គ្មានមន្ត្រីព្រះបរមរាជវាំងណាចេញមកទទួលញត្តិពួកគេទេ»។

កាលពីម្សិលមិញ មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងបានទេ។ ក្រុមអ្នកភូមិបានរំសាយចេញពីមុខព្រះបរមរាជវាំងនៅម៉ោង១១៖៤៥នាទីព្រឹក ហើយពួកគេអះអាងថា នឹងលើកគ្នាវិលត្រឡប់មកដាក់ញត្តិថ្វាយដល់ព្រះមហាក្សត្រឲ្យខាងតែបាននៅថ្ងៃក្រោយទៀត៕


អ្នក​ភូមិ​បឹង​កក់​ប្រមាណ ​១០០​នាក់ ​បួង​សួង​ឲ្យ​បារមី​ផ្លូវ​ងងឹត​ជួយ ​អ្នក​ភូមិ​១៥​នាក់​

June 6, 2012

 អៀត ដារ៉ាវុធ, VOD,  ថ្ងៃពុធ ទី06 មិថុនា ឆ្នាំ2012 

អ្នកភូមិបឹងកក់ ប្រមាណជា១០០នាក់ បានអុជធូបបន់ស្រន់ នៅទីកន្លែងចំនួនបីផ្សេងគ្នា នៅក្នុងតំបន់បឹងកក់ ដើម្បីសុំឲ្យបារមីផ្លូវងងឹត ជួយបន្ទន់ចិត្តចៅក្រម ឲ្យកាត់ក្តីផ្តល់យុត្តិធម៌ ដល់អ្នកភូមិបឹងកក់ចំនួន១៥នាក់។

នៅក្នុងពិធីអុជធូបបួងសួងនៅក្នុងភូមិ២២ ក្នុងសង្កាត់ស្រះចក អ្នកភូមិមានទៀន ធូប ផ្កាឈូក អំបិលម្ទេស ដោយពួកគេបានសំពះបួងសួងថា ប្រសិនបើចៅក្រម និងអាជ្ញាធរពាក់ព័ន្ធ កាត់ក្តីផ្តល់ភាពអយុត្តិធម៌ដល់អ្នកភូមិបឹងកក់ចំនួន១៥នាក់ នោះគឺអ្នកដែលពាក់ព័ន្ធក្នុងការកាត់ក្តីនោះ  នឹងទទួលនូវភាពក្តៅក្រហល់ក្រហាយដូចសាច់ប្រឡាក់អំបិលម្ទេស ទទួលសេចក្តីព្រាត់ប្រាស់សាច់ញាតិ និងទទួលនូវភាពវេទនាក្នុងជីវិត។

នៅក្នុងពិធីបួងសួងនេះ គេសង្កេតឃើញ កម្លាំងអាជ្ញាធរ ឃ្លាំមើលពីចំងាយផងដែរ៕


កូនៗ​អ្នក​បឹង​កក់​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ឪពុក​ម្ដាយ​ពួក​គេ​

June 5, 2012

ថុលស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន,VOD, ថ្ងៃអង្គារ ទី05 មិថុនា ឆ្នាំ2012 

bkl-chirl-khorn01

កុមារៗ កូនអ្នកភូមិបឹងកក់ដែលជាប់ពន្ធនាគារ

កុមារៗដែលជាកូនរបស់ពលរដ្ឋបឹងកក់ និងអ្នកភូមិសរុបប្រហែល ២០០នាក់ បានលុតជង្គង់នៅមុខព្រះបរមរាជវាំង នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិសុំឲ្យអន្តរាគមន៍ឲ្យដោះលែងតំណាងពួកគេចំនួន១៥នាក់ ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌។

អ្នកស្រី យ៉ោម បុប្ផា ជាប្រជាពលរដ្ឋបឹងកក់ មានប្រសាសន៍ថា ពួកគាត់ស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ ឲ្យដោះលែងតំណាងទាំង១៥នាក់នោះមកវិញ។ តែអ្នកស្រីថា ពួកគាត់ខកចិត្ត ដែលខុទ្ទកាល័យព្រះមហាក្សត្រ មិនបានចេញមកទទួលយកញត្តិរបស់គាត់ ៖ “ខ្ញុំអស់សង្ឃឹមខ្លះដែរ ប៉ុន្តែខ្ញុំក៏នៅតែបន្តដាក់បន្តទៅទៀត មិនៗឈប់ទេ គឺនៅតែបន្ត ដោយសារតែតុលាការនេះ គាត់កាត់ទោសប្រជាពលរដ្ឋ ត្រឹមតែរយៈពេលបីម៉ោង ដែលមិនមានមេធាវី ដោយមិនមានឯកសារអីពាក់ព័ន្ធត្រឹមត្រូវ គាត់បានកាត់ទាំង មិនមែនកាត់តាមច្បាប់ទេ អានេះគឺកាត់តាមបទបញ្ជា”។


អ្នក​ភូមិ​បឹង​កក់​និង​កូនៗ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

June 5, 2012
សុជីវី, RFA, ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១២

អ្នកភូមិបឹងកក់ ប្រមាណ ៥០នាក់ ដែលមានទាំងកុមារជាច្រើននាក់ផង បានជួបប្រជុំគ្នានៅខាងមុខព្រះបរមរាជវាំងនៅព្រឹកថ្ងៃអង្គារទី៥ ខែមិថុនា។ ក្មេងៗជាច្រើននាក់បានលុតជង្គង់ ស្រែកទ្រហោយំនៅខាងមុខព្រះបរមរាជវាំង។

អ្នកភូមិបឹងកក់ និងក្មេងៗកូនរបស់ពួកគេ លុតជង្គង់ស្រែកទ្រហោយំ នៅមុខព្រះបរមរាជវាំងទាំងកណ្ដាលថ្ងៃក្ដៅ ទាមទារអោយជួយម្ដាយពួកគេឲ្យមានសេរីភាព កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២។

ពួកគេស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ អោយជួយដោះលែងម្ដាយរបស់ពួកគេ ដែលជាតំណាងអ្នកភូមិបឹងកក់ ១៥នាក់ និងកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នោះ អោយមានសេរីភាពមកវិញ។ បើទោះជាបែបណា ញត្តិរបស់អ្នកភូមិបឹងកក់ពុំត្រូវមន្ត្រីព្រះបរមរាជវាំង ចេញមកទទួលឡើយ។

អ្នកភូមិបឹងកក់ និងកូនៗរបស់ពួកគេ ខកចិត្ត នៅពេលដែលមន្ត្រីព្រះបរមរាជវាំងពុំបានទទួលយកញត្តិស្នើសុំអន្តរាគមន៍ដោះលែងតំណាងពួកគេទាំង ១៥នាក់។ តំណាងអ្នកភូមិបឹងកក់ អ្នកស្រី យ៉ម បុប្ផា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខព្រះបរមរាជវាំងថា អ្នកស្រីមានចម្ងល់ក្នុងចិត្ត និងសោកស្ដាយនៅពេលដែលមន្ត្រីព្រះបរមរាជវាំងព្រងើយកន្តើយ ពុំយកចិត្តទុកដាក់ចំពោះការដង្ហោយហៅរកជំនួយពីសំណាក់ក្រុមអ្នកភូមិ ជាពិសេស គឺក្មេងៗតូចៗ។

ក្មេងៗកូនអ្នកភូមិបឹងកក់ បានលុតជង្គង់ស្រែកទ្រហោយំ នៅខាងមុខព្រះបរមរាជវាំងទាំងកណ្ដាលថ្ងៃក្ដៅ ទាមទារអោយជួយម្ដាយពួកគេឲ្យមានសេរីភាព។

ទោះបីជាពួកគេយំយែកយ៉ាងណា គេបានទទួលបានការឆ្លើយតបពីមន្ត្រីនគរបាលដែលការពារសន្តិសុខនៅខាងមុខព្រះបរមរាជវាំង ថា គេនឹងទាក់ទងទៅមន្ត្រីនៅខុទ្ទកាល័យព្រះបរមរាជវាំង ប្រសិនបើអ្នកបឹងកក់ យល់ព្រមរំសាយការតវ៉ា។

ញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ បានលើកឡើងថា សុំឲ្យព្រះមហាក្សត្រ មេត្តាប្រោសព្រះរាជទានអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ដើម្បីជួយពួកគេទាំងអស់គ្នាជាកូនចៅនៅតំបន់បឹងកក់ ចំនួន ១៥នាក់ ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារទាំងអយុត្តិធម៌ ឲ្យមានការដោះលែងបានទៅជួបជុំក្រុមគ្រួសារ និងមានសេរីភាពឡើងវិញ។

វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៅខុទ្ទកាល័យព្រះមហាក្សត្របានទេ នៅថ្ងៃទី៥ ខែមិថុនា។

មន្ត្រីនៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណើប លី មានប្រសាសន៍ថា មន្ត្រីព្រះបរមរាជវាំងគួរតែយល់ព្រមទទួលយកញត្តិរបស់អ្នកភូមិបឹងកក់ ដោយហេតុថា ព្រះមហាក្សត្រ ព្រះអង្គ ក៏មានតួនាទីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿង តុលា មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរឲ្យបញ្ហានេះនៅល្អក់កករទៀតទេ គួរតែដោះលែងអ្នកភូមិបឹងកក់ ទាំង ១៥នាក់ និងពិចារណាលើដំណោះស្រាយដី ១២,៤៤ ហិកតារ នៅបឹងកក់។ លោក បន្តថា កុមារនៅតំបន់បឹងកក់អាចប្រឈមនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តរស់នៅក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន។

ស្ត្រីជាអ្នកភូមិបឹងកក់ចំនួន ១៣នាក់ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃទី២២ ឧសភា និងត្រូវកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ចំណែកតំណាងពីរនាក់ទៀត ក៏ត្រូវចាប់ខ្លួន នៅមុខតុលាការក្រុងភ្នំពេញ ក្នុងពេលរៀបចំឯកសារធ្វើសក្ខីកម្មអោយតំណាង ១៣នាក់ កាលពីថ្ងៃទី២៦ ខែឧសភា។ នៅពេលដែលគ្មានម្ដាយរស់នៅជាមួយ ក្រុមក្មេងៗ កូនអ្នកបឹងកក់ តែងចូលរួមការតវ៉ាអោយមានការដោះលែងម្ដាយគេ ដើម្បីអោយក្រុមគ្រួសារពួកគេមាន ភាពកក់ក្តៅឡើងវិញ៕


អង្គការ​១២២ ទាម​ទារ​ឲ្យ​បញ្ឈប់​និទណ្ឌ​ភាព​និង​ហិង្សា​នៅ​កម្ពុជា​

May 31, 2012

 អ៊ឹង ប៊ុនថន, VOD, ថ្ងៃព្រហស្បតិ៍ ទី31 ឧសភា ឆ្នាំ2012 

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១២២ បានបន្តទាមទារបន្ថែមទៀត ឲ្យបញ្ឈប់វប្បធម៌និទណ្ឌភាព និងការប្រើហិង្សាទៅពលរដ្ឋទំនាស់ដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស ដែលប្រព្រឹត្តិដោយសមត្ថកិច្ចរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៏រួមរបស់អង្គការទស្សនៈពិភពលោក លីកាដូ អាដហុក គណៈកម្មាធិការប្រព្រឹត្តកម្ម (CHRAC) និងអង្គការផ្សេងៗទៀត សរុបចំនួន១២២ ដែលចេញកាលពីថ្ងៃទី៣០ ខែឧសភានេះ បានថ្កោលទោសកម្លាំងប្រដាប់អាវុធ ដែលវាយបង្រ្កាបទៅលើអ្នកភូមិ និងបាញ់សម្លាប់ពលរដ្ឋក្នុងជម្លោះដីធ្លី និងសកម្មជនការពារព្រៃឈើ។

សេចក្តីថ្លែងការណ៏រួមនោះ បានលើកយកករណីបាញ់សម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ការបាញ់សម្លាប់ក្មេងស្រីឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ នៅខេត្តក្រចេះ ការបាញ់ប្រហារកម្មការិនីរោងចក្រនៅខេត្តស្វាយរៀង និងចុងក្រោយការចាប់ស្រ្តីអ្នកភូមិបឹងកក់ដាក់ពន្ធនាគារ ដោយសារជម្លោះដីធ្លី។

សេចក្តីថ្លែងការណ៏នេះ បានហៅការប្រើហិង្សាទាំងនោះថា បានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រា៤១នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាចុះហត្ថលេខា បញ្ជាក់ថា ពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពសម្តែងមតិដោយសេរី។

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាំង១២២នេះ បានទាមទារឲ្យមានការស៊ើបអង្កេតករណីដែលបានកើតទាំងអស់នោះឡើងវិញ ដោយពួកគេមិនបានចាត់ទុកថា ការបាញ់សម្លាប់ពលរដ្ឋកន្លងមក ជាការចៃដន្យ ដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាអះអាងនោះទេ៕


សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

May 31, 2012
 តាំង សារ៉ាដា, RFA, ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ ២០១២

ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលកំពុងកើតមានទៅលើជនស៊ីវិល និងព្រះសង្ឃ។

កម្លាំងសមត្ថកិច្ចចាប់ព្រះកាយព្រះភិក្ខុ លួន សុវ៉ាត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។

ការជំរុញរបស់ក្រុមនេះ ធ្វើឡើងនៅបន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានបង្ក្រាបយ៉ាងហិង្សាទៅលើក្រុមបាតុករក្នុងបញ្ហាដីធ្លី រួមនឹងការចាប់ខ្លួនពលរដ្ឋចំនួន ១៣នាក់ ព្រមទាំងការគំរាមខាងផ្នែកតុលាការទៅលើព្រះសង្ឃពីបទញុះញង់ជាដើម។

សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមត្ថកិច្ចទីក្រុងភ្នំពេញ ដែលបានប្រើហិង្សា និងដាក់លក្ខខណ្ឌទាំងបង្ខំដល់ភិក្ខុ លួន សុវ៉ាត ឲ្យបញ្ឈប់ការឈឺឆ្អាលរបស់ព្រះអង្គទៅលើទុក្ខវេទនារបស់ពលរដ្ឋ ដូចកើតមានចំពោះអ្នកភូមិនៅតំបន់បឹងកក់ និងពលរដ្ឋសហគមន៍បុរីកីឡាជាដើម។

នាយកប្រតិបត្តិនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី លោក វ៉ង កៃស៊ីង (Wong Kaishing) មានប្រសាសន៍ថា កម្ពុជាគួររក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួនតាមរយៈការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ និងបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបហ្វូងបាតុករ ឬការចាប់ក្រុមអ្នកតវ៉ាយ៉ាងហិង្សា ដើម្បីផ្ដន្ទាទោសដោយគ្មានហេតុផល និងមូលដ្ឋានច្បាប់។

លោក កៃស៊ីង មានប្រសាសន៍ថា សម្ពាធដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលកម្ពុជា មកលើពលរដ្ឋរបស់ខ្លួនអាចនាំឲ្យកម្ពុជាបរាជ័យក្នុងការធ្វើជាប្រធានអាស៊ាន និងខូចកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ ក្នុងបរិបទនៃការរំលោភសិទ្ធិមនុស្ស៖ «នេះគឺគំនាបដ៏អាក្រក់របស់រដ្ឋាភិបាលមកលើពលរដ្ឋស្លូតត្រង់។ យើងទាមទារឲ្យរដ្ឋាភិបាលដោះលែងពលរដ្ឋដែលកំពុងជាប់ឃុំឃាំងដោយសារបញ្ហាដីធ្លីទាំងនោះ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ម៉្យាងទៀតអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចាប់ខ្លួនអ្នកដែលគ្រាន់តែបញ្ចេញតាមឆន្ទៈរបស់គេដាក់ពន្ធនាគារនោះឡើយ»។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី រូបនេះ ធ្វើឡើងនៅបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញផ្នែកតុលាការមកលើព្រះតេជព្រះគុណ លួន សុវ៉ាត និងការចាប់ខ្លួនពលរដ្ឋតំបន់បឹងកក់ ១៥នាក់ កាលពីពេលថ្មីៗនេះ។

ក្រុមអ្នកឃ្លាំមើលអំពីការគោរពសិទ្ធិមនុស្សក្នុងស្រុកព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនផ្តល់លទ្ធភាពគ្រប់បែបយ៉ាងឲ្យពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី និងមានដំណោះស្រាយសមរម្យនូវរាល់វិបត្តិទាំងឡាយ ដែលកើតមានក្នុងសង្គមទេ នោះទស្សនវិស័យនៃការអភិវឌ្ឍប្រទេស នឹងមិនអាចមានលក្ខណៈយូរអង្វែងបានឡើយ។

មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្កោលទោសចំពោះសកម្មភាពរបស់អាជ្ញាធរទីក្រុងភ្នំពេញ គ្រប់លំដាប់ថ្នាក់ ដែលបានប្រើសកម្មភាពហិង្សាយ៉ាងកំរោល និងអាក្រក់មើលជាទីបំផុត ក្នុងការចាប់ខ្លួនព្រះតេជព្រះគុណ លួន សុវ៉ាត នៅកណ្ដាលថ្ងៃត្រង់ ក្នុងចំណោមមនុស្សជាសាក្សីរាប់រយនាក់នៅទីសាធារណៈ។

លោក អំ សំអាត ថ្លែងបន្តថា រដ្ឋាភិបាលដែលពោរពេញទៅដោយកងកំលាំងប្រដាប់អាវុធរាប់ម៉ឺននាក់ កំពុងភ័យព្រួយចំពោះសកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ព្រះសង្ឃ និងជនស៊ីវិលស្លូតត្រង់ដៃទទេ ដែលស្រេកឃ្លានការសំដែងមតិ ដែលជាសិទ្ធិពលរដ្ឋស្របច្បាប់របស់ខ្លួនដើម្បីប្រយោជន៍ក្នុងសង្គមកម្ពុជា។

លោកបានទាមទារឲ្យរដ្ឋាភិបាលបន្ថែមការការពារ និងការលើកស្ទួយក្រុមមនុស្សដែលមានឆន្ទៈស្នេហាជាតិ មាតុភូមិទាំងនោះវិញ ទើបជាដំណោះស្រាយសំរាប់ពុទ្ធចក្រ និងអាណាចក្រ។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមិនគាំទ្រចំពោះសកម្មភាពរបស់ព្រះសង្ឃទាំងឡាយណាដែលជ្រៀតជ្រែកទាំងខុសគន្លងធម៌វិន័យ និងទាំងខុសច្បាប់របស់រដ្ឋ ហើយថា ទង្វើបែបនេះអាចនាំទៅដល់ការធ្វើអោយមានអស្ថិរភាពក្នុងសង្គម។

អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចោទថា សកម្មភាពរបស់ព្រះតេជព្រះគុណ លួន សុវ៉ាត ជាសកម្មភាពធ្វើបដិវត្តន៍ ហើយទង្វើបែបនេះផ្ទុយពីគោលការណ៍ព្រះពុទ្ធសាសនាជាតិ។ លោកបន្តថា ព្រះសង្ឃគ្រាន់តែជាទីសក្ការៈសំរាប់ពុទ្ធបរិស័ទប៉ុណ្ណោះ ហើយដែលមិនត្រូវចេញធ្វើសកម្មភាពនយោបាយ បះបោរ តតាំង ដូចកាលពីសម័យអាណានិគមបារាំងនោះឡើយ។

កាលពីថ្ងៃទី២៤ ឧសភា អាជ្ញាធរទីក្រុងភ្នំពេញ បានចាប់ខ្លួន ព្រះព្រះតេជព្រះគុណ លួន សុវ៉ាត នៅមុខតុលាការក្រុងភ្នំពេញ ខណៈព្រះអង្គរួមជាមួយអ្នកតវ៉ាជាច្រើននាក់ទៀត ឈរតវ៉ាដោយសន្តិវិធី អំពាវនាវសុំដោះលែងស្រ្តីរងគ្រោះដោយបញ្ហាដីធ្លីនៅបឹងកក់ ដែលអាជ្ញាធរបានចាប់ខ្លួនចំនួន ១៣នាក់។

សមត្ថកិច្ចចម្រុះ រួមទាំងក្រុមមន្ត្រីសង្ឃជាន់ខ្ពស់បានដាក់កំហិតឲ្យព្រះអង្គឈប់ដឹកនាំបាតុកម្ម កូដកម្ម កុប្បកម្ម ឬសកម្មភាពតវ៉ាជំទាស់គ្រប់រូបភាពដែលបង្កអោយមានការប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បើមិនដូច្នោះទេ នោះព្រះអង្គនឹងប្រឈមចំពោះមុខច្បាប់ដោយគ្មានតវ៉ា ហើយអាចត្រូវចាប់ផ្សឹកចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋ។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) បានសម្ដែងក្តីរន្ធត់ និងសឹងតែមិនជឿនៅពេលលោកបានឃើញខ្សែវីដេអូអំពីការប្រើកំលាំងសមត្ថកិច្ចចាប់ខ្លួនភិក្ខុ លួន សុវ៉ាត។ លោកបញ្ជាក់ថា ព្រះតេជព្រះគុណ លួន សុវ៉ាត មិនបានធ្វើអ្វីផ្ទុយពីច្បាប់នោះឡើយ។

លោក ប្រែត អាដាម៖ «កាលខ្ញុំនៅធ្វើការក្នុងប្រទេសកម្ពុជា ខ្ញុំដឹងថា ប្រជាជនកម្ពុជា មិនដែលរំពឹងថា មានការធ្វើបាប និងធ្វើទុក្ខបុកម្នេញមកលើព្រះសង្ឃដូច្នេះឡើយ។ ខ្ញុំពិតជារន្ធត់ណាស់ដែលរដ្ឋាភិបាលសំរេចចិត្តធ្វើដូច្នេះ។ ខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាខ្លាចមនុស្សដែលអាចនិយាយប្រាប់មនុស្សផ្សេងទៀតអំពីអ្វីដែលពិតជាបានកើតឡើងមែននោះ។ បញ្ហានេះវាគ្មានហេតុផលអ្វីដែលត្រូវចាប់ខ្លួនព្រះអង្គនោះឡើយ»

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ព្រះសង្ឃមានសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមប្រជុំដូចពលរដ្ឋទូទៅ ហើយថា ប្រសិនបើរដ្ឋាភិបាលមិនឲ្យព្រះសង្ឃចូលរួមក្នុងឆាកនយោបាយនោះ គេក៏ត្រូវហាមដល់សម្ដេចសង្ឃរាជទាំងឡាយ មិនត្រូវចូលរួមគណបក្សកាន់អំណាចនោះដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍បន្តថា សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមប្រជុំរបស់ពលរដ្ឋ ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ ហើយសំរាប់សកម្មភាពរបស់ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះអង្គគ្រាន់តែចូលរួមតស៊ូមតិជាមួយពលរដ្ឋ ដើម្បីពលរដ្ឋ ហើយដែលមិនបានធ្វើនយោបាយអ្វីនោះឡើយ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានទទូចឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញថា ហេតុអ្វីបានជាមានពលរដ្ឋក្រោកឈរតវ៉ា ឬមួយអាជ្ញាធរមិនអនុវត្តច្បាប់របស់ខ្លួនអោយបានត្រឹមត្រូវ ដែលបណ្ដាលឲ្យមានការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ ឬយ៉ាងណា?


ក្រុមអ្នកតវ៉ាទាមទាឲ្យដោះលែងអ្នកជាប់……

May 29, 2012

ឃី សុវឌ្ឃី, The Cambodia Daily, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១២


Follow

Get every new post delivered to your Inbox.

Join 471 other followers