អ្នក​បូរី​កីឡា​និង​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ា​ឱ្យ​ដោះលែង​​អ្នក​តវ៉ា​មុនៗ

ហេង រស្មី ,វីអូអេ ខ្មែរ,ថ្ងៃពុធ ទី០១ ខែកុម្ភៈ  ឆ្នូ២០១២

សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ នៅថ្ងៃពុធនេះថា យ៉ាងតិចមានប្រជាពលរដ្ឋអតីតតំបន់បុរីកីឡា និងតំបន់បឹងកក់ចំនួនប្រាំមួយនាក់ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ និងមន្ត្រីប៉ូលិសបានចាប់ខ្លួនភ្លាមៗ រួចហើយបានយកទៅឃុំឃាំងនៅស្នងការប៉ូលិសក្រុងភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅពីមុខសាលាក្រុងភ្នំពេញ។

ប្រជាពលរដ្ឋដែលត្រូវគេចាប់ខ្លះបានស្រែកទ្រហ៊ោថា៖«បងប្អូនអើយ គេចាប់ទៀតហើយ!!!»។បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ការចាប់ខ្លួនបានកើតមានឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានឈរស្រែក តវ៉ានៅពីមុខសាលាក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋ អតីតតំបន់កីឡាចំនួនប្រាំបីនាក់ ដែលបានចាប់ខ្លួនកាលពីដើមខែមករា។ក្រុមអ្នកតវ៉ាមួយចំនួនដែលភាគច្រើនជាស្ត្រី បានដោះអាវ នឹងស្រាតខោ ដើម្បីប្រឆាំងជំទាស់ទៅនឹងមន្ត្រីមានសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ។ក្រុមមន្ត្រីប៉ូលិសប្រដាប់ដោយខែល និងដំបងឆក់ជាច្រើនរាប់រយនាក់បានមកបំបែកការតវ៉ារបស់ក្រុមអ្នក ស្រុកក៏ប៉ុន្តែប្រជាពលរដ្ឋបានតបតទៅវិញ ដោយគប់ដបទឹកសុទ្ធ នឹងយកសម្លៀកបំពាក់មកវាយតបនឹងសមត្ថកិច្ច។ពួកគេបានស្រែកដាក់ក្រុមសមត្ថកិច្ចទាំងនោះថា៖«មិនចេះខ្មាសគេទេ! មករករឿងប្រជាជន ទាំងរបាំងការពារទៀត ចំណែកឯប្រជាជនដៃទទេសុទ្ធសាធ»។ការប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតរវាងអ្នកភូមិបុរីកីឡាជាមួយ នឹងសមត្ថកិច្ចដោយមានការចូលរួមពីអ្នកភូមិបឹងកក់ផងនោះ ពុំមានរបាយការណ៍ណាមួយបង្ហាញពីអ្នករងរបួសទេ។ ក៏ប៉ុន្តែមានភូមិបុរីកីឡាចំនួន៥នាក់ និងអ្នកភូមិបឹងកក់ម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន។លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធមនុស្សលីកាដូបានហៅការ ចាប់ខ្លួននេះគឺជារំលោភសិទ្ធិមនុស្ស និងមិនមែនជាដំណោះស្រាយទេ។«រាជរដ្ឋាភិបាលលោកគួរតែរកដំណោះស្រាយមួយដ៏ល្អ ដើម្បីបង្ហាញដល់អន្តរជាតិក៏ដូចជាអាស៊ានថារដ្ឋាភិបាលយើង កំពុងតែមានចំណាត់ការល្អទាក់ទងទៅនឹងវិស័យសិទ្ធិមនុស្សនេះ»។លោក កើត ឆែ នាយករដ្ឋបាលសាលាក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយណាមួយ ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកដែលបានសាកសួរអំពីមូលហេតុនៃការ ចាប់ខ្លួនប្រជាពលរដ្ឋទេ ដោយលោកគ្រាន់តែបញ្ជាក់តាមសំឡេងដើមថា៖ «ថាអ្នកឯងឃើញគេធ្វើអីហ្នឹង! គេធ្វើយ៉ាងម៉េច អ្នកឯងមើលតាមហ្នឹងទៅ។ គេចាប់យកទៅណាដឹងតាមហ្នឹងទៅ វិនិច្ឆ័យអីញ្ចឹងទៅ! លោកឯងឃើញគេធ្វើអីអត់? លោកឯងមានភ្នែកដែរ ខ្ញុំមានភ្នែកដែរ! ឃើញថាម៉េច និយាយអញ្ចឹងទៅ!»។ក្រុមអតីតអ្នករស់នៅតំបន់បុរីកីឡាប្រមាណជាង១០០នាក់ បានមកដាក់ញត្តិសារជាថ្មីដល់សាលាក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋចំនួន៨នាក់ ដែលបានចាប់ខ្លួនកន្លងទៅនេះ។ប្រជាពលរដ្ឋបាននិយាយថា ញត្តិដែលបានដាក់ជូនទៅសាលាក្រុងកាលពីលើកមុន មិនមានការឆ្លើយតប និងអើពើពីមន្ត្រីសាលាក្រុងភ្នំពេញទេ។ពួកគេបានស្រែកអំពាវនាវដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឱ្យធ្វើអន្តរាគមន៍ក្នុងរឿងនេះ៖«សព្វថ្ងៃហ្នឹងពួកខ្ញុំវេទនាណាស់! គ្មានទីជម្រកអីទាំងអស់! មានតែម្រាមដៃដប់ សូមអំពាវនាវឲ្យសម្តេចជួយ»។កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ អ្នកភូមិបុរីកីឡា ត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញដោយបង្ខំលាយឡំជាមួយនឹងការ ប្រើប្រាស់អំពើហិង្សាយ៉ាងបំពាបំពាន។ ហើយក្រោយមកយ៉ាងតិចមានប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានរាយការណ៍មកថា ត្រូវបានចាប់យកទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េស្ស៊ី ក្រោមបទចោទប្រកាន់ថាជាប់ពាក់ព័ន្ធ និងការប្រើប្រាស់អំពើហិង្សា និងប្រឆាំងអ្នករាជការសាធារណៈ។អ្នកភូមិបុរីកីឡា ក្រោយពីរងការបណ្តេញចេញដោយបង្ខំមានមួយចំនួនគ្មានទីជម្រក និងមួយចំនួនទៀតត្រូវបានដឹកជញ្ជូនយកទៅរស់នៅតំបន់ភ្នំបាតនៅ ក្នុងស្រុកពញាឮ ខេត្តកណ្តាល និងតំបន់ទួលសម្បូរណ៍ ក្នុងខណ្ឌដង្កោ ជាយក្រុងភ្នំពេញ៕
Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.