បាក់​ទំនប់​នៅ​តំបន់​បឹង​កក់ លិច​ផ្ទះ​ពល​រដ្ឋ​ជាង​៤០​ខ្នង

អ៊ុក សាវបូរី,វិទ្យុអាស៊ីសេរី, ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១២

ទំនប់ទឹកដែលក្រុមហ៊ុនស៊ូកាគូ ទប់ដើម្បីបូមខ្សាច់លប់តំបន់បឹងកក់ ស្ថិតក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបាក់ជាថ្មីទៀត ទំហ៊ុំប្រមាណ ១០ម៉ែត្រ នៅម៉ោងជាង ៣រសៀល ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១២។

ការបាក់ទំនប់ទឹកនៅតំបន់នោះ បណ្ដាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅ និងខូចខាតសម្ភារៈរបស់សហគមន៍ជាច្រើន។

តំណាងប្រជាសហគមន៍ អ្នកស្រី ទេព វន្នី ថ្លែងថា ផ្ទះនៅភូមិ២២ បានលិចប្រមាណ ៤០ខ្នង។

ស្រ្តីភូមិ២២ មួយរូបទៀត បន្ថែមថា ម៉ាស៊ីនដេរច្រើនគ្រឿង ដែលសប្បុរសជនផ្ដល់ឲ្យសហគមន៍បឹងកក់ដេរកាបូប និងសំលៀកបំពាក់សម្រាប់លក់យកកម្រៃ ត្រូវទឹកស្អុយធ្លាយចេញពីទំនប់នោះមកពន្លិចខូចខាតទាំងស្រុង។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងក្រុមហ៊ុនស៊ូកាគូជម្រាបសួរព័ត៌មានបានភ្លាមៗទេ។ ទោះជាយ៉ាងណា មានអាជ្ញាធរខណ្ឌដូនពេញបានចុះទៅមើលការធ្លាយទំនប់នោះ តែមិនទាន់មានវិធានការដោះស្រាយនៅឡើយ។

អ្នកស្រី ទេព វន្នី បន្ថែមថា ការធ្លាយទំនប់ទឹករបស់ក្រុមហ៊ុនស៊ូកាគូ ពន្លិចផ្ទះអ្នកភូមិបឹងកក់នេះ មានច្រើនលើកមកហើយ ប៉ុន្តែពុំដែលឃើញក្រុមហ៊ុនមកសាកសួរ ឬផ្ដល់សំណងចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋវិញឡើយ៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.