អ្នកភូមិ​បឹងកក់​ខឹងសម្បា​រឿង​ក្រុមហ៊ុន​ធ្វើឲ្យលិចផ្ទះ​ពួកគាត់

ឃុត សុភចរិយា, ភ្នំពេញប៉ុស្តិ៍, ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១២

ភ្នំពេញ: អ្នកភូមិបឹងកក់ កាលពីម្សិលមិញបានបង្ហាញនូវការខឹងសម្បាជាខ្លាំងដោយសារទឹកស្អុយ កាកសំណល់ និងល្បាប់ភក់ពណ៌ខ្មៅ ហូរជនលិចចូលពេញក្នុងលំនៅដ្ឋានរបស់ពួកគេពីរថ្ងៃជាប់គ្នានៅក្នុងភូមិ ២៤ និងភូមិ ២២។អ្នកស្រី ឆេង លាភ អាយុ៤៥ ឆ្នាំ អ្នកភូមិ ២២បាននិយាយទាំងទឹក
ភ្នែករលីងរលោងថា ពេលត្រឡប់មកពីលក់ចេកចៀនវិញទឹក និងភក់ដែលលាយឡំនឹងកាកសំណល់ផ្ទះបាយ បានលិចចូលពេញក្នុងផ្ទះរបស់គាត់ ហើយការុងអង្ករបានលិចក្នុងភក់អស់គ្មានសល់។
អ្នកស្រី ថ្លែងថា៖ «ខ្ញុំក្រីក្រមែន តែខ្ញុំមិនដែលឲ្យរដ្ឋាភិបាលពិបាកនោះទេ ដូច្នេះសូមអាជ្ញាធររដ្ឋាភិបាល ពិនិត្យមើលក្រុមហ៊ុនកុំឲ្យបង្កការលំបាកដល់យើងខ្ញុំ»។

ការលិចលង់នេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកក្រវាត់ការពារភូមិបានបាក់ ហើយទឹកនឹងខ្សាច់បានហូរ ចាក់យ៉ាងគំហុក ចូលទៅក្នុងផ្ទះរបស់អ្នកភូមិមួយចំនួន ដែលធ្វើឲ្យខូចខាត សម្ភារទ្រព្យសម្បត្តិ និង ស្បៀង អាហារមួយចំនួនរបស់ពួកគាត់។ទឹកបានហូរជនលិចចូលពេញក្នុងលំនៅដ្ឋានចំនួន៦ និង រោងសិប្បកម្មកាត់ដេរតូចមួយ របស់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលស្ថិតនៅភូមិ២២ កាលពីម្សិលមិញ និងផ្ទះមួយចំនួនទៀតនៅក្នុងភូមិ២៤កាលពីថ្ងៃអង្គារ។
លោកហែម រទ្ធី អនុប្រធានរដ្ឋបាលសាលាខណ្ឌដូនពេញ ថា លោកបានទទួលការណែនាំពី ឲ្យស្រង់ស្ថិតិនៃការខូចខាតទ្រព្យសម្បតិ្តរបស់អ្នកភូមិ ដែលរងការលិចលង់ ដើម្បីឲ្យក្រុមហ៊ុន[ស៊ូកាគូអ៊ីន] ទូទាត់សំណង ។
លោកណឹប លី ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានថា ការលិចលង់នឹងនៅបន្តបើអាជ្ញាធរមិនគិតគូរពីប្រព័ន្ធលូ៕

Advertisements
This entry was posted in Uncategorized and tagged , , . Bookmark the permalink.