អាជ្ញាធរ​បន្តផ្តល់ប័ណ្ណដី តែ​អ្នកបឹងកក់​នៅតែ​តាំងចិត្តតវ៉ា

ឃុត សុភចរិយា, ភ្នំពេញប៉ុសិ៍្ត, ថៃ្ង អង្គារ ទី ២១ កុម្ភៈ ២០១២


ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ កាលពីម្សិលមិញ បានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់អ្នកភូមិ ២២ក្នុងតំបន់បឹងកក់ចំនួន ៤៦ គ្រួសារថែមទៀតប៉ុន្តែអ្នកភូមិនៅតែប្តេជ្ញាថាពួកគេនឹងនៅតែបន្តធ្វើការតវ៉ា
ទាល់តែប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងផលប៉ះពាល់ បានទទួលប័ណ្ណកម្មសិទ្ធិទាំងអស់គ្នាទៅ
តាមចំណែកដីដែលលោកនាយករដ្ឋមន្ត្រីបានផ្តល់ឲ្យ។
លោកស្រី អ៊ិន សាផន ចៅសង្កាត់រង សង្កាត់ស្រះចក បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា តាមគម្រោងនៃការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋនៅភូមិ ២២ ជាលើកទី ២ នេះ មានចំនួន ៤៧ គ្រួសារ ប៉ុន្តែគ្រួសារមួយ មានជម្លោះប្ដី ប្រពន្ធ ហើយបានប្តឹងប្តល់គ្នា ទៅដល់តុលាការ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់ចប់នៅឡើយ នោះអាជ្ញាធរ បានសម្រេចរក្សាប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ទុក រហូតដល់មានការសម្រេចពីតុលាការ ។
លោកស្រីបានថ្លែងថា៖«បើតុលាការ សម្រេចសេចក្ដីឲ្យភាគីណាមួយ[ប្ដី ឬ ប្រពន្ធ] ជាអ្នកឈ្នះ នោះយើងនឹងផ្ដល់ប័ណ្ណនោះដល់ភាគីដែលឈ្នះក្ដី ព្រោះនៅពេលនេះ យើងគ្មានសិទ្ធិសម្រេចទេ»
យោងតាមការអះអាង ពីតំណាងពលរដ្ឋ ក្នុងភូមិ ២២ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ពលរដ្ឋក្នុងភូមិ ២២ សរុបមានចំនួន១៩៤ គ្រួសារ ដោយបូករួមពលរដ្ឋ ២៨ គ្រួសារ ដែលត្រូវបានអាជ្ញាធរ កាត់ចេញពីគម្រាងទទួលបានប្លង់កម្មសិទ្ធិ លើដីទំហំ១២,៤៤ ហិកតា ដែលផ្ដល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ ២០១១។
គិតមកទល់ពេលនេះ ពលរដ្ឋនៅក្នុងភូមិនេះ មានចំនួនតែ ៧៣ គ្រួសារប៉ុណ្ណោះ ដែល បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធរប៉ុន្តែក្រុមអ្នកភូមិ ទាំងអ្នកដែលមិនមានឈ្មោះក្នុងការទទួលបានកម្មសិទ្ធិដីធ្លី និងអ្នកដែលទទួលបានប័ណ្ណកម្មសិទ្ធិរួចហើយ នៅតែតាំងចិត្តថា ពួកគេនឹងនៅតែបន្តធ្វើការតវ៉ាជាបន្តទៅទៀត ដើម្បីទាមទារ ឲ្យអាជ្ញាធរបោះបង្គោលព្រំប្រទល់កំណត់ទីតាំងដីទំហំ ១២,៤៤ ហិកតា ឲ្យបានច្បាស់លាស់ រៀបចំបណ្ដាញបង្ហូរទឹក និងផ្ដល់ប័ណ្ណកម្មសិទ្ធិទៅដល់គ្រួសារពលរដ្ឋផ្សេងទៀត ដែលត្រូវបានកាត់ចេញពីទីតាំងដី ១២,៤៤ ហិកតា ផងដែរ។
អ្នកស្រីទេព វន្នី ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធរកាលពីព្រឹកម្សិលមិញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«យើងពិតជារីករាយ ប៉ុន្តែយើងនៅមិនទាន់ប្រាកដទេថា តើយើងទាំងអស់គ្នា អាចរួចផុតពីការបណ្ដេញចេញជាលើកទី ២ ឬយ៉ាងណា ខណៈទីតាំងដី ១២,៤៤ ហិកតា នៅមិនទាន់បានកំណត់ព្រំប្រទល់ច្បាស់លាស់នៅឡើយ»។
អ្នកភូមិ ២២ ម្នាក់ទៀត អ្នកស្រីប៊ូ ឆវី អាយុ ៣៨ ឆ្នាំ បាននិយាយទាំងទឹកមុខញញឹមញញែមថា គាត់បានទន្ទឹងរង់ចាំ អស់រយៈពេល៥ ឆ្នាំហើយ ចាប់តាំងពីមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់បឹងកក់។ អ្នកស្រីថ្លែងថា៖«តែទោះជាបែបណា ក្ដីបារម្ភនៅតែកើតមាន ចំពោះយើងខ្ញុំ ព្រោះពេលនេះ ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងភូមិដ្ឋានរបស់យើង បានកកស្ទះទាំងស្រុង ហើយគ្រប់ពេលដែលមានភ្លៀងធ្លាក់ខ្លាំង យើងទាំងអស់គ្នាក្នុងតំបន់បឹងកក់ តែងតែលិចលង់យ៉ាងខ្លាំង»៕

Advertisements
This entry was posted in Uncategorized. Bookmark the permalink.