អ្នក​ភូមិ​បឹង​កក់​ដាក់​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​ស្នើ​សុំ​អន្តរាគមន៍

ខែ សុណង,វិទ្យុ អាស៊ី សេរី ,ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ មិនា ឆ្នាំ ២០១២

ប្រជាពលរដ្ឋសហគមន៍ ៣៤៧ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៧ មីនា ឆ្នាំ២០១២ បាននាំគ្នាដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងគណបក្សមួយចំនួនឲ្យជួយអន្តរាគមន៍។

ញត្តិនោះសុំឲ្យអ្នកដឹកនាំនិងគណបក្សនយោបាយជួយប្រាប់ទៅអាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់បណ្ដេញប្រជាពលរដ្ឋពីផ្ទះសម្បែងដែលកំពុងរស់នៅសព្វថ្ងៃ ហើយផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យពួកគេ។

ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដាក់ញត្តិទាំងនោះ លោកស្រី ឯក ម៉ាលីនណា បានថ្លែងថា ពលរដ្ឋចំនួន ១៤គ្រួសារ ដែលមានសមាជិកជិត ៨០នាក់ កំពុងប្រឈមមុខនឹងការបាត់បង់លំនៅឋាន។

ស្ត្រីរូបនេះបន្តថា ពួកគាត់រស់នៅក្នុងសហគមន៍នេះ ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ត្រឹមត្រូវ ព្រោះពួកគាត់មានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណបោះឆ្នោត និងវិក្កយបត្រទឹកភ្លើងជាដើម៖ «ស្នើសុំឲ្យសម្ដេច ជា ស៊ីម គណបក្សប្រជាជន គណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ក៏ខ្ញុំជម្រាបជូនអ៊ីចឹងដូចគ្នា ដោះស្រាយចំពោះការបណ្ដេញយើងខ្ញុំចេញពីលំនៅឋានពីសំណាក់អាជ្ញាធរមូលដ្ឋានឲ្យពួកខ្ញុំមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដោយយល់ពួកខ្ញុំបានមកនៅនេះតាំងពីឆ្នាំ១៩៩០»

ក្នុងលិខិតដែលពលរដ្ឋសហគមន៍៣៤៧ បានផ្ញើជូនវិទ្យុអាស៊ីសេរីកន្លងមក បានឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០០៧ មានលោកប្រធានភូមិ៣ ចៅសង្កាត់បឹងកក់១ និងអភិបាលខណ្ឌទួលគោក បានចុះមកថតរូប និងយកក្រដាសកិច្ចសន្យាមកឲ្យផ្ដិតមេដៃ ដោយអះអាងថា ការផ្ដិតមេដៃនោះ គឺជាគម្រោងអភិវឌ្ឍន៍ផ្លូវរបស់សាលារាជធានីភ្នំពេញ។ ប៉ុន្តែឯកសារនោះបែរទៅជាសំណើសុំរុះរើផ្ទះដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋទៅវិញ។

បន្ទាប់មកពួកគាត់បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជាសាលារាជធានីភ្នំពេញ សភាជាតិ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃជាដើម ប៉ុន្តែពុំមានដំណោះស្រាយឡើយរហូតមកដល់ពេលនេះ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.