ស្ត្រី​អ្នក​តវ៉ា​រឿង​ដី​ធ្លី​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី

សុ ជីវី,វិទ្យុ អាស៊ី សេរី,ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិនា ឆ្នាំ ២០១២

ស្ត្រីជាប្រជាសហគមន៍រងគ្រោះដោយការរំលោភដីធ្លីប្រមាណ ៤០០នាក់ បានដើរក្បួនអបអរខួបលើកទី១០១ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។

ស្ត្រីប្រជាសហគមន៍រងគ្រោះដោយការរំលោភដីធ្លី ដើរដង្ហែក្បួននៅលើដងវិថីមួយ នារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរបញ្ឈប់ហិង្សាមកលើស្ត្រី ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១២។

ពួកគេមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍៣៤៧។ ពួកគេស្រែកទាមទារអោយអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រីក្នុងការតវ៉ាក្នុងរឿងជម្លោះដីធ្លី។

ក្រុមស្ត្រីនៃសហគមន៍ដែលកំពុងមានជម្លោះដីធ្លីនៅកណ្ដាលរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាក្នុងតំបន់បឹងកក់ នៅព្រឹកព្រលឹម ថ្ងៃទី៨ ខែមីនា។ ពួកគេតែងខ្លួនស្រស់ស្អាត ដោយស្លៀកសម្លៀកបំពាក់ប្រពៃណី លើកបដាជាច្រើន ដែលនិយាយដល់ការទាមទារសិទ្ធិជានារី ជាពិសេសបានផ្ញើសារទៅកាន់អាជ្ញាធរអោយបញ្ឈប់ការវាយធ្វើបាបលើនារីដែលចេញតវ៉ាការពារផ្ទះសម្បែង។

ដោយចេញដំណើរពីភូមិ២៤ នៃតំបន់បឹងកក់ ក្បួនដង្ហែបានឆ្លងកាត់វិថីមួយចំនួន ឆ្លងកាត់ខាងមុខសាលារាជធានីភ្នំពេញ ឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតប្រទេសបារាំង។

ក្នុងពេលដើរហែក្បួន មានការរុញច្រានគ្នាមួយបានកើតឡើងរវាងអាជ្ញាធរ និងក្រុមប្រជាសហគមន៍។ អាជ្ញាធរបានព្យាយាមរារាំងមិនអោយក្បួនដង្ហែធ្វើដំណើរតាមមហាវិថីព្រះនរោត្តមនោះទេ។

ក្បួនបានត្រឡប់ចូលដល់តំបន់បឹងកក់វិញ នៅម៉ោង ១០ព្រឹក។ នៅទីនោះពួកគេបានថ្លែងពីទុក្ខលំបាកដែលកើតឡើងដោយសារការបាត់បង់ផ្ទះសម្បែងដីធ្លី។

តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានលើកឡើងថា កន្លងមកស្ត្រីដែលបានចេញតវ៉ាក្នុងទាមទារសិទ្ធិលំនៅឋាន តែងទទួលនូវការធ្វើបាបពីសំណាក់ក្រុមអាជ្ញាធរ។ អ្នកស្រីបន្តថា សកម្មភាពទាំងនោះសអោយឃើញថា អាជ្ញាធរសមត្ថកិច្ចមិនបានគោរពសិទ្ធិស្ត្រីឡើយ។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី លើកឡើងដែរថា ស្រ្តីនៅក្នុងសហគមន៍នេះក៏ទទួលនូវការធ្វើបាបជាច្រើនលើកច្រើនសាពីសំណាក់អាជ្ញាធរក្រុង នៅពេលពួកគេចេញតវ៉ាទាមទារសំណងចំពោះការឈូសឆាយបំផ្លាញផ្ទះសម្បែង។

លោក អំ អាត មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ។ លោកមានប្រសាសន៍ថា ប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញថា ស្តី្រភាគច្រើនចេញមុខតវ៉ាជាមួយអាជ្ញាធរ ក្នុងការស្វែងរកសិទ្ធិរស់នៅស្របច្បាប់ក្នុងសហគមន៍របស់គេ។ ប៉ុន្តែការតវ៉ានោះពេលខ្លះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ឬខ្លះទៀតត្រូវទទួលរងការបង្ក្រាបយ៉ាងហិង្សា។

លោកអំពាវនាវអោយរដ្ឋាភិបាលចាត់វិធានការអោយមានប្រសិទ្ធភាព ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីឲ្យបាន ខណៈដែលកម្ពុជា កំពុងដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០១២នេះ។

សម្រាប់តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី វិញ បានអំពាវនាវអោយបណ្ដាថ្នាក់ដឹកនាំជាស្ត្រីអោយចាប់ផ្ដើមក្រឡេកមើលការលំបាករបស់ស្ត្រីក្នុងសហគមន៍ដែលត្រូវគេរំលោភបំពានសិទ្ធិ។

វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីក្រសួងកិច្ចការនារី អោយឆ្លើយតបនឹងការលើកឡើងរបស់តំណាងអ្នកភូមិបឹងកក់ នេះបានទេ។

បើទោះជាមានការបង្ក្រាបដោយហិង្សា និងពុំមានការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីពាក់ព័ន្ធ ក៏គេសង្កេតឃើញថា ស្រ្តីបានចូលរួមកាន់តែច្រើននៅក្នុងការតវ៉ា ចំពោះការរំលោភសិទ្ធិសេរីភាព។

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានសិទ្ធិលំនៅឋាន មានប្រសាសន៍ថា ការបណ្តេញចេញធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរជាងគេទៅលើស្រ្តី។ លោកបន្តថា ការចូលរួមរបស់ស្រ្តីជាផ្នែកដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ។

របាយការណ៍ឆ្នាំ២០១១ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញថា ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន គឺបញ្ហារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកត្តានេះបានជំរុញឲ្យមានការតវ៉ាកាន់តែកើនច្រើនឡើងរបស់ប្រជាពលរដ្ឋភាគច្រើនជាស្ត្រីភេទ និងសហគមន៍របស់គេ ដូចជានៅតំបន់បឹងកក់ និងបុរីកីឡាជាដើម៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.