សាលារាជធានី ភ្នំពេញ យល់ព្រម តាមការស្នើសុំ ទាំង៤ចំណុច របស់អ្នកភូមិបឹងកក់

សេង ផល្លាភ,ដើមអំពិល , ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ មិនា ឆ្នាំ ២០១២

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ម្សិលមិញនេះ ក្រុមប្រជាពលរដ្ឋ នៅភូមិបឹងកក់ ជាង៥០នាក់ បាននាំគ្នាយកសំណើ ៤ចំណុចមកសាលា រាជធានីភ្នំពេញ ដើម្បីលើកសំណូមពរ ដល់អាជ្ញាធរ រាជធានី ភ្នំពេញ។ដើម្បីថែរក្សាសណ្តាប់ ធ្នាប់សាធារណៈនោះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យតំណាង ប្រជាពលរដ្ឋចំនួន ២១នាក់ យកសំណើ មកពិភាក្សាជាមួយ លោក លី សាវេត នាយករដ្ឋបាល សាលារាជធានី ភ្នំពេញ។

យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ បានឲ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលជាងមួយម៉ោង បានបញ្ចប់ទៅដោយមានការយោគយល់ អធ្យាស្រ័យគ្នារវាងប្រជាពលរដ្ឋ និងសាលារាជធានីភ្នំពេញរួចមក ភាគីទាំងពីរបានឯកភាពចំពោះសំណូមពរ ទាំង៤ចំណុច របស់បងប្អូនក្រុមប្រជាពលរដ្ឋ ដែលមានដូចជា៖ ទី១.សំណើសុំធ្វើប្រព័ន្ធលូ ដើម្បីបញ្ចៀស ការលិចផ្ទះនៅតំបន់បឹងកក់។សាលារាជធានីភ្នំពេញបានឯកភាពរួចហើយ ព្រមទាំងបានឆ្លើយតបតាមរយៈ លិខិតលេខ ២៤៥ ឆត.រក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ជូនប្រជាពលរដ្ឋតំបន់បឹងកក់ដែលមាន លោកស្រី លី មុំ ជាតំណាង ដោយចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន សិក្សាជាបន្ទាន់ និងចាប់ដំណើរការអនុវត្តជា ជំហានៗនៅពេលខាងមុខ។ទី២.សំណើសុំបោះបង្គោលកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ហិកតា ដែលរាជ រដ្ឋាភិបាលធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដោយសាលារាជធានីភ្នំពេញនឹងចាប់អនុវត្ត ក្រោយការ ផ្តល់ប័ណ្ណកម្មសិទ្ធិនិងដោះស្រាយបណ្តឹងពាក់ព័ន្ធផ្សេងៗជូនប្រជាពលរដ្ឋចប់សព្វគ្រប់។ទី៣.សំណើសុំផ្តល់ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៥៨គ្រួសារ ស្ថិតក្នុងដីរបស់ក្រុមហ៊ុន ត្រូវធ្វើការអភិវឌ្ឍនោះ ហួសពី សមត្ថកិច្ចដែលសាលារាជធានីភ្នំពេញអាចដោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋអាចផ្តល់ជម្រើសបន្ថែមផ្សេងទៀត ដើម្បីងាយស្រួយពិចារណាដោះស្រាយជូន។

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវរថភ្លើង គឺកំពុងស្ថិតនៅក្នុងសមត្ថកិច្ចដោះស្រាយ របស់គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ ពីការស្ថាបនា ផ្លូវ។ទី៤.ចំពោះសំណើសុំដក ពាក្យបណ្តឹង ប្រជាពលរដ្ឋ៤រូប ដែលត្រូវបានសម្រេចឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការនោះ សាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនទេ ព្រោះបច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ច របស់ស្ថាប័នតុលាការ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.