អ្នកបឹងកក់​ទៅសុំ​ឲ្យក្រុង​ទទួលយក​៥៨​គ្រួសារ​ក្នុងដី​អនុក្រឹត្យ

គឹម យុទ្ធណា, ភ្នំពេញប៉ុស្តិ៍, ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ មិនា ឆ្នាំ ២០១២


ភ្នំពេញៈ ប្រជាពលរដ្ឋតំបន់បឹងកក់ជាង៧០នាក់ កាលពីព្រឹកម្សិលមិញ បានលើកគ្នាទៅសាលារាជធានីភ្នំពេញ ស្នើឲ្យដាក់បញ្ចូលពលរដ្ឋចំនួន៥៨គ្រួសារ ទៅក្នុងចំណែកដីជាង១២ហិកតា តាមអនុក្រឹត្យរដ្ឋាភិបាលនិងសុំប្លង់កម្មសិទ្ធិលើដីនោះផង។
ក្រុមអ្នកតវ៉ាអះអាងថាក្រោយពីរដ្ឋាភិបាលកាត់ដី១២,៤៤ហិកតាឲ្យប្រជាពលរដ្ឋដែលតស៊ូរស់នៅតំបន់បឹងកក់ បានបង្កឲ្យមានភាពរញ៉េរញ៉ៃនិងមិនច្បាស់នៅក្នុងការទទួលបានប្លង់ដីក្នុងអនុក្រឹត្យនេះដោយគ្រួសារ
ខ្លះបាន ខ្លះមិនបាន បើទោះជាគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវក៏ដោយ។
អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋដែលមកតវ៉ា បានប្រាប់ឲ្យដឹងថា អ្នកបឹងកក់ចំនួន ៥៨គ្រួសារ នៅមិនទាន់បានប្លង់កម្មសិទ្ធិនៅក្នុងទំហំដីជាង១២ហិកតានេះនៅឡើយ ហើយថា ពលរដ្ឋក៏មិនដឹងច្បាស់ថា តើព្រំដីក្នុងអនុក្រឹត្យសិ្ថតនៅទីណាដែរ?អ្នកស្រីបន្តថា៖«គោលបំណងការតវ៉ារបស់យើង គឺចង់ឲ្យអ្នកបឹងកក់នៅសេសសល់ និងមានឯកសារគ្រប់គ្រាន់ទទួលបានប្លង់កម្មសិទ្ធិ ដូចអ្នកភូមិឯទៀតដែរ។ យើងមិនចង់ឃើញគ្រួសារអ្នកនៅ បឹងកក់ត្រូវគេបោះបង់នោះទេ»។
អ្នកស្រី ទេព វន្នី តំណាងមួយរូបទៀតថ្លែងថាទាំងអ្នកដែលមិនមានឈ្មោះក្នុងការទទួលបានកម្មសិទ្ធិដីនិង
អ្នកដែលបានប័ណ្ណកម្មសិទ្ធិរួចហើយ នៅតែតាំងចិត្តថា ធ្វើការតវ៉ាជាបន្តទៅទៀត ដើម្បីទាមទារឲ្យអាជ្ញាធរបោះបង្គោលព្រំប្រទល់កំណត់ទីតាំងដី១២,៤៤ ហិកតា ឲ្យបានច្បាស់ រៀបចំបណ្ដាញបង្ហូរទឹក និងផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យគ្រួសារដែលត្រូវបានកាត់ចេញពីទីតាំងនេះផងដែរ។
អ្នកស្រី ទេព វន្នី ប្រាប់ឲ្យដឹងថា មកដល់ពេលនេះមានអ្នកភូមិបឹងកក់ ៦៣១គ្រួសារ បានទទួលប្លង់កម្មសិទ្ធិ ក្នុងចំនួន ៧៩៤គ្រួសារ ដែលមានសិទ្ធិរស់នៅលើដីក្នុងអនុក្រឹត្យជាង១២ហិកតានោះ។
ឆ្លើយតបនឹងការតវ៉ារបស់អ្នកភូមិបឹងកក់ម្សិលមិញមន្ត្រីសាលារាជធានីបានអនុញ្ញាតឲ្យអ្នកតំណាង ពលរដ្ឋ១៩រូប ចូលជួបពិភាក្សាដំណោះស្រាយ។ ក្រោយពីជំនួបគ្នានោះអ្នកស្រី ទេព វន្នី បានប្រាប់ថា សាលាក្រុងសន្យាថានឹងផ្ដល់ដំណឹងនៅសប្ដាហ៍ក្រោយ។លោក លី សាវេត នាយករដ្ឋបាលសាលារាជធានីថា លោកបានប្រាប់អ្នកភូមិឲ្យឈប់ធ្វើការតវ៉ា ដោយបានសន្យាថា នឹងដោះស្រាយឲ្យបានឆាប់។ លោកថាក្រុមការងារបចេ្ចកទេសនឹងចុះទៅពិនិត្យមើលទីតាំង ដើម្បីធ្វើប្រព័ន្ធផ្លូវ និងលូបង្ហូរទឹក៕

Advertisements
This entry was posted in Uncategorized. Bookmark the permalink.