អ្នក​មិន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅ​តំបន់​បឹង​កក់​តវ៉ា​ចំពោះ​អ្នកស្រី លី មុំ

អ៊ុក សាវបូរី,វិទ្យុអាស៊ីសេរី, ថ្ងៃ ពុធ ទី ២១ ខែ មិនា ឆ្នាំ ២០១២

បន្ទាប់ពីមានការអះអាង ក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយអ្នកស្រី លី មុំ កាលពីថ្ងៃទី១៩ ខែមីនា ថាពលរដ្ឋបឹងកក់ចំនួន ៧៩៤គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិនោះ បានធ្វើឲ្យពលរដ្ឋច្រើនភូមិនៅតំបន់បឹងកក់ ដែលមិនបានទទួលប័ណ្ណកម្មសិទ្ធិ បានតវ៉ាកាលពីរសៀលថ្ងៃ២០ មីនា ចំពោះការធ្វើសន្និសីទនោះ។


អ្នកភូមិនៅតំបន់បឹងកក់ដុតកង់ឡានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ូកាគូដែលបានបូមដីលុបបឹងបណ្ដាលឲ្យទឹកជន់លិចផ្ទះពួកគាត់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០។

ពលរដ្ឋភូមិ២២ អ្នកស្រី ង៉ែត ឃុន បានបដិសេធថា អ្នកស្រី លី មុំ មិនមែនជាតំណាងពលរដ្ឋនៅតំបន់បឹងកក់ទៀតទេ ហើយការអះអាងថា ពលរដ្ឋបឹងកក់ចំនួន ៧៩៤គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិផ្ទះគ្រប់គ្នានោះ គឺរូបគាត់ផ្ទាល់មិនទាន់ទទួលបានទេ៖«ផ្ទះខ្ញុំនៅហ្នឹងពិតប្រាកដទៅជាអត់បានប្លង់។ គាត់ (លី មុំ) មកផ្សាយថា បានប្លង់អស់ហើយ ៧៩៤គ្រួសារ។ តើពួកខ្ញុំនេះនៅសេសសល់ កាត់ចោលទាំងអស់គ្នាមិនទាន់បានសោះ»។អ្នកស្រី ហេង មុំ ដែលរស់នៅក្នុងភូមិ២២ដែរ បានឲ្យដឹងថា ក្រោយពីនាយករដ្ឋមន្ត្រីកាត់ដីទំហំ ១២,៤៤ហិកតារ ឲ្យពលរដ្ឋបឹងកក់ ៧៩៤គ្រួសារ មាន ៧ភូមិ សុំវិនិយោគនៅកន្លែង។ក្រុមអ្នកបឹងកក់ដែលតស៊ូដើម្បីការពារផ្ទះសម្បែងបានបែកបាក់គ្នាជា២ក្រុម។ គឺម្ខាងដឹកនាំដោយអ្នកស្រី លី មុំ ដែលមាននិន្នាការទៅខាងក្រុមហ៊ុន ឬរដ្ឋាភិបាល។ ម្ខាងទៀតខាងអ្នកស្រី  ទេព វន្នី ដែលនៅបន្តការទាមទារយុត្តិធម៌ ដើម្បីបានកម្មសិទ្ធិផ្ទះរស់នៅតំបន់បឹងកក់នោះ។រហូតមកដល់ពេលនេះ មានពលរដ្ឋនៅភូមិ២២ ភូមិ១ ភូមិ៦ ភូមិ២១ និងភូមិ២៤ ចំនួន ៩៤គ្រួសារ មិនបានទទួលកម្មសិទ្ធិនៅឡើយ ព្រោះសាលារាជធានីភ្នំពេញ បានកាត់ផ្ទះពួកគាត់ថា នៅក្នុងដីក្រុមហ៊ុនវិនិយោគ។ អ្នកស្រីបន្តថា ផ្ទះគាត់ត្រូវក្រុមហ៊ុនឈូសកម្ទេច និងចាប់គាត់ដាក់គុក ព្រោះតែតវ៉ាសុំកម្មសិទ្ធិផ្ទះនោះ ឥឡូវគាត់នៅតែមិនបានកម្មសិទ្ធិដដែល ហើយក៏គ្មានទីជម្រកសមរម្យដែរ។អ្នកស្រី ពៅ ឡាំងអេង នៅភូមិ២៤ អះអាងថា សូមឲ្យអ្នកដែលប្រកាសថា សាលាក្រុងចេញប័ណ្ណកម្មសិទ្ធិគ្រប់ ៧៩៤ផ្ទះនោះ សូមយកប័ណ្ណនោះមកឲ្យផ្ទះគាត់ផង៖ «បោកប្រាស់ទេ អត់មានការពិតទេ ពួកខ្ញុំអត់ទាន់បានប្លង់ទេ ទាំងអស់នៅ ៩៤គ្រួសារ អត់ទាន់បានទេ»

អ្នកស្រី ទេព វន្នី ឲ្យដឹងថា ពលរដ្ឋ ៩៤គ្រួសារ ដែលមិនទាន់បានប័ណ្ណកម្មសិទ្ធិផ្ទះនោះ មានបញ្ហា ៣យ៉ាង ដែលសាលារាជធានីភ្នំពេញ មិនទាន់សម្រេចជូនកម្មសិទ្ធិជាស្ថាពរនោះ៖ «គឺបញ្ហាអ្នកដែលនៅព្រំប្រទល់ជាប់គ្នា ហើយការវាស់វែងទំហំដីតាមមន្ទីរសុរិយោដីក្រុងហ្នឹង គាត់មិនទាន់ឯកភាពទាំងសងខាងទី១។ អ៊ីចឹងគាត់អត់ទាន់បានប្លង់ដែរ។ ទី២ ដីក្រុមហ៊ុនដែលគេថា មានឈ្មោះយកប្លង់កម្មសិទ្ធិក្នុងដី ១២ហិកតារហ្នឹង ហើយគេនៅជាប់នឹងដីផ្ទះប្រជាជនហ្នឹងគេជំទាស់ទៅ មន្ទីរសុរិយោដីគេមិនឲ្យចេញប្លង់ឲ្យផ្ទះពួកគាត់។ ហើយទី៣ អ្នកដែលផ្ទះគាត់មានទំហំដីផ្ទះ គាត់មានដល់ ៥០ការ៉េ។ ឧទាហរណ៍ថា គេកាត់ត្រឹម ៣០ការ៉េ អ៊ីចឹងនៅសល់តិចពេក គាត់ ២០ការ៉េ អ៊ីចឹងគាត់មិនអាចទទួលយកបានទេ អាហ្នឹងក៏ជាបញ្ហាគាត់មិនទាន់បានទទួលប្លង់ដល់ដៃគាត់ដែរ»

ទោះយ៉ាងណាក្ដី អ្នកស្រី ថាច់ សារ៉ន នៅភូមិ៦ បានអះអាងថា គាត់ទទួលប័ណ្ណកម្មសិទ្ធិផ្ទះរួចហើយ។

អ្នកស្រី លី មុំ ដែលរងនូវការបដិសេធពីប្រជាពលរដ្ឋច្រើនភូមិ មិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិអះអាងថា៖ «គេកាត់ឆ្វៀលទៅគាត់នៅកន្លែងតំបន់វិនិយោគ គឺនៅខាងក្រុមហ៊ុនដោយពួកគាត់ទៅខាងនោះហើយអ៊ីចឹង។ ១២ហិកតារនេះ កាត់មកសំរាប់តែ ៧៩៤គ្រួសារទេ ហើយនៅសល់ ៥០ជាងគ្រួសារទៀត គឺគាត់ត្រូវនៅលើដីវិនិយោគរបស់ក្រុមហ៊ុន អ៊ីចឹងគេអត់អាចដោះដូរដី ឬឲ្យប្លង់កម្មសិទ្ធិបានទេ ដោយសារគាត់នៅលើដីដែលកាត់ទៅឲ្យក្រុមហ៊ុន អ៊ីចឹងគេដោះដូរជាថវិកាវិញ គេឲ្យគោលនយោបាយកម្រិតខ្ពស់ហ្នឹង គឺ១ម៉ែត្រការ៉េ ៥០០ដុល្លារតាមទំហំផ្ទះជាក់ស្ដែងដែលគាត់កំពុងរស់នៅ»

កាលពីថ្ងៃទី១៩ ខែមីនា អ្នកស្រី លី មុំ បានប្រកាសថា ក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋក្នុងបឹងកក់ ៧៩៤គ្រួសារ មានទទួលប័ណ្ណកម្មសិទ្ធិផ្ទះ គ្រប់គ្នាហើយ ដែលជាហេតុបង្កឲ្យមានប្រតិកម្មពីប្រជាជនបឹងកក់ ច្រើនភូមិដែលមិនទាន់បានទទួលប័ណ្ណនោះ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.