ពលរដ្ឋ​បឹងកក់ ចង​ទីងមោង​អូស​តាមផ្លូវ និង​ដុត ក្នុងពេល​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​

មុន្នីរ័ត្ន,CEN news,ថ្ងៃទី 22 មីនា 2012

ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ជិត ១០០ នាក់ បានដើរហែរក្បួន ចេញពីក្នុងភូមិ ដោយមានការកាន់បដា ផ្ទាំងរូបភាព និយាយពីកំលាំងអាជ្ញាធរ មានសមត្ថកិច្ច វាយធ្វើបាប ទៅលើស្ត្រី តំបន់បឹងកក់ និងការចាប់ខ្លួន ខណៈពេលដែលតវ៉ាទាមទាររកដំណោះស្រាយនាពេលកន្លងមក។ ក្រុមអ្នកភូមិបឹងកក់ នៅព្រឹកមិញ ក៏បានសុំអោយអាជ្ញាធរកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា និងមានការធ្វើរូបទីងមោង ចងអូសដើរតាមផ្លូវផងដែរ។

ក្បួនដង្ហែរបស់ពលរដ្ឋបឹងកក់នៅព្រឹកថ្ងៃទី២២មីនា ឆ្នាំ២០១២ ក៏មានការសរសេរ ពាក្យស្លោកដាក់បណ្តាសារ អ្នកដែលបានធ្វើបាប ប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋដែលបានក្បត់ និងមន្ត្រីខិលខូចមួយចំនួន អោយជួបតែបញ្ហាមានជំងឺ….។ល។

ការដើរហែរក្បួននេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១២ ដោយបានធ្វើដំណើរចេញពីក្នុងភូមិដើរតាមបណ្តោយផ្លូវព្រះមុនីវង្ស កាត់សាលារាជធានីភ្នំពេញ និងបត់ទៅតាមសកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្ពោះទៅកាត់មុខស្ថានទូតសហរដ្ឋអាមេរិក រួចត្រឡប់មកធ្វើការប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីមានការរដោះស្រាយដល់ពួកគាត់។ តែមិនត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញណាម្នាក់ ចេញមកដោះស្រាយនោះទេ។

ប្រជាពលរដ្ឋបឹងកក់ ក៏បន្តទៅកាន់សាលាខណ្ឌដូនពេញ តែនៅតែគ្មានមន្ត្រីខណ្ឌណាម្នាក់ ចេញមកដោះស្រាយ ឬក៏រារាំងប្រជាពលរដ្ឋទេ។

បន្ទាប់ពីគ្មានដំណោះស្រាយ ទាំងខាងសាលារាជធានីភ្នំពេញ និងទាំងនៅសាលាខណ្ឌដូនពេញ ប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ចូលទៅក្នុងភូមិ នៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ និងក្រោយស្ថានទូតបារាំងវិញ រួចបានដុតរូបទីងមោង ដែលតំណាងឲ្យមន្ត្រី ដែលអ្នកភូមិអះអាងថា ជាមន្ត្រីខិលខូច និងពុករលួយ។

អ្នកស្រី ទេព វន្នី បានអោយដឹងថា ចំពោះការដើរហែក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ទាំង ៧ភូមិ នៅព្រឹកនេះ ដោយសារតែពួកគាត់កើតទុក្ខ មិនសុខចិត្ត ព្រោះប្រមុខរដ្ឋាភិបាលបានកាត់ដី ១២,៤៤ ហិកតា អោយប្រជាពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា ហើយធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយគ្មានកាត់គ្រួសារណាមួយចេញទេ។

ប៉ុន្តែអ្នកស្រី ទេព វន្នី អះអាងថា ជាក់ស្តែងរហូតមកដល់ពេលនេះ អ្នកដែលបានទទួលប្លង់ប័ណ្ណកម្មសិទ្ធិ ដែលមានសិទ្ធិរស់នៅលើដី ១២,៤៤ ហិកតា ទើបតែបានទទួលប្លង់ ជាង ៦០០ គ្រួសារទេ ប៉ុន្តែត្រូវបានបុគ្គលដែលមិនផ្លូវការ បានបង្ហោះព័ត៌មាន តាមវេបសាយ អះអាងថា ជាតំណាងប្រជាពលរដ្ឋ ( មិនដឹងថា តំណាងខាងណា ពិតប្រាកដ ) ថា ប្រជាពលរដ្ឋ ៧៩៤ គ្រួសារ បានប្លង់អស់ហើយ។ ប្រជាពលរដ្ឋ ដែលគេកាត់ចេញ មិនអោយពួកគាត់ បានប្លង់ គឺកើតទុក្ខ មិនសុខចិត្តទេ ពីព្រោះមានតែគេយកប្លង់របស់ពួកគាត់ទៅលាក់ទុក។ ពីព្រោះបើគ្មានចំនួនគ្រួសារ ៩៤ ទេ ក៏គ្មានតួលេខណាទៅដល់ ៧៩៤ គ្រួសារដែរ។

អ្នកស្រី ទេព វន្នី បានបន្តថា “ពួកខ្ញុំធ្វើនេះ មិនមែនអុកឡុកបង្កចលាចលទេ គឺមកពីមន្ត្រីអាជ្ញាធរមានគំនិតឃុបឃិតគ្នាពុករលួយ ខ្ចីដៃបុគ្គល នៅក្នុងភូមិខ្លួនឯង មកធ្វើបាប ប្រជាពលរដ្ឋគឺជាល្បិចកលដដែលៗ ហើយបន្ថែមទាំងលាបព័ណប្រជាពលរដ្ឋ ដែលរងគ្រោះ ដូចជា រូបនាងខ្ញុំ (ទេព វន្នី ) តាមកាសែតក្តី ចោទថា ពួកខ្ញុំនេះតវ៉ា ដើម្បីគណបក្សប្រឆាំង លោក សម រង្ស៊ី ទៅវិញ ហើយអោយតែពួកខ្ញុំតវ៉ា ការពារផ្ទះសម្បែង គឺគាត់យកឡេះហ្នឹង មកចោទរឿងបក្សប្រឆាំង បក្សនេះបក្សនោះ លាបពណ៌ អត់ចេះឈប់ ពួកខ្ញុំយល់ឃើញថា ប្រហែលជាដី ទំហំ ១២,៤៤ ហិកតា ដែលទាមទារដាច់ខាត អោយបោះព្រំប្រទល់ដី និងមិនអោយប្រជាពលរដ្ឋណាមួយ ចេញពីទំហំដីហ្នឹង ប្រហែលជាមានអាថ៌កំបាំង ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយនឹងមន្ត្រី ដែលពុករលួយណា បានជាចេះលាបពណ៌ប្រជាពលរដ្ឋអត់ឈប់ ហើយបើសិនជាគាត់យកបក្សមកលាបពណ៌ជាមួយប្រជាជន ហើយអាថ៌កំបាំងដី ១២,៤៤ ហិកតា គឺមានអាថ៌កំបាំងខ្លាំងបំផុត ពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ះពាល់មន្ត្រីណាមួយហើយ ដែលឃុបឃិតគ្នាមិនទាន់បានសម្រេចរឿងដីហ្នឹង ដោយសារតែប្រជាពលរដ្ឋទាមទារបោះព្រំប្រទល់ដី ១២,៤៤ ហិកតា តាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល”។

ចំពោះការចងអូស និងដុតរូបទីងមោង ត្រូវបានអ្នកស្រី ទេព វន្នី អះអាងថា ចង់បង្ហាញថា រាល់ថ្ងៃនេះនៅតំបន់បឹងកក់ មិនទាន់បានសុខទេ នៅមានព្រាយបិសាច អុកឡុក។ រូបទីងមោង គ្រាន់តែជានិម្មិតសញ្ញាមួយទេ ថាជារូបព្រាយបិសាចរបស់បុគ្គល ដែលនៅរស់ អុកឡុកប្រជាពលរដ្ឋបឹងកក់ ដោយប្រជាពលរដ្ឋ បានដាក់បណ្តាសារ និងអោយមន្ត្រីអស់ទាំងនោះ ភ្ញាក់ខ្លួន ហើយបើមន្ត្រី និងបុគ្គលទាំងអស់នោះ មិនភ្ញាក់ខ្លួនទេ និងមានសភាព ដូចជា ទីងមោងនេះអញ្ចឹង គេអូសករចង….។ល។”។

ចំពោះបញ្ហានេះ លោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទ ចូលមិនមានអ្នកលើក៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.