អ្នក​បឹងកក់​បដិសេធ​ការ​ចោទ​ថា​ពួក​គេ​ពាក់​ព័ន្ធ​នឹង​បក្ស​នយោបាយ

សុ ជីវី,វិទ្យុអាស៊ីសេរី, ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មិនា ឆ្នាំ ២០១២

អ្នកភូមិបឹងកក់ប្រមាណ១០០នាក់ បាននាំគ្នាហែក្បួនក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមីនា។ ក្នុងពិធីនោះ ពួកគេបានអូសទីងមោងធ្វើពីចំបើងចំនួន៤ ទៅតាមផ្លូវនានាដែលជានិមិត្តរូបនៃជនខិលខូច។

ក្រុមអ្នកភូមិបានទាមទារអោយបញ្ឈប់ការចោទប្រកាន់ថា អ្នកតវ៉ានៅតំបន់បឹងកក់ ជាប់ពាក់ព័ន្ធនឹងនយោបាយបក្សប្រឆាំង។ ស្របគ្នានេះពួកគេទទូចថា ដរាបណាអាជ្ញាធរកំណត់ព្រំដីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលកាត់អោយអ្នកភូមិនោះរួច ពួកគេនឹងបញ្ឈប់ការតវ៉ា។

ការទាមទារអោយបញ្ឈប់ការលាបពណ៌ ឲ្យអ្នកភូមិបឹងកក់ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា មានតំណាងអ្នកភូមិបឹងកក់ គឺអ្នកស្រី ទេព វន្នី បានបង្កើតសកម្មភាពតវ៉ានានា គឺដើម្បីបម្រើប្រយោជន៍គណបក្សប្រឆាំង។

អ្នកភូមិបានហែក្បួនទៅតាមផ្លូវខាងមុខសាលារាជធានី ស្ថានទូតសហរដ្ឋអាមេរិក និងបានទៅបន់ស្រន់ចំពោះរូបសំណាកយាយពេញ នៅវត្តភ្នំ។

អ្នកភូមិបានលើកបដា និងរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ចបានប្រើអំពើហិង្សាបង្ក្រាបលើពួកគេក្នុងការតវ៉ារឿងដីធ្លីនាពេលកន្លងមក។

អ្នកភូមិក៏បានចងខ្សែអូសទីងមោងតំណាងមនុស្សស្រីប្រុសចំនួន ៤នាក់ ដើរតាមថ្នល់ ព្រមទាំងបាចអំបិល ម្ទេសទៅលើរូបទាំងនោះទៀត ដោយបានចាត់ទុកទីងមោងទាំងនោះថា ជាក្រុមមនុស្សដែលបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដើម្បីប៉ុនប៉ងយកដីពលរដ្ឋ។

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានអោយដឹងថា ការលាបពណ៌ថា អ្នកស្រីជាសកម្មជនបក្សប្រឆាំង គឺជាលេសចោទប្រកាន់ដើម្បីអោយអ្នកបឹងកក់បញ្ឈប់ការតវ៉ា។

ប្រតិកម្មរបស់អ្នកភូមិបឹងកក់ ជាការឆ្លើយតបនឹងកាសែតរស្មីកម្ពុជា ដែលកាលពីថ្ងៃទី២១ ខែមីនា។ កាសែតនេះ បានចុះផ្សាយថា ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់មួយចំនួនបានចោទប្រកាន់ថា អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ពេលនេះ កំពុងក្លាយជាភ្នាក់ងាររបស់គណបក្សប្រឆាំងទៅវិញ និងលែងជាអ្នកតវ៉ាដើម្បីពលរដ្ឋនៅបឹងកក់ទៀតហើយ។

និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា កាសែតរបស់លោកតែងប្រកាន់វិជ្ជាជីវៈក្នុងការស្វែងរកការពិតមកផ្សព្វផ្សាយ ចំណែកភាគីខាតប្រយោជន៍មានសិទ្ធិរិះគន់។ លោកបន្តថា ជម្លោះដីធ្លីនៅតំបន់បឹងកក់ គឺប្រៀបបាននឹងទឹកល្អក់ដែលពិបាករកអោយឃើញថា ភាគីណាត្រឹមត្រូវ ឬមានកំហុស។

អ្នកភូមិបឹងកក់បានតវ៉ាអស់ជាច្រើនខែមកហើយ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ បោះព្រំសំគាល់ដីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យប្រគល់អោយ។ ពួកគាត់នៅតែទាមទារដដែលៗថា មានតែការបោះព្រំដីទេទើបអាចបញ្ចប់ជម្លោះនៅតំបន់បឹងកក់នេះបាន។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតនៅអង្គការការពារសិទ្ធិមនុស្ស លីកាដូ។ លោកមានប្រសាសន៍ថា ការដោះស្រាយជម្លោះនៅតំបន់បឹងកក់នេះ គឺជាមុខមាត់របស់រដ្ឋាភិបាល ហើយការចោទពលរដ្ឋថា ស្វែងរកផលប្រយោជន៍សម្រាប់គណបក្សណាមួយនោះ ពុំមែនជាដំណោះស្រាយឡើយ។

កាលពីសប្ដាហ៍កន្លងទៅអ្នកភូមិបឹងកក់បាន នាំគ្នាទៅតវ៉ានៅខាងមុខសាលារាជធានី និងដាក់ញត្តិនៅតាមស្ថានទូតមួយចំនួន ដោយទាមទារអោយអាជ្ញាធរបោះបង្គោលកំណត់ព្រំដី និងបញ្ចូលអ្នកភូមិចំនួន ៥៨គ្រួសារ ទៅក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង បន្ទាប់ពីត្រូវអាជ្ញាធរកាត់ចេញ។ មន្ត្រីសាលារាជធានីបានសន្យាផ្ដល់ចម្លើយដល់អ្នកភូមិក្នុងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែពុំទាន់មានដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយ។

ប្រភពពីប្រជាពលរដ្ឋអោយដឹងថា រហូតមកដល់ពេលនេះមានអ្នកភូមិបឹងកក់ចំនួន ៦៣១គ្រួសារបានទទួលប្លង់កម្មសិទ្ធិពីអាជ្ញាធរនៅលើទីតាំងផ្ទះដែលពួកគាត់កំពុងរស់នៅ។ ពួកគេបញ្ជាក់ដែរថា នៅមានពលរដ្ឋជាង ១០០គ្រួសារទៀត មិនទាន់ទទួលទទួលបាន ដោយរួមទាំង ៩៤គ្រួសារ ដែលត្រូវអាជ្ញាធរកាត់ចេញពីគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង។

ជាមួយគ្នានេះ អ្នកភូមិ២២ ចំនួន ១៦៥គ្រួសារ ដោយរួមទាំងអ្នកស្រី ទេព វន្នី ក៏បានទទួលប្លង់កម្មសិទ្ធិរួចហើយដែរ។ ប៉ុន្តែពួកគេនៅតែបន្តការតវ៉ា ដោយសំអាងថា ពួកគេជួយគ្នាក្នុងការទាមទារអោយអ្នកសហគមន៍បឹងកក់ទាំង ៧៩៤គ្រួសារ បានទទួលដីពីរដ្ឋាភិបាល៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.