ពលរដ្ឋ​បឹងកក់ ព្យាយាម​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​

រតនា,Cen News ,ថ្ងៃទី 2 មេសា 201

ភ្នំពេញ: ស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ៥ នាក់ នៅព្រឹកថ្ងៃទី២មេសា ឆ្នាំ២០១២ បានព្យាយាម ធ្វើដំណើរពីលំនៅដ្ឋានទៅកាន់ស្ថានទូតចិន ដើម្បីដាក់ញត្តិ ជូនលោកប្រធានាធិបតីចិន ដើម្បីអន្តរាគមន៍ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋបឹងកក់ និងក្រុមហ៊ុនចិន។ ក៏ប៉ុន្តែដំណើររបស់អ្នកភូមិបឹងកក់ទាំងនោះ ត្រូវបានរារាំងដោយសមត្ថកិច្ច។

អ្នកស្រីទេព វន្នី បានឲ្យដឹងថា ដោយសារតែមានការតាមពីប៉ូលិសដែលស្លៀកពាក់ស៊ីវិល ក្រុមស្ត្រីអ្នកភូមិបឹងកក់ ៥ នាក់ បានគេចចូលផ្សារអូឡាំពិក ហើយបានបន្តដំណើរទៅកាន់អង្គការសិទ្ធិលំនៅដ្ឋាន ដើម្បីរិះរកមធ្យោបាយទៅដាក់ញត្តិនៅស្ថានទូតចិន។

អ្នកស្រី ទេព វន្នី បានបន្តថា គោលបំណងដាក់ញត្តិជូនលោកប្រធានាធិបតីចិន ដើម្បីសុំឲ្យជួយជំរុញទៅកាន់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាដីនៅតំបន់បឹងកក់ជាង ១២ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ទៅឲ្យពួកគាត់ និងបញ្ឈប់ការកាត់ និងលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីទទួលបានដីនោះ។ ក្រុមស្ត្រីបឹងកក់ ក៏បានទាមទារឲ្យក្រុមហ៊ុន និងអាជ្ញាធរ កំណត់ព្រំដី ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋបឹងកក់។

ដោយឡែក នៅមុខស្ថានទូតចិន នាព្រឹកនេះ មានកម្លាំងការពារយ៉ាងច្រើន ត្រូវបានដាក់ពង្រាយដើម្បីរារាំងក្រុមអ្នកភូមិបឹងកក់៕ S

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.