អាជ្ញាធរ​រារាំង​អ្នក​ភូមិ​បឹង​កក់​មិន​ឲ្យ​យក​ញត្តិ​ដាក់​ទូត​ចិន

 ទីន ហ្សាការីយ៉ា,វិទ្យុអាស៊ីសេរី, ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១២

អាជ្ញាធរខណ្ឌចំការមន បានរារាំងតំណាងអ្នកភូមិបឹងកក់ចំនួន ៥រូប មិនឲ្យយកញត្តិដាក់នៅស្ថានទូតចិន នៅព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០១២ នៅពេលអ្នកភូមិបឹងកក់ បានធ្វើដំណើរមកដល់ស្ថានទូតចិន នារាជធានីភ្នំពេញ។

លោក ជរ គឹមស៊ អភិបាលរងខណ្ឌចំការមន (ស្ដាំ) ឈរជជែកតវ៉ាជាមួយអ្នកភូមិបឹងកក់ នៅមុខស្ថានទូតចិន រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១២។

មន្ត្រីនគរបាលខ្លះស្លៀកពាក់ស៊ីវិល ខ្លះស្លៀកពាក់ឯកសណ្ឋានប្រមាណ ២០នាក់ បានតាមអ្នកភូមិបឹងកក់ តាំងពីពួកគាត់ចេញពីផ្ទះនៅតំបន់បឹងកក់ ឆ្ពោះមកកាន់ស្ថានទូតចិន ក្នុងគោលបំណងយកញត្តិដាក់ជូនប្រធានាធិបតីចិន ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីតំបន់បឹងកក់ជូនពួកគាត់ ប៉ុន្តែស្ថានទូតចិនមិនទទួលនោះទេ ដោយគេលើកហេតុផលថា មន្ត្រីនៃស្ថានទូតចិន បានឈប់សម្រាកពីការងារពីថ្ងៃទី២៨ មីនា ដល់ថ្ងៃទី៥ មេសា ទើបគេចូលធ្វើការវិញ។

ការរារាំងមិនឲ្យអ្នកភូមិបឹងកក់យកញត្តិមកដាក់នៅស្ថានទូតចិន ខាងអាជ្ញាធរបានលើកហេតុផលថា ដោយសារគេមិនចង់ឲ្យខូចសណ្ដាប់ធ្នាប់ទីក្រុង ខណៈដែលកម្ពុជា កំពុងដំណើរការបើកកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ មេសា ឆ្នាំ២០១២ នេះ។

ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ក្រុមអ្នកភូមិបានលើកឡើងថា ពួកគាត់មកកាន់ស្ថានទូតចិន មានគ្នាតែ ៥នាក់ទេ ហើយពុំមានជាលក្ខណៈធ្វើកូដកម្មអ្វីដែរ។ បញ្ហាសំខាន់ដែលពួកគាត់ចង់បាន គឺចង់ឲ្យប្រធានាធិបតីចិន ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ ពីព្រោះថា អាជ្ញាធរកម្ពុជា មិនទាន់បានដោះស្រាយរឿងជម្លោះដីធ្លីរវាងអ្នកភូមិបឹងកក់ និងក្រុមហ៊ុនស៊ូកាគូ (Shukaku) នេះឲ្យបានសមរម្យនៅឡើយ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.