ពលរដ្ឋ​តំបន់​បឹងកក់ ៥ នាក់ ស្នើ​ឲ្យ​មានការ​អន្តរាគមន៍​លើ​សុវត្ថិភាព​ពួកគាត់​

មុនីរ័ត្ន,Cen News ,ថ្ងៃទី 3 មេសា 2012

ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ ៥ នាក់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ បានដាក់លិខិតទៅប្រធានតំណាងឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា សូមជួយអន្តរាគមន៍ និងឃ្លាំមើលពីសុវត្ថិភាពរបស់ពួកគាត់។ ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋបឹងកក់ ក៏មានចេញនូវសេចក្ដីថ្លែងការណ៍ ស្ដីអំពី អំពើលួច ឆក់ ប្លន់សម្លាប់ ដែលកើតឡើងលើគ្រួសារសកម្មជនជនស្ដ្រីតស៊ូ ដើម្បីលំនៅដ្ឋាននៅតំបន់បឹងកក់។

លិខិតសូមជួយអន្តរាគមន៍ និងឃ្លាំមើលពីសុវត្ថិភាព ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់ ដែលមានឈ្មោះ តុល ស្រីពៅ, ទេព វន្នី, បូ ឆវី, គង់ ចាន់ថា និងផាន់ ឈុនរ៉េត ដែលរស់នៅភូមិ២២ និង២៤ បានលើកឡើងថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ នៅម៉ោងជាង ៨ ព្រឹក មានមនុស្សមួយក្រុម ដែលមិនស្គាល់អត្តសញ្ញាណបានធ្វើការតាមដាន និងឃ្លាំមើលសកម្មភាពពួកគាត់ ប្រៀបដូចជាពួកគាត់ ជាអ្នកទោស។ ទង្វើទាំងអស់នេះ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សុវត្ថិភាពរបស់ពួកគាត់ ព្រមទាំងក្រុមគ្រួសារ ត្រូវបានគំរាមកំហែង និងអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតនៅពេលខាងមុខ និងរំលោភសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការដើរហើរ។

ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍របស់អ្នកភូមិបឹងកក់ បានលើកឡើងផងដែរថា ការលួច ឆក់ និងការរឹតកសម្លាប់ ដែលកើតមានឡើងជាបន្តបន្ទាប់ ទៅលើគ្រួសារសកម្មជនស្ដ្រីតស៊ូ ដើម្បីលំនៅដ្ឋាននៅតំបន់បឹងកក់កន្លងមក ទំនងជាមានការពាក់ព័ន្ធជាមួយអាជ្ញាធររបស់រដ្ឋាភិបាល។

សេចក្ដីថ្លែងការណ៍បន្តថា អ្នកស្រី តុល ស្រីពៅ ពេលទៅផ្សារ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបង្ហាញកាំភ្លើង, អ្នកស្រី គង់ ចាន់ថា ត្រូវបានគេគំរាមកំហែងដោយប្រយោល ធ្វើឲ្យក្រុមគ្រួសាររបស់អ្នកស្រីមានការព្រួយបារម្ភ, អ្នកស្រី ហេង មុំ ជិះម៉ូតូតាមផ្លូវត្រូវបានជនមិនស្គាល់អត្តសញ្ញាណតាមថតរូប, ទេព វន្នី ត្រូវបានចោរឆក់ខ្សែក, កូនស្រីបង្កើតរបស់លោកយាយ ងែត ឃុន ត្រូវចោរចូលទៅរឹតកសម្លាប់ តែក្រោយមកត្រូវបានប្រជាពលរដ្ឋជួយទាន់ និងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ផ្ទះអ្នកស្រី ហេង មុំ ត្រូវចោរចូលលួចសម្ភារៈ និងទ្រព្យសម្បត្តិអស់ជាច្រើនពាន់ដុល្លារ និងមានក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបាចត្រាក់ពេញភូមិ រយៈពេលបីថ្ងៃ ដើម្បីបង្កអសន្តិសុខក្នុងភូមិ។

សេចក្ដីថ្លែងការណ៍បន្ថែមថា កូនស្រីលោកយាយ ង៉ែត ឃុន បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលិសស្រះចក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ត្រូវប៉ូលិសទារប្រាក់បង់ថ្លៃពាក្យបណ្ដឹង ២០.០០០ រៀល តែមកដល់ពេលនេះ គ្មានមន្ត្រីសមត្ថកិច្ចណាមួយមកជួយដោះស្រាយដល់អ្នកភូមិបឹងកក់ទេ។

ចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍ បានលើកឡើងថា “ជារៀងរាល់ពេល ដែលពួកយើងចេញដំណើរមានប៉ូលិសស្លៀកពាក់ស៊ីវិល តាមដានរៀងរាល់ថ្ងៃ អ្វីដែលធ្វើឲ្យយើងខ្ញុំកាន់តែព្រួយបារម្ភកាន់តែខ្លាំងទៀតនោះ គឺនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ មានប៉ូលិសប៉ុស្ដិ៍ ឈ្មោះ ថៃ វិរៈ បានជិះតាមតាំងពីចេញពីភូមិ និងមានក្រុមជនមិនស្គាល់អត្តសញ្ញាណពាក់មួកការពារតាមប្រមាញ់ពួកយើងខ្ញុំទាំង ៥នាក់ ដែលមានឈ្មោះ តុល ស្រីពៅ, ទេព វន្នី, បូ ឆវី, គង់ ចាន់ថា និងផាន់ ឈុនរ៉េត សកម្មភាពរបស់ពួកគេ គួរឲ្យព្រួយបារម្ភ និងមានការភ័យខ្លាច ពីសុវត្ថិភាពរបស់ពួកយើងទាំងអស់គ្នាជាខ្លាំង”។

មិនទាន់មានប្រតិកម្មបែបណាពីអាជ្ញាធរសមត្ថកិច្ចនៅឡើយទេ ជុំវិញការលើកឡើងរបស់ក្រុមអ្នកភូមិបឹងកក់ខាងលើ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.