ពលរដ្ឋ​មាន​ជម្លោះ​ដី​នាំ​គ្នា​តវ៉ា​ស្រប​ពេល​​មាន​កិច្ច​ប្រជុំ​អាស៊ាន

 ទីន ហ្សាការីយ៉ា,វិទ្យុអាស៊ីសេរី, ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១២

នៅខណៈដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងតែដំណើរការប្រជុំនៅទីក្រុងភ្នំពេញ និងមានប្រធានាធិបតីចិន មកទស្សនកិច្ចផ្លូវការនៅកម្ពុជានោះ គេសង្កេតឃើញក្រុមពលរដ្ឋនៅតំបន់មួយចំនួន ដែលរងគ្រោះដោយសារបញ្ហាជម្លោះដីធ្លី បានឡើងតវ៉ារកកិច្ចអន្តរាគមន៍ពីស្ថានទូតដែលពាក់ព័ន្ធនានា ពិសេសទៅទៀតរហូតដល់បិទផ្លូវជាតិដើម្បីឲ្យអាជ្ញាធររកដំណោះស្រាយជូនពួកគេ។

តំណាងអ្នកភូមិបឹងកក់ យកញត្តិមកដាក់ជូនស្ថានទូតចិន នារាជធានីភ្នំពេញ ប៉ុន្តែត្រូវអាជ្ញាធររារាំង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២។

ទាក់ទងទៅនឹងបញ្ហានេះ តើប្រជាពលរដ្ឋរងគ្រោះទាំងនោះយកឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីធ្វើការតវ៉ារបស់ខ្លួនរកដំណោះស្រាយ ឬដើម្បីឲ្យប្រទេសក្នុងតំបន់អាស៊ានចាប់អារម្មណ៍មកលើពួកគាត់ ដែលទាមទាររកយុត្តិធម៌នោះ ឬយ៉ាងណា?

កិច្ចប្រជុំកំពូលអាស៊ានបានឈានមកដល់ថ្ងៃទីបីហើយ គិតចាប់ពីថ្ងៃទី៣០ ខែមីនា មកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ ដែលគេរៀបចំប្រជុំនៅទីក្រុងភ្នំពេញនោះ។

នៅស្របពេលដែលដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន កំពុងដំណើរការ ហើយមានប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននោះ  ប្រជាពលរដ្ឋមួយចំនួនដែលមានបញ្ហារងគ្រោះដោយសារការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុននានានោះ ក៏បានឡើងមកភ្នំពេញ ដើម្បីតវ៉ារកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធដែរ។

តំណាងអ្នកភូមិបឹងកក់ចំនួន ៥នាក់ បានយកញត្តិមកដាក់នៅស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ ខណៈប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីទាមទារឲ្យប្រធានាធិបតីចិន ធ្វើអន្តរាគមន៍ទៅក្រុមហ៊ុនស៊ូកាគូ (Shukaku) ឬទៅរដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។ ប៉ុន្តែការយកញត្តិមកដាក់នៅស្ថានទូតចិន មិនបានសម្រេចនោះទេ ដោយសារតែមន្ត្រីនៃស្ថានទូតគេបានឈប់សម្រាកពីការងារចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ទើបគេចូលធ្វើការវិញ។

នៅខណៈដែលតំណាងអ្នកភូមិចេញពីលំនៅឋានពីតំបន់បឹងកក់ គេសង្កេតឃើញមានក្រុមសមត្ថកិច្ចជាច្រើននាក់បានតាមពួកគាត់ និងព្យាយាមរារាំងមិនឲ្យអ្នកភូមិធ្វើដំណើរឆ្ពោះទៅស្ថានទូតចិនទេ។

តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានរៀបរាប់ថា ពួកគាត់បានសម្រេចចិត្តយកញត្តិមកដាក់នៅស្ថានទូតចិននេះ ពីព្រោះពួកគាត់សង្ឃឹមថា ប្រធានាធិបតីចិន មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការធ្វើអន្តរាគមន៍ទៅក្រុមហ៊ុនស៊ូកាគូ និងរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យមានតម្លាភាព។

អ្នកស្រី ទេព វន្នី៖ «ពួកខ្ញុំសប្បាយចិត្តណាស់នៅពេលឮថា ប្រធានាធិបតីចិនមកទស្សនកិច្ចនៅកម្ពុជា ពីព្រោះអីក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់ធ្វើឲ្យពួកខ្ញុំស្រក់ទឹកភ្នែក រហូតដល់សម្ដេច ហ៊ុន សែន បានកាត់ដីឲ្យពួកខ្ញុំហើយនៅតែមានឈ្មោះលោក ឡាវ ម៉េងឃីន នៅក្នុងនោះដែរ ហើយក្រុមហ៊ុនស៊ូកាគូក៏មានចំណែកភាគចិន នៅក្នុងហ្នឹងដែរ»

អភិបាលរងខណ្ឌចំការមន លោក ជរ គឹមស៊ មានប្រសាសន៍ថា ការរាំងអ្នកភូមិបឹងកក់មិនឲ្យយកញត្តិមកដាក់នៅស្ថានទូតបែបនេះ ដោយសារលោកមិនចង់ឲ្យខូចសណ្ដាប់ធ្នាប់ទីក្រុង នៅខណៈកម្ពុជាកំពុងបើកកិច្ចប្រជុំកំពូលអាស៊ាននេះ៖ «ស្ថានទូតគាត់បានឆ្លើយហើយ យើងបាននិយាយគ្នាហើយ អ៊ីចឹងសូមបងអញ្ជើញទៅផ្ទះវិញ កុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់អាស៊ានយើង»

ទាក់ទងទៅនឹងបញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា ដើម្បីដោះស្រាយបញ្ចប់បញ្ហា និងដើម្បីជៀសវាងបញ្ហាប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននេះរដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាជម្លោះដីធ្លីនៅកម្ពុជា ពីមុនមកឲ្យមានតម្លាភាព។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះពិភពលោកកំពុងសម្លឹងមើលប្រទេសកម្ពុជា ឬរដ្ឋាភិបាលកម្ពុជា នៅអំឡុងពេលរដ្ឋាភិបាលធ្វើជាប្រធានអាស៊ាន ដូច្នេះការចេញមុខរបស់អ្នកភូមិយកញត្តិទៅដាក់ស្ថានទូតចិន និងការបិទផ្លូវរបស់ប្រជាពលរដ្ឋដើម្បីរកដំណោះស្រាយនេះ វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាលកម្ពុជា។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោក អ៊ូ វីរៈ បានលើកហេតុផលថា បញ្ហាទាំងនេះមិនអាចបន្ទោសប្រជាពលរដ្ឋរងគ្រោះទាំងនោះបានទេ ពីព្រោះថា រាល់ការតវ៉ារបស់ប្រជាពលរដ្ឋនៅពេលនេះ ក្នុងមូលហេតុតែមួយគត់ គឺរកដំណោះស្រាយសមស្រប៖«ប្រជាពលរដ្ឋភាគច្រើនគាត់ចង់បានដំណោះស្រាយ គាត់មិនមែនធ្វើដើម្បីចង់បង្អាប់រដ្ឋាភិបាល ឬចង់បង្កបញ្ហាទេ ព្រោះអីពួកគាត់សុទ្ធតែដល់ក ពួកគាត់ប្រឈមនឹងបញ្ហារស់នៅ»

នៅខណៈដែលកម្ពុជាបានបើកដំណើរការកិច្ចប្រជុំអាស៊ានថ្ងៃដំបូង ប្រជាពលរដ្ឋជិត ៤០នាក់មកពីស្រុកពីរផ្សេងគ្នានៃខេត្តកោះកុង បរាជ័យក្នុងការយកញត្តិដាក់ទៅស្ថានទូតចិន ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group) ពីព្រោះពួកគាត់ទាំងនោះ ត្រូវអាជ្ញាធរក្រុងភ្នំពេញ បានចាប់ជញ្ជួនទៅខែត្រកោះកុងវិញ។

ប៉ុន្តែថ្ងៃបន្ទាប់ គឺថ្ងៃទី៣១ ខែមីនា ប្រជាពលរដ្ឋប្រមាណ ៨០០នាក់ នៅឃុំ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាដាក់របាំងបិទកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងលក្ខខណ្ឌទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួកគាត់។ ប៉ុន្តែបន្ទាប់ពីមានការសន្យាពីអាជ្ញាធរខែត្រថា ដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ ទើបអ្នកភូមិបានបើកផ្លូវឲ្យធ្វើចរាចរណ៍វិញ កាលពីយប់ថ្ងៃទី៣១ ខែមីនា។

នៅថ្ងៃទី២ ខែមេសា នេះ អ្នកភូមិបឹងកក់ បានបរាជ័យម្ដងទៀតក្នុងការយកញត្តិទៅដាក់ស្ថានទូតចិន ក្នុងគោលបំណងយកញត្តិទាំងនោះជូនលោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន ដោយសារស្ថានទូតចិនបានបិទទ្វារសម្រាកមិនធ្វើការទេ រហូតដល់ថ្ងៃទី៥ ខែមេសា គេនឹងធ្វើការវិញ។

ទាក់ទងទៅនឹងបញ្ហាទាំងនេះ ត្រូវបានលោក ឈាង វណ្ណារិទ្ធិ ជានាយកប្រតិបត្តិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព បានពន្យល់ថា នៅក្នុងពេលនេះ អ្នករងគ្រោះដោយសារបញ្ហាដីធ្លីកំពុងឆក់ឱកាសទាញយកការចាប់អារម្មណ៍ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានឲ្យដឹងអំពីសុខទុក្ខរបស់ពួកគាត់កំពុងប្រឈមនៅកម្ពុជា។

ផ្ទុយទៅវិញបញ្ហានេះ លោក ឈាង វណ្ណារិទ្ធិ បានអះអាងថា វាមិនប្រាកដថា ការធ្វើដូច្នេះវាមិនមានផលវិជ្ជមាននោះទេ៖ «បញ្ហាផ្ទៃក្នុងអាស៊ានមិនអាចលូកដៃបានទេ អាហ្នឹងជាគោលការណ៍របស់អាស៊ាន ដូច្នេះយើងមិនអាចសង្ឃឹមថា អាស៊ានអាចលូកដៃដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាបានទេ បើយើងជំរុញបញ្ហាហ្នឹងឡើងដល់ខ្ពស់ពេក អាហ្នឹងវាឈានទៅដល់បញ្ហាលំបាកទៅវិញទេ ដូច្នេះហើយយើងគួរតែរកមធ្យោបាយផ្សេង»

ឆ្លើយតបទៅនឹងបញ្ហានេះ នាយកលេខាធិការដ្ឋានពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានសង្កត់ធ្ងន់ថា មូលហេតុសំខាន់នៅត្រង់ថា ការដោះស្រាយបញ្ហាជម្លោះដីធ្លីនៅកម្ពុជា កន្លងមក រដ្ឋាភិបាលមិនទាន់មានជំហរច្បាស់លាស់ក្នុងការដោះស្រាយឲ្យមានតម្លាភាពនៅឡើយ។

លោកបានលើកឡើងថា បញ្ហាទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិដីធ្លីឆ្លៀតចេញមុខតវ៉ានៅពេលនេះ៖ «ភាពអាម៉ាស់របស់ការបាត់បង់កិត្តិយស ភាពថ្លៃថ្នូរ ពីព្រោះនៅពេលដែលយើងមិនអាចដោះស្រាយបញ្ហាតូចៗនៅក្នុងប្រទេសយើងបានផង យើងទៅដល់ដឹកនាំប្រទេសផ្សេងៗទៀតដែលមានការជឿនលឿន ដែលមានការគោរពសិទ្ធិមនុស្ស មានការគោរពប្រជាធិបតេយ្យល្អ… ហ្នឹងហើយបង្ហាញពីការខ្វះសមត្ថភាពរបស់យើង»

លើសពីនេះទៀត ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន កាលពីថ្ងៃទី៣១ ខែមីនា បានទៅជួបអ្នកភូមិបឹងកក់ ប្រមាណ ៣០០នាក់។ ពួកគេមួយចំនួនបានសម្ដែងក្ដីសោកស្ដាយ និងខ្លះទៀតសម្រក់ទឹកភ្នែកនៅពេលឃើញស្ថានភាពអ្នកបឹងកក់ទាំងនោះ។ ពួកគាត់បានថ្លែងថា ពួកគាត់គាំទ្រចំពោះការតវ៉ានានាដោយអហិង្សារបស់អ្នកភូមិកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសិទ្ធិមនុស្សបានផ្ដល់អនុសាសន៍ថា ដើម្បីកុំឲ្យកម្ពុជា បាក់មុខមាត់នៅខណៈដែលកម្ពុជាកំពុងមានតួនាទីសំខាន់នៅក្នុងតំបន់អាស៊ាន ពិសេសកម្ពុជា ជាប្រធានអាស៊ាននោះ រដ្ឋាភិបាលកម្ពុជា ត្រូវជំរុញ និងអនុវត្តច្បាប់ដែលមានស្រាប់ និងកែទម្រង់ស្ថាប័នរបស់ខ្លួនឡើងវិញ លុបបំបាត់អំពើពុករលួយ កែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យ និងការកែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យឯករាជ្យ ពីព្រោះថា ប្រព័ន្ធបោះឆ្នោតមិនឯករាជ្យនោះហើយ ទើបបណ្ដាលឲ្យបញ្ហារំលោភដីធ្លី និងរំលោភសិទ្ធិមនុស្សកើតមានក្រោយពេលបោះឆ្នោតនោះ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.