អ្នក​បឹងកក់​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ភូមិ

ឃុត សុភចរិយា,ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១២

120404_07

ស្រ្តីដែលត្រូវបានគេលួចរឹតក (ស្រ្តីមានស្នាមលើផ្ទៃមុខ)

ភ្នំពេញៈ អ្នកភូមិបឹងកក់ប្រមាណ២០នាក់ កាលពីម្សិលមិញ បានសម្ដែងក្ដីព្រួយកង្វល់ជាថ្មីទាក់ទងទៅនឹងសុវត្ថិភាព សន្តិសុខរបស់ខ្លួន បន្ទាប់ពីមានអំពើចោរកម្មកើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិ ហើយអាជ្ញាធរមិនអើពើក្នុងការចាត់វិធានការបង្ក្រាប។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម្សិលមិញ អ្នកស្រីហេង មុំ ដែលជាជនរងគ្រោះម្នាក់ ក្នុងអំពើចោរកម្ម បាននិយាយថា កាលពីយប់ថ្ងៃចន្ទ មានជនមិនស្គាល់អត្តសញ្ញាណបានលួចគាស់ទ្វារផ្ទះរបស់គាត់ ហើយបានលួចកាបូប របស់ប្អូនស្រីគាត់ ដែលទើបមកពីធ្វើការនៅប្រទេសកូរ៉េ ដែលក្នុងកាបូបនោះ មានលុយជាង២០០០ដុល្លារ លិខិតឆ្លងដែនមួយ និងអត្តសញ្ញាណប័ណ្ណមួយ។

អ្នកស្រី បានថ្លែងថា៖ «ខ្ញុំពិតជាមិនអាចទទួលបានទេ នៅពេលដែលយើងខ្ញុំជាស្ត្រី ធ្វើដំណើរទៅកន្លែងណាមួយ មានភ្នាក់ងារនគរបាលតាមដានពីក្រោយ ហាក់ដូចជាយើងខ្ញុំជាឧក្រិដ្ឋជន។ ប៉ុន្តែនៅពេលមានអំពើចោរកម្មកើតឡើងចំពោះគ្រួសាររបស់យើងខ្ញុំ ពុំដែលមានវត្តមានរបស់ក្រុមនគរបាលណាម្នាក់ ចុះមកសួរនាំនិងចាត់វិធានការស្វែងរកចាប់ខ្លួនជនល្មើសនោះទេ»។

ជាមួយគ្នានោះដែរ គ្រួសារជនរងគ្រោះម្នាក់ទៀត ក្នុងអំពើមនុស្សឃាត អ្នកស្រី ង៉ែត ឃុន បានថ្លែងថា កាលពីយប់ថ្ងៃ២៧ ខែមីនា កន្លងមកនេះ មានជនមិនស្គាល់អត្តសញ្ញាណ លបចូលទៅរឹតកកូនស្រីរបស់គាត់ ដែលកំពុងលង់លក់ក្នុងដំណេកក្នុងពេលយប់ ប៉ុន្តែសំណាងល្អ ពេលដែលកំពុងរឹតកនោះ កូនស្រីរបស់គាត់បានដឹងខ្លួនហើយបានរើបម្រះរួច និងបានស្រែកឲ្យអ្នកភូមិមកជួយ។ ស្របពេលដែលមានការភ្ញាក់ផ្អើលពីអ្នកភូមិ និងដោយយប់ងងឹតផងនោះ ឃាតករបានគេចខ្លួនបាត់។

អ្នកស្រី ថា៖«មន្ត្រីនគរបាលបានទារប្រាក់កូនស្រីខ្ញុំចំនួន២០០០០រៀលទៀត នៅពេលដែលខ្ញុំនិងកូនទៅប្ដឹង ឲ្យជួយអន្តរាគមន៍ ស្វែងរកមុខជនល្មើស ដើម្បីចាប់ខ្លួនផ្តន្ទាទោស »។

លោកថៃ វិរៈ នាយរងនគរបាលប៉ុស្តិ៍ សង្កាត់ស្រះចក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកភូមិទាំងនេះ តែងតែសម្ដែងក្ដីខឹងសម្បាចំពោះក្រុមសមត្ថកិច្ច ខណៈពេលដែលសមត្ថកិច្ច ព្យាយាមបំពេញតួនាទី ដើម្បីការពារសុវត្ថិភាព និងសន្តិសុខរបស់ពួកគាត់។

លោកបានថ្លែងថា៖«យើងខ្ញុំមិនមែនមកដើម្បីបង្អាក់ខានកម្មវិធី របស់ពួកគាត់ទេ តែមកដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនពួកគាត់ប៉ុណ្ណោះ…ហើយអាជ្ញាធរកំពុងតែចាត់វិធាន ការស៊ើបអង្កេតករណីកើតឡើងក្នុងភូមិ»៕

Advertisements
This entry was posted in Uncategorized and tagged , , . Bookmark the permalink.