អ្នក​ភូមិ​បឹង​កក់​ចោទ​ប៉ូលិស​ថា​មិន​ទទួល​សំណើ​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព

ដែន អយុធ្យា,វិទ្យុអាស៊ីសេរី, ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១២

អ្នកភូមិបឹងកក់ ចោទស្នងការនគរបាលរាជធានីភ្នំពេញ ថា មិនទទួលយកសំណើរបស់ពួកគាត់ដែលបានស្នើឲ្យជួយការពារសុវត្ថិភាព និងករណីអំពើចោរកម្ម លួចប្លន់ ប៉ុន្តែមន្ត្រីប៉ូលិសបានច្រានចោលចំពោះការចោទប្រកាន់នេះ។

ប៉ូលិសត្រៀមបំបែកក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទៅ១ ខែតុលា ឆ្នាំ២០១០។

តំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី បានឲ្យដឹងថា សព្វថ្ងៃនេះអ្នកភូមិបឹងកក់ ពិសេសតំណាងអ្នកភូមិ កំពុងព្រួយបារម្ភពីសុវត្ថិភាពក្នុងការដើរហើរ ព្រោះមានមនុស្សស្លៀកពាក់ស៊ីវិល និងកម្លាំងប៉ូលិសបង្កប់តាមឃ្លាំមើលសកម្មភាពពួកគាត់រាល់ថ្ងៃ។ ក្រៅពីនេះ តំណាងពលរដ្ឋឲ្យដឹងថា តំបន់បឹងកក់បានកើតមានក្រុមចោរកម្មលួច និងប្លន់អនាធិបតេយ្យជារៀងរាល់ថ្ងៃ ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមូលដ្ឋានជួយទប់ស្កាត់ទេ។

ផ្ដើមពីកង្វល់នេះ លោកស្រី វន្នី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមេសា តំណាង និងអ្នកភូមិបឹងកក់ចំនួន ១០នាក់ បានដាក់លិខិតស្នើជួយអន្តរាគមន៍ទៅប៉ូលិសស្នងការនគរបាលរាជធានីភ្នំពេញ  ប៉ុន្តែត្រូវបានមន្ត្រីស្ថាប័ននេះមិនទទួលយក។

លោកស្រី ទេព វន្នី៖ «អ្នកណាដែលគេឃើញថា សកម្ម គេតាមឃ្លាំមើលជាប្រចាំនៅក្បែរផ្ទះរបស់ខ្ញុំ និងតំណាងអ្នកភូមិផ្សេងទៀត មានសម្លៀកបំពាក់ស៊ីវិល និងមានពាក់មួកឃ្លុប ក្នុងនោះមានប៉ូលិសប៉ុស្តិ៍ជាដើម។ ពេលពួកខ្ញុំចេញដំណើរទៅណាគេតាមជាប់។ អាជ្ញាធរបែរមិនយកពេលវេលាមកការពារសុវត្ថិភាពប្រជាពលរដ្ឋ មកតាមដានអ្នកភូមិបឹងកក់ទៅវិញ ដើរទៅណាក៏តាមដែរ»

លោកស្រីចោទប៉ូលិសដែលមិនទទួលសំណើអ្នកភូមិបឹងកក់ ថា ជាចេតនា ឬជាគំនុំគំកួនរបស់សមត្ថកិច្ចទៅលើអ្នកភូមិបឹងកក់ ដែលកន្លងមកបានប្រមូលផ្ដុំគ្នាតវ៉ាសុំសិទ្ធិរស់នៅស្របច្បាប់ក្នុងតំបន់បឹងកក ដែលត្រូវរដ្ឋាភិបាលបណ្ដេញចេញពីលំនៅឋានទាំងបង្ខំ។

ឆ្លើយតបចំពោះបញ្ហានេះ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា សមត្ថកិច្ចលោកមិនបានបដិសេធលិខិតរបស់តំណាងអ្នកភូមិបឹងកក់ ដូចការចោទប្រកាន់ទេ។ ប៉ុន្តែទទួលស្គាល់ថា មន្ត្រីលោកមិនបានបោះត្រា ឬចុះហត្ថលេខានៅលើលិខិតអ្នកភូមិបឹងកក់ ទៅតាមការស្នើសុំពិតមែន។

លោក ទូច ណារ៉ុថ៖ «ខ្ញុំដូចជាឆ្ងល់ដែរ អ្នកភូមិបាននិយាយថា មានប៉ូលិសតាមឃ្លាំមើលសកម្មភាពរបស់គាត់។ គាត់ថា ថ្ងៃមុនឃើញប៉ូលិសម្នាក់ជិះម៉ូតូតាមគាត់ រួចគាត់ពេលជិះម៉ូតូកង់បីថា ប៉ូលិសជិះតាម។ តើប៉ូលិសអត់មានសិទ្ធិទៅណាមកណាទេ ឬខ្ញុំ? ដូចជាឆ្ងល់ណាស់ជួនកាលប៉ូលិសគេធ្វើដំណើរស្របទិសគ្នា»

ដោយឡែកចំពោះការចោទប្រកាន់ដែលថា មានកម្លាំងប៉ូលិសស្លៀកពាក់ស៊ីវិល តាមឃ្លាំមើលសកម្មភាពរបស់អ្នកភូមិបឹកក់ លោក ទូច ណារ៉ុថ ចាត់ទុកថា ជាចោទប្រកាន់ខុសការពិត។ ទាក់ទងបញ្ហានេះ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក បានថ្លែងថា សមត្ថកិច្ចគួរពិចារណាលើកង្វល់អ្នកភូមិបឹងកក់ មុននឹងបដិសេធសំណើអ្វីមួយ។

លោកចាត់ទុកសកម្មភាពឃ្លាំមើលពីសកម្មភាពរស់នៅ ឬដើរហើររបស់អ្នកភូមិបឹងកក់ ពីសំណាក់អាជ្ញាធរថា ជាការគំរាមកំហែងទៅលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ចាន់ សុវ៉េត៖ «បើសិនជាមានលក្ខខណ្ឌតាមសម្លឹង តាមឃ្លាំមើល ឬតាមដានគ្រប់ជំហានយ៉ាងនេះ គឺជាការគំរាមកំហែងខាងផ្នែកសេរីភាពសម្តែងមតិរបស់ប្រជាពលរដ្ឋ។ ហើយមួយទៀតយើងមើលឃើញថា ការតាមដាននេះវាមិនសមស្របនឹងប្រទេសមួយកាន់លទ្ធិប្រជាធិបតេយ្យទេ។ បើសិនជាមានបញ្ហាអីមួយនោះ គួរតែរដ្ឋាភិបាលត្រូវតែឆ្លើយតបជាមួយប្រជាពលរដ្ឋសិនទៅ ថា តើត្រូវដោះស្រាយយ៉ាងម៉េចជាមួយការទាមទាររបស់ពួកគាត់ មិនមែនដាក់កម្លាំងតាមឃ្លាំមើលគ្រប់ដំណាក់កាលអ៊ីចឹងទេ»

ទោះយ៉ាងណាអ្នកភូមិបឹងកក់ បានបញ្ជាក់ថា ពួកគេបានត្រៀមពាក្យបណ្ដឹងដាក់ជូនអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បន្តទៀត នៅថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១២ ស្នើឲ្យជួយការពារសុវត្ថិភាព និងជួយទប់ស្កាត់សកម្មភាពចោរលួច និងប្លន់ កំពុងកើតមានក្នុងតំបន់បឹងកក់ ដើម្បីផ្ដល់សុវត្ថិភាពជូនពលរដ្ឋជៀសផុតពីការភ័យខ្លាច៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.