អ្នក​បឹង​កក់ និ​ង​​អ​តីត​អ្នក​បុរី​កីឡា​គ្រោង​ហែរ​ក្បួន​ដាច់​ពី​គ្នា​​ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​ជម្លោះ​ដី

កាន់ វិច្ឆិកា និង អ៊ឹង ប៊ុនថន,vodhotnews, ថ្ងៃអង្គារ ទី24 មេសា ឆ្នាំ2012 

អ្នកភូមិបឹងកក់ និងអតីតអ្នកបុរីកីឡា គ្រោងហែរក្បួនដាច់ដោយឡែកពីគ្នា នៅចុងខែនេះ ជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុនស៊ូកាគូអ៊ីន និងក្រុមហ៊ុនផានអ៊ីម៉ិច។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន អះអាងថា លោកបានដាក់លិខិតជូនដំណឹងទៅសាលារាជធានី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ នេះ ពីការប្រមូលផ្តុំប្រជាពលរដ្ឋបុរីកីឡា ហែរក្បួននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនផានអ៊ីម៉ិច ៖”ដើម្បីទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិចហ្នឹង គោរពកិច្ចសន្យាទៅលើការសាងសង់អាគារ នៅក្នុងកិច្ចសន្យានោះ ថានឹងសាងសង់១០អាគារ មាន៦ជាន់ ប៉ុន្តែជាក់ស្តែងឃើញតែ ទើបតែសាងសង់ បាន៨អាគារ”។

បើតាមលោក រ៉ុង ឈុន ការប្រមូលផ្តុំពលរដ្ឋនេះ នឹងធ្វើឡើងនៅលើសួនសេរីភាព ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា ១៥០នាក់ រួចហែរក្បួននេះ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសង់អាគារ ឲ្យពលរដ្ឋតាមកិច្ចសន្យា។

ដោយឡែក អ្នកភូមិបឹងកក់ ក៏បានដាក់លិខិតជូនដំណឹងទៅសាលារាជធានី ស្តីពីការប្រមូលផ្តុំគ្នាហែរក្បួននេះដែរ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ខាងមុខ។

អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋបឹងកក់ មានប្រសាសន៍ថា ការហែរក្បួននេះ គឺទាមទារឲ្យរដ្ឋាភិបាលឆាប់បញ្ចប់ជម្លោះដីនៅបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន ដោយសុំឲ្យបោះបង្គោលព្រំប្រទល់ទំហំដី ១២,៤៤ហិចតា ឲ្យបានច្បាស់លាស់ និងសុំឲ្យបញ្ចូលឈ្មោះគ្រួសារទាំងជាង៩០ ឲ្យមានសិទ្ធិរស់នៅលើដី ១២,៤៤ហិចតា ដែលជាដីប្រទានកម្មរបស់រដ្ឋាភិបាលនោះ ៖ ”យើងមានបំណងយើងពីរ ទីមួយសុំអោយបោះព្រំប្រទល់ ទំហំដី១២.៤៤ហិចតាហ្នឹងអោយបានច្បាស់លាស់ដាច់ពីក្រុមហ៊ុន ទីពីរសុំអោយបញ្ចូលឈ្មោះគ្រួសារទាំងជាង ៩០គ្រួសារហ្នឹង អោយគាត់មានសិទ្ធិរស់នៅលើដី១២.៤៤ហិចតា ដែលជាប្រទានកម្មរបស់ប្រមុខរដ្ឋាភិបាល ដែលយើងទាមទារអោយបោះព្រំហ្នឹង”។

អ្នកស្រី ទេព វន្នី បន្តថាការដង្ហែរក្បួននោះ នឹងចាប់ផ្តើមពីម៉ោង៧:៣០នាទីព្រឹក ដោយមានប្រជាជនចូលរួម ប្រមាណជា៣០០ ទៅ ៤០០នាក់ ដោយដើរចេញពីបឹងកក់ទៅកាន់ស្ថាប័នរដ្ឋផ្សេងៗទៀត។ តំណាងពលរដ្ឋរូបនេះ អះអាងថា ការហែរក្បួននោះនឹងធ្វើរហូត ដរាបណាមានដំណោះស្រាយសមស្រប។

សំលេងប្រជាធិបតេយ្យ មិនអាចទាក់ទងសុំការឆ្លើយតបពីមន្ត្រីសាលារាជធានីបាននៅឡើយទេ នៅថ្ងៃអង្គារនេះ ដោយមន្រ្តីមួយចំនួនដែលបានទាក់ទងប្រាប់ថាជាប់រវល់៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.