ពលរដ្ឋ​បឹងកក់​នាំគ្នា​ដាក់​ច្រវា​ក់ដៃ ពាក់​ម៉ាស ហែ​ក្បួន​ស្វែងរក​អន្តរាគមន៍​

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012
ប្រជាពលរដ្ឋបឹងកក់ដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២

ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ប្រមាណ ៣០០ នាក់ មានខ្លះដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងមានកាន់ទង់ជាតិប្រទេសមហាអំណាច និងទង់ជាតិសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ រួមទាំងទង់ជាតិបណ្តាប្រទេសមួយចំនួនទៀត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។

ប្រជាពលរដ្ឋបានដើរដង្ហែក្បួនចេញពីតំបន់បឹងកក់ តាមផ្លូវព្រះមុនីវង្ស ដោយប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ហើយបានធ្វើការស្រែកទាមទារឲ្យដោះស្រាយដល់ពួកគាត់ ជាពិសេសបោះព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឲ្យប្រជាពលរដ្ឋ និងបានហែក្បួនយកញត្តិទៅដាក់ឲ្យស្ថានទូតសហរដ្ឋអាមេរិក ព្រឹទ្ធសភា និងស្ថានទូតជប៉ុន ដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់។

ក្នុងការដង្ហែក្បួននេះ ក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា និងសហគមន៍៣៤៧ ដោយមានការពាក់អាវយឺត និងមួកពណ៌ផ្ទៃមេឃ ដោយមានបោះពុម្ពជាអក្សរ ទាមទារឲ្យបោះព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាមួយឡើយ ពលរដ្ឋមានសិទ្ធិទទួលលំនៅដ្ឋានសមរម្យ បញ្ឈប់លាបពណ៌ប្រជាពលរដ្ឋ ត្រូវគោរពសិទ្ធិមនុស្ស (ផ្នែកខាងមុខអាវ) កុំយកប្រព័ន្ធតុលាការមកគាបសង្កត់យកដីរាស្ត្រ សូមឲ្យអាស៊ាន អឺរ៉ុប អាមេរិក ជួយបញ្ឈប់ការបណ្តេញចេញ (ផ្នែកខាងក្រោយ)។ ចំណែកនៅលើមួកសរសេរថា ដីទំហំ ១២,៤៤ ហិកតា ជារបស់ប្រជាពលរដ្ឋ អនុក្រឹត្យ១៨៣។

បន្ទាប់ពីដើរហែក្បួនចេញពីតំបន់បឹងកក់ ប្រជាពលរដ្ឋបានមកប្រមូលផ្តុំគ្នានៅពីមុខសាលារាជធានីភ្នំពេញ រួចហែទៅស្ថានទូតសហររដ្ឋអាមេរិក ដោយពួកគាត់នាំគ្នាលុតជង្គង់ លើកដៃសំពះទាំងដៃជាប់ច្រវាក់ នៅមុខស្ថានទូតឲ្យជួយអន្តរាគមន៍ដល់ពួកគាត់។ បន្ទាប់មកបន្តហែក្បួនតាមបណ្តោយផ្លូវប៉ាស្ទ័រ លុះដល់ចំណុចខាងលិចវត្តលង្ការ ប្រជាពលរដ្ឋចង់ហែក្បួនទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថ នគរបាលបង្ក្រាបបាតុកម្មរាប់សិបនាក់ បានដាក់ប៉ារាស់ហាមឃាត់មិនឲ្យហែទៅនោះទេ ហើយក៏គ្មានការប្រើអំពើហិង្សាដាក់គ្នាឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏ជួយសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីអាជ្ញាធរហាមមិនឲ្យហែក្បួនទៅភូមិគ្រឹះសម្តេចតេជោ ប្រជាពលរដ្ឋបានបន្តដំណើរតាមផ្លូវប៉ាស្ទ័រ រួចបត់ឡើងទៅផ្លូវនរោត្តម ឆ្ពោះទៅដាក់ញត្តិជូនសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងស្ថានទូតជប៉ុន ឲ្យជួយអន្តរាគមន៍។ ញត្តិរបស់ប្រជាពលររដ្ឋ ត្រូវបានទទួលយកដោយមន្ត្រីព្រឹទ្ធសភា និងមន្ត្រីស្ថានទូតជប៉ុន បន្ទាប់មកប្រជាពលរដ្ឋក៏បានរំសាយការហែក្បួន។

តំណាងប្រជាពលរដ្ឋបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ការហែក្បួនរបស់ប្រជាពលរដ្ឋសហគមន៍បឹងកក់ គឺបង្ហាញពីការចង់ឲ្យមានការគោរពច្បាប់ សិទ្ធិ និងគោរពអនុក្រឹត្យ ដោយទី១. ឲ្យមានការបោះព្រំប្រទល់ដី ១២.៤៤ ហិកតា ដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ទាំងអស់ ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ ទី២. ទាមទារសុំកុំឲ្យមន្ត្រីអាជ្ញាធរឃុបឃិតជាមួយក្រុមហ៊ុន កាត់ប្រជាពលរដ្ឋជាង ៩៤ គ្រួសារចេញ ហើយដាក់ឈ្មោះក្រុមហ៊ុនឲ្យមានសិទ្ធិយកចំណែកដី។ ទី៣. ចង់បង្ហាញពីស្ថាប័នតុលាការមិនឯករាជ្យ ត្រូវបានមន្ត្រីពុករលួយមួយចំនួនឃុបឃិតគ្នា ប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារដីធ្លី ដើម្បីចង់បានដីប្រជាពលរដ្ឋ។

អ្នកស្រី វន្នី បានបញ្ជាក់ថា “ការដាក់ច្រវាក់ដៃបង្ហាញថា ពួកខ្ញុំប្រៀបដូចជាអ្នកទោសដែលនៅក្នុងគុកគ្មានជញ្ជាំង បើសិនជាពួកខ្ញុំមិនមែនជាអ្នកទោសដោយសារការការពារដីធ្លីទេ មិនមែនគេប្តឹងពួកខ្ញុំឡើងតុលាការជាបន្តបន្ទាប់ ដោយសារតែការពារសិទ្ធិ ការពារលំនៅដ្ឋាន ការពារដីធ្លីរបស់យើង ជាពិសេសដោយសារតែពួកខ្ញុំការពារដី ១២,៤៤ ហិកតា ដែលសម្តេចបានធ្វើប្រទានកម្មជូនមកប្រជាពលរដ្ឋ ហើយមិនដឹងងថា ដី ១២,៤៤ ហិកតា មានអាថ៌កំបាំងអ្វីទេ”។

ចំណែកលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំអត់មានយោបល់អីទេ ពីព្រោះរឿងហ្នឹង វាចាស់ពេកហើយ”។

សូមជម្រាបថា ការហែក្បួនរបស់ប្រជាពលរដ្ឋតំបន់បឹងកក់តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺមានរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដោយការហែក្បួននេះ គឺមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ បន្ទាប់ពីបានប្រជុំពិភាក្សាគ្នារវាងមន្ត្រីសាលារាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋបឹងកក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២៕ K

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.