ពលរដ្ឋ​បឹងកក់​ប្រមាណ ៣០០ នាក់ ចាប់ផ្ដើម​ដើរ​ហែ​ក្បួន

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012

Give our kids a better deal

ភ្នំពេញ: ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណ ៣០០នាក់ បានហែក្បួនតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី៣០ ខែមេសានេះ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដើម្បីទាមទារបោះបង្គោលកំណត់ព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងទាមទារឲ្យអាជ្ញាធរ ដកពាក្យបណ្តឹង។ការហែក្បួននេះ ធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋបឹងកក់ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។

តំណាងប្រជាពលរដ្ឋបានលើកឡើងថា ការហែក្បួនតាមផ្លូវសាធារណៈ គឺក្នុងគោលបំណងទាមទារឲ្យអាជ្ញាធរបោះព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងដកពាក្យបណ្តឹង។

អ្នកស្រី ទេព វន្នី ពលរដ្ឋបឹងកក់ បានឲ្យដឹងថា “ការហែក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះ ក៏មានការដាក់ញត្តិតាមបណ្តាស្ថានទូតនានា រដ្ឋសភា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងម្ចាស់ជំនួយ”។

អ្នកស្រីបន្តថា ការដើរហែក្បួនតាមផ្លូវ ប្រជាពលរដ្ឋពាក់អាវ និងមួក ដោយនៅលើមួកសរសេរអក្សរ អនុក្រឹត្យ១៨៣, និងដី ១២,៤៤ ហិកតា របស់ប្រជាពលរដ្ឋ។ ចំណែកនៅលើអាវវិញ ផ្នែកខាងមុខសរសេរថា បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាចេញ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ។ ចំណែកនៅផ្នែកខាងក្រោយខ្នងអាវវិញ ដាក់ថា យើងទាំងអស់គ្នារួមគ្នាការពារសិទ្ធិដីធ្លី និងលំនៅដ្ឋាន។ ក្រៅពីនេះនឹងលើកទង់ជាតិប្រទេសកម្ពុជា ទង់សាសនា និងទង់អាស៊ាន រួមទាំងទង់ជាតិអន្តរជាតិផ្សេងៗទៀត ហើយក៏មានពាក់ម៉ាស់ (គូសខ្វែងមាត់ បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ) ផងដែរ៕ S

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.