អ្នកភូមិ​បឹងកក់​ជាង ២០០នាក់ ដង្ហែ​ក្បួន​ដាក់​ញត្តិ​ឲ្យព្រឹទ្ធ​សភា​ និង​ស្ថាន​ទូត​នានា​អន្តរា​គមន៍​ជម្លោះ​ដី​

ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន,vodhotnews, ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012 

ប្រជាពលរដ្ឋបឹងកក់ជាង ២០០នាក់ ដង្ហែក្បួនដាក់ញត្តិជូនព្រឹទ្ធសភា និងស្ថានទូតនានា ដើម្បីស្វែងរកអន្តរាគមន៍ ឲ្យជួយជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់ព្រំប្រទល់ដីរបស់ពួកគេឲ្យបានច្បាស់ នៅព្រឹកថ្ងៃច័ន្ទនេះ។

នៅក្នុងការដង្ហែក្បួនពីសួនសេរីភាពនៅជិតវត្តភ្នំ ឆ្ពោះទៅកាន់ព្រឹត្តសភា និងស្ថានទូតនានានោះគេ ឃើញមានអតីតអ្នកបុរីកីឡាចូលរួមផងដែរ។ ប្រជាពលរដ្ឋពាក់អាវយឺត មានសរសេរពាក្យស្លោក និង តំណាងពលរដ្ឋប្រាំនាក់បានដាក់ច្រវាក់ដៃជាប់ៗគ្នា ដោយអះអាងថា ពួកគេជាអ្នទោសដីធ្លី។

អ្នកស្រី ហេង មុំ ជាតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមនោះមានប្រសាសន៍ថា ពួកគាត់ដាក់ញត្តិសុំឲ្យព្រឹទ្ធសភា ស្ថានទូតអាមេរិក និងស្ថានទូតជប៉ុន ជួយជម្រុញឲ្យអាជ្ញាធក្រុង និងស្ថាប័នពាក់ព័ន្ធ កំណត់ព្រំប្រទល់ដី ១២,៤៤ហិកតាឲ្យបានច្បាស់លាស់។ អ្នកស្រីបន្តថា អាជ្ញាធរត្រូវដកឈ្មោះក្រុមហ៊ុនចេញ ដោយប្រគល់ដីទាំងអស់ឲ្យពួកគាត់ ដែលនៅសល់ឲ្យប្រជាពលរដ្ឋជិត ១០០គ្រួសារអភិវឌ្ឍន៍នៅនឹងកន្លែង ៖“ថ្ងៃនេះពួកខ្ញុំធ្វើក្បួនដង្ហែយកញត្តិមកដាក់នៅព្រឹទ្ធសភា ទាមទារបោះព្រំប្រទល់ដី១២ហិកតាអោយបានឆាប់ និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋអោយបានឆាប់ និងបញ្ឈប់យកប្រព័ន្ធតុលាការមកគៀបសង្កត់ពួកខ្ញុំ ពួកខ្ញុំបានសំរេចចិត្តថា ធ្វើការតវ៉ា ធ្វើក្បួនដង្ហែនេះលុះត្រាណាតែមានដំណោះស្រាយ បើគ្មានដំណោះស្រាយទេពួកខ្ញុំនឹងធ្វើបន្តបន្ទាប់ទៅ និងរកយុទ្ធសាស្ត្រប្លែកៗទៀតដើម្បីធ្វើការតវ៉ា”។

អ្នកស្រីបញ្ជាក់ថា រាល់ការតវ៉ារបស់ពួកគាត់នេះ មិនមានការគាំទ្រពីអង្គការសង្គមស៊ីវិលដូចការចោទប្រកាន់របស់អាជ្ញាធរមូលដ្ឋានកន្លងមកនោះទេ។

បើតាមមន្រ្តីស្ថានទូតអាមេរិក និងស្ថានទូតជប៉ុនអះអាងថា គេនឹងត្រូតពិនិត្យឯកសារនេះរួចបញ្ជូនទៅអ្នកគ្រប់គ្រងជាអ្នកសម្រេច។

បើតាមតំណាងប្រជាពលរដ្ឋអ្នកស្រី បូ ឆវីដែលចូលទៅដាក់ញត្តិនៅក្នុងព្រឹទ្ធសភាបានឲ្យដឹងថា មន្រ្តីនៅព្រឹទ្ធសភាបានទទួលយកញត្តិរបស់គាត់ ហើយសន្យាថានឹងដោះស្រាយបញ្ហានេះឲ្យប្រជាពលរដ្ឋឲ្យបានឆាប់។  អ្នកស្រីបន្តថា ចំពោះប្រជាពលរដ្ឋ ដែលត្រូវបានកាត់ចេញពីបញ្ជីអ្នកទទួលបានដីជាង១២ហិកតា កន្លងមក ត្រូវយកឯកសារពាក់ព័ន្ធដាក់ឲ្យព្រឹទ្ធសភានៅរសៀលនេះ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា នៅថ្ងៃស្អែកនេះ ពួកគាត់នឹងយកញត្តិដដែលនេះ បន្តដង្ហែដាក់ឲ្យទៅរដ្ឋសភា និងស្ថានទូតផ្សេងៗទៀត៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.