អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ជួបជុំ តវ៉ា​មុខ​តុលាការ​

រតនា, CEN NEWS ,ថ្ងៃទី 4 ឧសភា 2012

Give our kids a better deal
រូបទីមូង តំណាងឈ្មួញខិលខូច និងមន្ត្រីពុករលួយ ដែលអ្នកបឹងកក់ និងអ្នករស់នៅបុរីកីឡា លើកតវ៉ា នៅមុខតុលាការ កាលពីព្រឹកថ្ងៃទី៤ឧសភា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

1 of 3   
ភ្នំពេញ: ស្ត្រីអ្នកភូមិបឹងកក់ និងអ្នករស់នៅបុរីកីឡា ប្រមាណជាង ១០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ក្រោយពីតុលាការ កោះហៅប្រជាពលរដ្ឋចំនួន ៦នាក់ ដើម្បីចូលឆ្លើយបំភ្លឺ ជាមួយលោកព្រះរាជអាជ្ញារង វ៉ា សក្តា តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ និងជេរប្រមាថ របស់ភាគីអ្នកភូមិបឹងកក់ម្ខាងទៀត គឺអ្នកស្រី លី មុំ។

ស្ត្រីទាំង ៦ នាក់ ដែលត្រូវចូលខ្លួននៅព្រឹកនេះ រួមមាន៖ អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចន្ថា អ្នកស្រី ឆេង លាភ អ្នកស្រី ង៉ែត ខុន និងអ្នកស្រី តុល ស្រីពៅ។

ដោយសារតែការពុះកញ្ជ្រោលនៅក្នុងការតវ៉ា និងការហៅតំណាងបឹងកក់ ៦នាក់ មកសាកសួរនោះ កម្លាំងប្រដាប់អាវុធប្រមាណជាង ១០០នាក់ បានត្រៀមបង្ក្រាប និងមានរថយន្ត សម្រាប់ចាប់ប្រជាពលរដ្ឋផង ក្រោមការដឹកនាំដោយផ្ទាល់ពីលោកស្នងការរង ភួង ម៉ាឡៃ។ ក៏ប៉ុន្តែការជួបជុំតវ៉ា មិនមានអំពើហឹង្សាកើតឡើងទេ។

កំណាត់ផ្លូវនៅខាងមុខតុលាការ ចាប់ពីរង្វង់មូលអាងទឹក រហូតដល់ជិតវត្តព្រះពុទ្ធ ខាងជើងស្តាតអូឡាំពិក ត្រូវបានបិទជាបណ្តោះអាសន្នមួយរយៈពេល ខណៈដែលក្រុមស្ត្រីពលរដ្ឋបឹងកក់ និងអ្នករស់នៅបុរីកីឡា លើកបដា ស្រែកតវ៉ា ដោយមានទាំងរូបទីងមោង តំណាងឲ្យឈ្មួញខិលខូច និងជនពុករលួយ។ ស្ត្រីអ្នកតវ៉ា ក៏បានបាចលុយដុល្លារសម្រាប់សែន រាយប៉ាយ ពេញផ្លូវនៅមុខតុលាការផងដែរ។

ទីបំផុតទៅ តំណាងអយ្យការ បានលើកពេលសាកសួរក្រុមស្ត្រីបឹងកក់ទាំង ៦ នាក់ ទៅថ្ងៃក្រោយ ដោយគ្មានពេលកំណត់។

ក្រុមស្ត្រីបឹងកក់ និងអ្នករស់នៅបុរីកីឡា ក៏បានដើរហែក្បួន ដោយលើកបដា និងអូសរូបទីមូង ចេញពីមុខសាលាដំបូងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។

ជាការកត់សម្គាល់ ក្រុមស្ត្រីបឹងកក់ បានធ្វើយុទ្ធនាការហែក្បួនតវ៉ា និងដាក់ញត្តិ រយៈពេលមួយសប្តាហ៍ ចាប់តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៦ឧសភា ឆ្នាំ២០១២ ដើម្បីតវ៉ារឿងដីធ្លី នៅបឹងកក់ ពិសេសសុំឲ្យអាជ្ញាធរ បោះព្រំដី កំណត់ទីតាំងដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចហ៊ុនសែន បានសម្រេចកាត់ឲ្យប្រជាពលរដ្ឋបឹងកក់ អភិវឌ្ឍន៍នៅនឹងកន្លែង។ ក្រុមអ្នកភូមិបឹងកក់ ក៏បានតវ៉ា កុំឲ្យអាជ្ញាធរ កាត់ឈ្មោះប្រជាពលរដ្ឋជាង ៩០ គ្រួសារ ចេញពីទំហំដី ១២,៤៤ ហិកតា ជាដើម៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.