ជនរងគ្រោះ​រំលោភ​ដីធ្លី​នៅ​បឹងកក់​ដាក់​ញ្ញតិ្ត​ជូន​អ្នករាយការណ៍​ពិសេស​អ.ស.ប.

ហេង រស្មី,  វីអូអេ ខ្មែរ , ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១២

អ្នករាយការណ៍ពិសេសរបស់លោក បានគីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសុរិយា ប្រាសាទស៊ូប៊ែឌី

«ត្រូវការទីជម្រក ត្រូវការសាលារៀន។ រាល់ថ្ងៃនេះហូបបាយក៏មិនចូលដែរ រុយហើរចូលពេញ។ ខ្ញុំមានការឈឺចាប់ណាស់! សុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់ ១០អគារជូនពួកខ្ញុំវិញ»។

សំឡេងទះដៃបានលាន់ឮយ៉ាងកងរំពងឡើងខណៈពេលដែលមន្ត្រីជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅដល់តំបន់សហគមន៍បុរីកីឡាដែលរងគ្រោះ ដោយសារតែការបណ្តេញចេញ។

លោកសុរិយា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់លោក បានគីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានទទួលស្វាគមន៍ដោយកម្រងផ្កា និងបាច់ផ្កាពីប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡា និងតំបន់បឹងកក់។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែការបណ្តេញចេញដោយបង្ខំទាំងពីរមានឱកាសបានដាក់ញត្តិដោយផ្ទាល់ដៃជួនលោកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងខណៈពេលដែលលោកបានចុះទៅធ្វើទស្សនកិច្ចដោយផ្ទាល់នៅកន្លែងដែលមានការបណ្តេញចេញ។

លោកសុរិយា ប្រាសាទស៊ូប៊ែឌី បានឡោមព័ទ្ធជុំជិតដោយប្រជាពលរដ្ឋ និងមួយចំនួនទៀតបានស្រែកទ្រហូរយំ ព្រមទាំងជំរុញឲ្យលោកជួយរកដំណោះស្រាយផ្តល់ទីជម្រកដល់ពួកគេ បន្ទាប់ពីក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ ស៊ីផាន បានបណ្តេញចេញដោយបង្ខំកាលពីឆ្នាំទៅ។

«ពួកខ្ញុំមកជ្រកនៅកន្លែងនេះហើយ គេ [រកកល] កម្ទេចពួកខ្ញុំទៀត»។

ដើរកាត់តង់កៅស៊ូដែលប្រជាពលរដ្ឋកំពុងស្នាក់នៅ ក្បែរអគារខ្ពស់ៗ និងកំពុងតែរស់នៅក្បែរគំនរសំរាមដែលមានឃ្លិនស្អុយ ស្ទើរតែទ្រាំពុំបាន លោកសុរិយា ប្រាសាទស៊ូប៊ែឌី បានពិនិត្យមើលទីតាំងស្នាក់នៅដោយផ្ទាល់ ហើយលោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋថាលោកនឹងដាក់ចូលបញ្ហាទាំងនេះទៅក្នុងរបាយការណ៍របស់លោក។

លោកបានមានប្រសាសន៍ថាអ្វីដែលលោកមើលឃើញព្រឹត្តិការណ៍នៅថ្ងៃនេះ ធ្វើឲ្យលោកបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរស់នៅរបស់ប្រជាជន។ លោកបានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា បញ្ហានេះមិនត្រឹមតែមានការរំលោភសិទ្ធិមនុស្សទេវាថែមទាំងរំលោភផ្នែកមនុស្សធម៌ទៀតផង។

«ជានិច្ចកាលគាត់តែងតែលើកពីបញ្ហាហ្នឹងដល់រដ្ឋាភិបាល។ ហើយគាត់សូមធានាថា គាត់នឹងលើករឿងនេះតទៅទៀត ដើម្បីឲ្យរដ្ឋាភិបាលថ្នាក់ជាតិបាន ដឹងឮ»។

នៅមុនពេលដំណើរទស្សនកិច្ចរបស់លោកសុរិយា ប្រាសាទស៊ូប៊ែឌី ប្រជាពលរដ្ឋនៅសហគមបុរីកីឡាជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រីស៊ុយ ស៊ីផាន ដែលពុំបានសាងសង់អគារពីរបន្ថែមទៀតសម្រាប់ឲ្យពួកគេស្នាក់នៅ។

«ត្រូវការទីជម្រក ត្រូវការសាលារៀន។ រាល់ថ្ងៃនេះហូបបាយក៏មិនចូលដែរ រុយហើរចូលពេញ។ ខ្ញុំមានការឈឺចាប់ណាស់! សុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់ ១០អគារជូនពួកខ្ញុំវិញ»។

អ្នកស្រី ស៊ូ អ៊ីម អាយុ៥៨ឆ្នាំ រស់នៅសហគមបុរីកីឡាបាននិយាយថា ក្រុមហ៊ុនត្រូវតែគោរពតាមគោលការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលតម្រូវឲ្យក្រុមហ៊ុននេះសាងសង់អគារពីរបន្ថែមទៀត។

«ជួយធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសាងសង់អគារទី៩ ទី១០ ឲ្យប្រជាពលរដ្ឋឡើងវិញ ដែលគាត់ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋ»។

បន្ទាប់ពីមានការបណ្តេញចេញដោយបង្ខំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ក្រុមហ៊ុនផានអ៊ីម៉ិចមិនទាន់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋដែលនៅសេសសល់ប្រមាណ១១៧គ្រួសារទៀតនៅឡើយទេ។ វីអូអេមិនអាចទាក់ទងអ្នកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចនៅថ្ងៃពុធនេះដើម្បីសុំសេចក្តីបំភ្តឺបានទេ។

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.