អ្នក​បឹង​កក់​និង​បុរី​កីឡា​បោះ​តង់​ដាំ​បាយ​នៅ​មុខ​សាលា​រាជ​ធានី​ ជំរុញ​ឲ្យ​​​ដោះ​ស្រាយ​ដី​ធ្លី​

ញឹមសុខន និង អ៊ឹង ប៊ុនថន,VOD, ថ្ងៃច័ន្ទ ទី21 ឧសភា ឆ្នាំ2012 

bong_kork120521_korn

អ្នកបឹងកក់ និងបុរីកីឡានាំគ្នាតវ៉ា បិទផ្លូវចេញចូលរបស់សាលារាជធានីភ្នំពេញ

អ្នកបឹងកក់ និងអតីតអ្នកបុរីកីឡា ដែលមានកុមារតូចៗ ប្រមាណជាង៦០នាក់ បានយកចង្ក្រាន ចាន ឆ្នាំង បន្លែ អង្ករ អង្គុយបិទច្រកផ្លូវ ចេញចូលសាលារាជធានីភ្នំពេញ ដើម្បីបង្ខំឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគេ។

នៅក្រោមកំដៅថ្ងៃ ដែលមានឆ័ត្រព្រោងព្រាត នាព្រឹកថ្ងៃច័ន្ទនេះ អ្នកភូមិបឹងកក់ដែលមានពាក់អាវពណ៌ផ្ទៃមេឃ និងមានសរសេរសារជាច្រើននៅលើអាវ ក្នុងន័យឲ្យអាជ្ញាធរបញ្ឈប់យកតុលាការកៀបសង្កត់ប្រជាពលរដ្ឋផងនោះ ពួកគាត់បានព្រមានថា ប្រសិនបើអាជ្ញាធររាជធានី នៅតែមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ តាមការសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ គឺពួកគេនឹងបោះតង់ ដាំបាយហូបជាមួយនឹងកូនៗរបស់ពួកគេនៅច្រកផ្លូវចេញចូលសាលារាជធានីភ្នំពេញ រហូតទាល់តែមានដំណោះស្រាយ ៖” ខ្ញុំប្រាប់ហើយបើសាលាក្រុងនៅតែនិយាយពាក្យដដែលៗ ចាំរាយការណ៍ថ្នាក់លើ រាយការណ៍ថ្នាក់លើពួកខ្ញុំទៅផ្ទះសម្ដេចហើយ។ ពួកខ្ញុំទាមទារដីដែលសម្ដេចអោយពួកខ្ញុំរស់នៅ មិនមែនទាមទារដីសាលាក្រុងទេ ប្រសិនបើអស់លោក ក៏អស់លោកឈឺចាប់ដែរ នៅពេលដែលសម្ដេចចេញអនុក្រឹត្យហើយ អស់លោកទៅឈូសកំទេចចោលនោះ សូម្បីតែសៀវភៅមេរៀនកូនក៏ខ្ញុំយកចេញអត់ទាន់ដែរ”។

ចំណែក ក្រុមអតីតសហគមន៍បុរីកីឡា បានឲ្យដឹងថា ការអូសបន្លាយរកដំណោះស្រាយ ជូនពួកគាត់បន្ទាប់ពីបណ្តេញចេញទាំងបង្ខំ កាលពីដើមឆ្នាំ២០១២ រហូតមកដល់ពេលនេះ ធ្វើឲ្យពួកគាត់ មួយចំនួនស្លាប់ និងមួយចំនួនទៀតធ្វើអត្តឃាតដោយអស់ជំនឿលើមន្ត្រីមូលដ្ឋាន ចេះតែសន្យាហើយពន្យាពេលដោយមិនមានដំណោះស្រាយ ៖”តាមពិតពួកខ្ញុំមានដីមានផ្ទះត្រឹមត្រូវ ប៉ុន្តែជាលេសមួយដើម្បីយកដីពួកខ្ញុំ យកផ្ទះពួកខ្ញុំហើយចោទប្រកាន់ពួកខ្ញុំរបៀបនេះពួកខ្ញុំអត់អាចទទួលយកបានទេ។ ពួកខ្ញុំសូមអោយសាលាក្រុងដោះស្រាយ ព្រោះខែនេះខែភ្លៀងហើយ ប្រជាពលរដ្ឋឈឺច្រើនណាស់ ដាច់បាយ កូនក្មេងទើបតែស្លាប់ក៏មានដែរ អ្នកខ្លះអត់បានផ្ទះលោតលើអាគារទី៤ ក៏មានដែរពីម្សិលមិញម៉ោង៤យប់ ដោយសារពួកគាត់អត់បានផ្ទះ ពួកគាត់ឈឺចាប់ អញ្ចឹងពួកគាត់ទៅលោតសំលាប់ខ្លួន។ ពួកខ្ញុំនឹងធ្វើអត្តឃាតបន្តទៀត បើសាលាក្រុងនៅតែងងើលមិនព្រមយកអនុសាសន៍សម្ដេចមកអនុវត្តទេ”។

នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាមិនត្រូវបានថ្នាក់ក្រោមយកទៅអនុវត្ត បើទោះបីកន្លងមក លោកនាយករដ្ឋមន្ត្រីធ្លាប់បានចេញអនុក្រឹត្យកាត់ដីនៅតំបន់បឹងកក់ជូនពលរដ្ឋ និងខុទ្ទកាល័យរបស់លោកចេញលិខិតអន្តរាគមន៍នៅដើមខែឧសភានេះ ទៅសាលារាជធានីភ្នំពេញឲ្យជួយដោះស្រាយក៏ដោយ ក៏ចំណាត់ការនេះហាក់មិនមានប្រសិទ្ធិភាព។

VOD មិនអាចសុំអត្ថាធិប្បាយពីអនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក កើត ឆែ ជុំវិញសំណើរពលរដ្ឋនៅថ្ងៃច័ន្ទនេះបានទេ ដោយមិនមានអ្នកលើកទូរស័ព្ទ។ ប៉ុន្តែតំណាងអតីតអ្នកភូមិបុរីកីឡាដែលបានចូលជួបមន្ត្រីសាលារាជធានី បានឲ្យដឹងថា ករណីនេះ មន្រ្តីសាលារាជធានីសន្យាម្តងទៀតថា នឹងជួបពិភាក្សាជាមួយនឹងក្រសួងពាក់ព័ន្ធនៅថ្ងៃទី៦ ខែមិថុនាខាងមុខ បន្ទាប់ពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រួច។ ចំណែកបញ្ហារបស់អ្នកភូមិបឹងកក់ កំពុងពិភាក្សានៅឡើយ គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់នេះ ។

បើតាមអ្នកភូមិ បានឲ្យដឹងថា គោលបំណងរបស់អ្នកភូមិនៅតំបន់បឹងកក់ នៅពេលនេះ គឺទាមទារឲ្យអាជ្ញាធររាជធានី បោះបង្គោលកំណត់ព្រំដីជូនអ្នកភូមិ ទៅតាមអនុក្រឹត្យលោកនាយករដ្ឋមន្ត្រីក្នុងទំហំ ១២,៤៤ ហិកតា និងមិនត្រូវដកប្រជាពលរដ្ឋចំនួន ៩១គ្រួសារចេញពីដីនោះទេ។

រីឯអតីតអ្នកបុរីកីឡាវិញ បានទាមទារឲ្យសាលារាជធានី ជំរុញឲ្យក្រុមហ៊ុនផានអ៊ីមិច សាងសង់អាគារ ឲ្យពួកគេឲ្យបានគ្រប់ចំនួន តាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋកន្លងមក ដើម្បីឲ្យពួកគេជាង ១០០គ្រួសារ ដែលត្រូវបណ្តេញ កាលពីដើមខែមករាកន្លងទៅនោះ បានរស់នៅលើអាគារថ្មីនេះ៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.