ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

អ៊ួន ឈិន,RFA,ថ្ងៃទី ២២ ខែ ឧសភា ឆ្នំា ២០១២
ស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលដែលស្ត្រីទាំងនោះកំពុងនាំគ្នាច្រៀងចម្រៀងមួយចំនួនស្ដីពីការបណ្ដេញចេញដោយបង្ខំ។ រីឯស្ត្រីម្នាក់ទៀតត្រូវបានកងកម្លាំងអាជ្ញាធរវាយឲ្យរបួសលើក្បាលចំនួន ៣ថ្នេរ។

ស្ត្រីអ្នកភូមិបឹកកក់ម្នាក់ ក្នុងចំណោម ១៣នាក់ ត្រូវកម្លាំងមានសមត្ថកិច្ចចាប់ដាក់លើរថយន្ត នាតំបន់បឹងកក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២។

ការចាប់ខ្លួនស្ត្រីទាំង ១៣នាក់ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ អមដោយកងកម្លាំងប៉ូលិស ប៉េអិម ដែលប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ បានរារាំងអតីតប្រជាពលរដ្ឋភូមិ ១ នៃតំបន់បឹងកក់ ដែលផ្ទះរបស់ពួកគាត់ត្រូវបានគេបូមខ្សាច់ពន្លិច និងវាយកម្ទេចកាលពីឆ្នាំ២០១០ មិនឲ្យពួកគាត់សង់ផ្ទះឡើងវិញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២។

ក្នុងការរារាំង កងកម្លាំងអាជ្ញាធរសរុបប្រមាណជិត ១០០នាក់ បានដណ្ដើមយកបដាពាក្យស្លោកផ្សេងៗ ប្រមូលយកឈើ និងសម្ភារៈមួយចំនួនពីក្រុមអ្នកបឹងកកក់ ដែលប៉ុនប៉ងសង់លំនៅឋាននៅលើដីផ្ទះចាស់របស់ពួកគាត់។

ក្នុងហេតុការណ៍ដដែលនេះដែរ បុរសម្នាក់ក្នុងចំណោមអតីតប្រជាពលរដ្ឋភូមិ១ ដែលបានបាត់បង់ផ្ទះសម្បែងដោយការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ហើយមិនបានទទួលសំណង លោក ដួង ឈើត បានននៀលលើដីខ្សាច់ហើយស្រែកថា លោកសុខចិត្តឲ្យគេវាយ ឬសម្លាប់ ប្រសើរជាងការរស់នៅដោយគ្មានទីជម្រក។

លោក ដួង ឈើត បានលូនផ្កាប់មុខនៅលើខ្សាច់ក្រោមកម្ដៅថ្ងៃខ្លាំងរហូតដល់សន្លប់ ក្រោមសម្រែកទួញសោកពីសំណាក់ប្រពន្ធ និងកូនស្រីម្នាក់របស់លោក ហើយលោកត្រូវបានគេដឹកទៅទទួលការសង្គ្រោះពីសំណាក់គ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ។

ក្រុមអ្នកមន្ត្រីសិទ្ធិមនុស្សមួយចំនួនកំពុងតាមឃ្លាំមើលការចាប់ខ្លួនក្រុមស្ត្រីអ្នកភូមិបឹងកក់ ដោយកងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ។

សូមលោកអ្នករង់ចាំស្ដាប់របាយការណ៍បន្ថែម និងទស្សនាវីដេអូរបស់វិទ្យុអាស៊ីសេរី អំពីករណីនេះ!

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.