អ្នក​បឹងកក់​ស្លៀក​សារុង​តំណាង​អំណោយ CPP តវ៉ា

ឃុត សុភចរិយា,Phnom Penh Post,ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១២

120522_05a

អ្នកបឹងកក់ស្លៀកសារុងតំណាងអំណោយគណបក្សប្រជាជនអង្គុយតវ៉ា។

ភ្នំពេញៈ ពលរដ្ឋក្នុងតំបន់បឹងកក់ជិត ១០០ នាក់ បាននាំគ្នាស្ពាយកន្ទេល ឆត្រ និងម្ហូបអាហារ ដោយខ្លះស្លៀកសារុង ដែលជាតំណាងអំណោយរបស់គណបក្សប្រជាជន ទៅអង្គុយតវ៉ា នៅក្បែរច្រកទ្វារចូលសាលារាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យអាជ្ញាធរ ដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ឲ្យបានឆាប់។

ក្រុមសមត្ថកិច្ចនគរបាល រាប់សិបនាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញទីតាំង ដែលក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នា ប៉ុន្តែក្រុមអ្នកភូមិដែលស៊ាំនឹងការបង្ក្រាបទៅហើយនោះមិនខ្លាច ឡើយ។

នៅម៉ោង៨ និង ៣០ នាទីព្រឹក តំណាងពលរដ្ឋ ៩ នាក់ ត្រូវបានសាលារាជធានី អនុញ្ញាតឲ្យចូលជួបពិភាក្សា ប៉ុន្តែ ពីរម៉ោងក្រោយមក តំណាងទាំងនោះ បានចេញមកវិញ ដោយនិយាយថា អាជ្ញាធរបានអះអាងថា ពួកគេនឹងបន្តដោះស្រាយបញ្ហារបស់ពួកគាត់ នៅក្រោយថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ។

អ្នកស្រី សែន ទូច អាយុ ៤១ ឆ្នាំ រស់នៅភូមិ ១ សង្កាត់ស្រះចក បានប្រាប់ឲ្យដឹងថា អាជ្ញាធររាជធានី បានព្យាយាមពន្យារពេលម្ដងហើយ ម្ដងទៀតក្នុងការដោះស្រាយវិវាទដីធ្លី នឹងផ្ទះសម្បែងរបស់ពួកគាត់  ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០០៧ មក។ អ្នកស្រីថ្លែងថា៖ «យើងនឹងមិនអាចរង់ចាំដំណោះស្រាយយូរជាងនេះតទៅទៀតបានទេ»។

អ្នកស្រីបានបន្តថា ផ្ទះរបស់គាត់ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលគាំទ្រដោយកងកម្លាំងប្រដាប់អាវុធចម្រុះ សាលារាជធានី បូមខ្សាច់កប់ពន្លិច និងប្រើគ្រឿងចក្រឈូសកម្ទេចចោលតាំងពីចុងឆ្នាំ ២០១០ ដោយគ្មានសំណងអ្វីទាល់តែសោះ។ មិនតែប៉ុណ្ណោះ អ្នកស្រី និងពលរដ្ឋជាង ៩០ គ្រួសារផ្សេងទៀត ក្នុងតំបន់បឹងកក់ ត្រូវបានអាជ្ញាធររាជធានី កាត់ចេញពីគម្រោងទទួលបានចំណែកដីទំហំ ១២,៤៤ ហិកតា ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូន កាលពីដើមខែសីហាឆ្នាំ ២០១១។ អ្នកស្រីបន្ថែមថា នៅព្រឹកថ្ងៃអង្គារនេះ អ្នកស្រី និងអ្នកភូមិមួយចំនួនទៀត នឹងទៅសង់ផ្ទះនៅលើដីរបស់ពួកគាត់ ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ដោយហេតុថា ក្រុមហ៊ុននេះ បានរំលោភយកដីរបស់ពួកគាត់ដោយខុសច្បាប់។

អ្នកស្រីបានបញ្ជាក់ថា៖ «យើងមិនអាចរស់នៅដោយគ្មានផ្ទះបានទេ យើងត្រូវតែសង់ផ្ទះនៅលើដីចាស់របស់យើងវិញទោះជាត្រូវស្លាប់ក៏ ដោយចុះ»។

លោក លី សាវ៉េត ប្រធានរដ្ឋបាល សាលារាជធានីភ្នំពេញ មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ កាលពីម្សិលមិញ ប៉ុន្តែ បើតាមសម្ដីរបស់អ្នកស្រីហេង មុំ តំណាងពលរដ្ឋភូមិ ២២ ក្នុងតំបន់បឹងកក់ បានប្រាប់ថា ក្នុងជំនួបពិភាក្សារយៈពេលពីរម៉ោងនោះ លោកលី សាវ៉េត បានប្រាប់ពួកគាត់ថា ក្រោយថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១២ នេះ គណៈកម្មការចម្រុះរាជធានីភ្នំពេញ នឹងចាប់ផ្ដើមចុះធ្វើការបោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា។ ចំណែកឯពលរដ្ឋដែលផ្ទះរបស់ពួកគាត់ ត្រូវបានកាត់ចេញពីទំហំដីខាងលើនេះ គណៈកម្មការ នឹងអញ្ជើញឲ្យមកពិភាក្សាជាថ្មីទៀត។ ដោយឡែកពលរដ្ឋដែលមានទំនាស់ជាមួយខាងក្រុមហ៊ុន កាលពីមុន ដោយមិនទាន់ដោះស្រាយរួច អាជ្ញាធរនឹងបន្តដោះស្រាយបញ្ហាទាំងនោះ។

តំណាងប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី លី ចាន់ណារី  បាននិយាយថា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាលេសពន្យារពេលមួយរបស់អាជ្ញាធររាជធានីដែលព្យាយាម គេចវេះ មិនចង់ដោះស្រាយបញ្ហារបស់យើងខ្ញុំប៉ុណ្ណោះ»។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា ថ្វីដ្បិតតែពេលនេះ ជារដូវឃោសនាបោះឆ្នោតឃុំ សង្កាត់ក៏ដោយ ប៉ុន្តែមិនអាចមកពីមូលហេតុនេះ អាជ្ញាធរធ្វើការពន្យារពេលដោះស្រាយទំនាស់វិវាទដីធ្លីរបស់ពលរដ្ឋនោះទេ៕

Advertisements
This entry was posted in Uncategorized. Bookmark the permalink.