ព្រះតេជព្រះគុណ លួន សុវ៉ាត លាតត្រដាង​កិច្ច​សន្យា​ដោយ​បង្ខំ

ដោយ ផន រីណា, វិទ្យុអាស៊ីសេរី ២៦,០៥, ២០១២

ព្រះភិក្ខុសង្ឃ លួន សុវ៉ាត ដែលរងការបង្ខំពីអាជ្ញាធរក្រុងភ្នំពេញ ឲ្យចុះហត្ថលេខាលើកិច្ចសន្យាដោយបង្ខំ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងមកនេះ បានលាតត្រដាងឯកសារកិច្ចសន្យាដែលផ្ទុយពីឆន្ទៈរបស់ព្រះអង្គ។
កម្លាំងសមត្ថកិច្ចចាប់ព្រះកាយព្រះភិក្ខុ លួន សុវ៉ាត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។

ស្ថិតក្នុងបន្ទប់មួយ នៅវត្តបទុមវតី ហ៊ុមព័ទ្ធទៅដោយអាជ្ញាធរចម្រុះប្រមាណជា ៥០នាក់ ក្នុងនោះមានទាំងគណៈសង្ឃផងនោះ ព្រះភិក្ខុសង្ឃ លួន សុវ៉ាត ត្រូវបានចាប់បង្ខំឲ្យចុះហត្ថលេខាយល់ព្រមលើលិខិតមួយ ដែលមានសម្ដេចសង្ឃ នន្ទ ង៉ែត ជាសាក្សី។
ខ្លឹមសារក្នុងលិខិតកិច្ចសន្យា ដែលសរសេរដោយដៃ ទុកអោយព្រះភិក្ខុសង្ឃ លួន សុវ៉ាត ចុះហត្ថលេខា ដែលវិទ្យុអាស៊ីសេរីទទួលបាននោះ សរសេរថា ១.ចាប់ពីថ្ងៃនេះតទៅ ខ្ញុំព្រះករុណាអាត្មាភាពឈប់ដឹកនាំបាតុកម្ម កូដកម្ម កុប្បកម្ម ឬសកម្មភាពតវ៉ាជំទាស់គ្រប់រូបភាពដែលបង្កអោយមានការប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម។ ព្រះអង្គយល់ព្រមរួមរស់ជាមួយសហគមន៍សង្ឃគង់នៅក្នុងវត្ត ហើយក្នុងករណីប្រព្រឹត្តខុសនឹងកិច្ចសន្យានេះ ខ្ញុំព្រះករុណាអាត្មាភាព លួន សាវ៉ាត សូមទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានតវ៉ា។
ក្រោយពីការដោះលែងនៅថ្ងៃទី២៤ ឧសភា ព្រះភិក្ខុសង្ឃ លួន សុវ៉ាត មានថេរដីកាថា ព្រះអង្គគ្មានជម្រើសទេ គឺព្រះអង្គត្រូវបង្ខំព្រះទ័យចុះហត្ថលេខាលើកិច្ចសន្យានោះ បើមិនដូច្នេះទេ ព្រះអង្គនឹងត្រូវចាប់ផ្សឹកនាពេលនោះ និងបន្ទាប់មកតុលាការនឹងធ្វើការចោទប្រកាន់ព្រះអង្គពីបទញុះញង់ប្រព្រឹត្តឧក្រិដ្ឋ។
ព្រះភិក្ខុសង្ឃ លួន សុវ៉ាត៖ «មានតែអាត្មាតែមួយគត់ ដែលត្រូវបានគេចាក់សោបិទទ្វារសូម្បីតែដើរមួយជំហានក៏មិនបាន ហើយនៅលើខ្លួនប្រាណយើងត្រូវបានគេដកហូតយកទាំងអស់ គិតថាជារឿងមួយបំបិទសិទ្ធិសេរីភាព។ ជារឿងបង្ខិតបង្ខំ ជារឿងគំរាមកំហែងទាំងស្រុង ហើយករណីនៅថ្ងៃនេះ… គឺប្រសិនបើអាត្មាមិនចុះហត្ថលេខាផ្ដិតមេដៃនៅលើលិខិតទាំងនោះទេ អាត្មានឹងត្រូវបានគេចាប់ផ្សឹកដោយបង្ខំ ហើយនឹងត្រូវបានគេកាត់ទោសដោយប្រព័ន្ធតុលាការពីរបីសំណុំរឿងទៀត ដូច្នេះការដាក់សម្ពាធដ៏ធ្ងន់ធ្ងរពីស្ថាប័នច្បាប់ ពីតុលាការផង ពីខាងទាំងសង្ឃប្រើអំណាចកៀបមកលើអាត្មាហ្នឹង ធ្វើឲ្យអាត្មាតែម្នាក់ឯងតទល់គ្មានតម្លាភាព។ ហើយការបិទបាំងមិនឲ្យអង្គការសារព័ត៌មានចូលទៀតក្នុងវត្ត គឺជារូបភាពមួយហាក់ដូចជាចាប់បង្ខំអាត្មាទាំងស្រុងតែម្ដង»។
លិខិតដែលវិទ្យុអាស៊ីសេរីទទួលបាន ដែលមានភ្ជាប់ជាមួយកិច្ចសន្យានេះ ក៏មានលិខិតរបស់ក្រសួងយុត្តិធម៌ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា និងលិខិតពីសាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខាដោយចៅក្រមស៊ើបអង្កេត ឌុច កឹមសន ដាក់ព្រះអង្គឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនានា នៅរាជធានីភ្នំពេញ និងក្រៅប្រទេសកាលពីឆ្នាំ២០១១។
ទាក់ទងនឹងភាពស្របច្បាប់នៃកិច្ចសន្យាដែលព្រះភិក្ខុសង្ឃ លួន សុវ៉ាត ត្រូវបានបង្ខំអោយចុះហត្ថលេខាផ្ទុយពីឆន្ទៈព្រះអង្គនេះ ប្រធានអង្គការការពារសិទ្ធិកម្ពុជា លោក មេធាវី សុក សំអឿន បានចាត់ទុកថា កិច្ចសន្យាបែបនេះគឺគ្មានន័យអ្វីទេ។
លោក មេធាវី សុក សំអឿន៖ «មានកិច្ចសន្យាក៏ដោយ អត់ក៏ដោយ បទល្មើសក្នុងក្រមព្រហ្មទណ្ឌអាហ្នឹងថាគ្មានក៏ដោយ មិនមានក៏ដោយ អាហ្នឹងក៏គង់តែគេដាក់ទោសដដែលហ្នឹង។ ដូច្នេះអាកិច្ចសន្យាបែបហ្នឹងវាអត់មានន័យអីទេ វាសម្រាប់តែគំរាមមនុស្សឲ្យខ្លាចឲ្យអី ឬក៏ឲ្យឈប់ធ្វើស្អីមួយតែប៉ុណ្ណឹងទេ»។
ឆ្លើយតបនឹងកិច្ចសន្យានេះដែរ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចុះហត្ថលេខាដោយបង្ខំ ជាហត្ថលេខាគ្មានសុពលភាព។ តាមច្បាប់ តុលាការត្រូវលុបចោលកិច្ចសន្យានោះ។ លោកមានប្រសាសន៍បញ្ជាក់ទៀតថា ការណ៍ដែលមន្ត្រីរដ្ឋាភិបាល មន្ត្រីតុលាការ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំងនោះចាប់បង្ខំ គំរាមមនុស្សម្នាក់ឲ្យចុះហត្ថលេខាបែបដែលសាមីខ្លួនមិនពេញចិត្តនឹងធ្វើបែបនោះ គឺប្រព្រឹត្តខុសនឹងច្បាប់រួចទៅហើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ដោយបង្ខំគឺមិនមែនជាកិច្ចសន្យាទេ។ ដូច្នេះភាគីដែលទទួលរងការកៀបសង្កត់ហ្នឹងមិនទទួលស្គាល់បានបើទៅតុលាការបែបតុលាការក៏បដិសេធដែរ។ ហើយរឿងនេះវាពាក់ព័ន្ធនឹងខាងសង្ឃ។ ដូច្នេះដើម្បីចោទប្រកាន់បានលុះត្រាតែលោកសឹក ឬក៏លាចាកសិក្ខាបទលោកសង្ឃ។ អាហ្នឹងដូចមិនដែលយកព្រះសង្ឃជាសង្ឃទៅឡើងតុលាការផង។ ខាងលោកសង្ឃៗហ្នឹង នឹងដាក់ទណ្ឌកម្មបានតែមានបង្កើតជាគណៈសង្ឃ ហើយគេត្រូវប្រកាន់ឥរិយាបទចៀសវាងអគតិទាំងបួន គឺឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិហ្នឹង ទីពីរ គឺត្រូវបានវត្តមានដែលជាប់ចោទហ្នឹងនៅមុខដែលហៅថា តុលាការសង្ឃ ទីបី គឺត្រូវតែព្រះសង្ឃដែលជាប់ចោទហ្នឹងទទួលសារភាព ហើយបើសិនជាអត់មានវត្តមាន ហើយសម្រេចទៅហ្នឹងក្នុងត្រៃបិដកថា គណៈសង្ឃដែលសម្រេចដោយអវត្តមានអាហ្នឹងគឺត្រូវអាប័ទ»។
កាលពីថ្ងៃទី២៤ ឧសភា ព្រះសង្ឃ លួន សុវ៉ាត ត្រូវបានអាជ្ញាធរចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ ខណៈព្រះអង្គរួមជាមួយអ្នកតវ៉ាជាច្រើននាក់ទៀត ឈរតវ៉ាដោយសន្តិវិធី អំពាវនាវសុំដោះលែងស្រ្តីរងគ្រោះដោយបញ្ហាដីធ្លីនៅបឹងកក់ ដែលអាជ្ញាធរបានចាប់ខ្លួនចំនួន ១៣នាក់៕

Advertisements
This entry was posted in Uncategorized. Bookmark the permalink.