អ្នក​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​រក​អន្តរាគមន៍​​​ដើម្បី​ដោះ​លែង​អ្នក​បឹង​កក់

សុ ជីវី វិទ្យុអាស៊ីសេរី ឧសភា ២៨ ២០១២

អ្នកភូមិបឹងកក់ ព្រមទាំងតំណាងសហគមន៍ធ្លាប់រងគ្រោះក្នុងទំនាស់ដីធ្លី និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបជិត ២០០នាក់ បានជួបប្រជុំគ្នានៅខាងមុខវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ដើម្បីដាក់ញត្តិជូនរដ្ឋសភាឲ្យជួយអន្តរាគមន៍ដោះលែងតំណាងពួកគេ ១៥នាក់ចេញពីពន្ធនាគារព្រៃស។

ពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លី និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ជួបប្រជុំគ្នានៅខាងមុខវិមានរដ្ឋសភា ដើម្បីដាក់ញត្តិស្វែងរកអន្តរាគមន៍ដោះលែងអ្នកភូមិបឹងកក់ ១៥នាក់ចេញពីពន្ធនាគារ នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០១២។

ក្រុមអ្នកតវ៉ាដែលមកពីតំបន់បឹងកក់ ប្លុកបុរីកីឡា អតីតដីក្រហម សំបុកចាប និងសហគមន៍ជាច្រើនទៀត ដែលត្រូវបានបណ្ដេញចេញទាំងបង្ខំកន្លងទៅ រួមនឹងអង្គការ សមាគមជាតិ និងអន្តរជាតិ បានទាមទារអោយរដ្ឋសភាអន្តរាគមន៍ ដោះលែងតំណាងអ្នកភូមិបឹងកក់ អោយបានមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងចូលមកដល់នៅថ្ងៃទី៣ ខែមិថុនា។
តំណាងអ្នកភូមិបឹងកក់ម្នាក់ អ្នកស្រី យ៉ម បុបា្ផ មានប្រសាសន៍ថា ប្រសិនបើអ្នកទាំង ១៥នាក់ មិនបានចូលរួមបោះឆ្នោត នោះនឹងមានផលប៉ះពាល់ទៅដល់សំឡេងឆ្នោតដទៃទៀតដែលគាំទ្រពួកគេ។
ក្រុមអ្នកតវ៉ាបានកាន់ផ្កាឈូកគ្រប់ដៃ លើកបង្ហាញបដាធំតូចជាច្រើនដែលសរសេរថា ដោះលែងតំណាងទាំង ១៥នាក់ អាម៉ាស់ណាស់ ចោរលួចដីរួចខ្លួន ម្ចាស់ដីជាប់គុក និងពួកគេត្រូវការយុត្តិធម៌ជាដើម។ ស្របគ្នានេះក៏បានច្រៀងចម្រៀងពីការបណ្ដេញចេញដោយបង្ខំ។
បន្ទាប់ពីបានតវ៉ាអស់មួយរយៈពេល តំណាងអ្នកភូមិបឹងកក់ចំនួន ៥នាក់ត្រូវអនុញ្ញាតអោយនាំយកញត្តិចូលទៅដាក់នៅក្នុងវិមានរដ្ឋសភា។ ពួកគេអះអាងថា តំណាងរដ្ឋសភាបានទទួលយកញត្តិនោះ ទៅពិចារណា។
ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា រដ្ឋសភាកំពុងពិនិត្យករណីនេះ និងថា ស្ថាប័ននេះពុំមានសមត្ថកិច្ចអន្តរាគមន៍ដោះលែងអ្នកទោសនោះទេ គឺគ្រាន់តែអាចស្រាវជ្រាវ និងស្នើអោយស្ថាប័នពាក់ព័ន្ធ ពិនិត្យករណីនេះឡើងវិញ។
អ្នកភូមិបឹងកក់ស្ត្រីជាអ្នកភូមិបឹងកក់ចំនួន ១៣នាក់ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃពីថ្ងៃទី២២ ឧសភា និងត្រូវកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និង បទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ចំណែកតំណាងពីរនាក់ទៀតក៏ត្រូវចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ ខណៈពួកគេកំពុងរៀបចំឯកសារធ្វើសក្ខីកម្មអោយតំណាង ១៣នាក់ កាលពីថ្ងៃទី២៦ ខែឧសភា។
យុវជន ចាន់ រតនៈដុល្លា អាយុ ១៩ឆ្នាំ កូនអ្នកភូមិបឹងកក់ម្នាក់ បាននិយាយទាំងទឹកភ្នែកថា គេសុំអោយអាជ្ញាធរពាក់ព័ន្ធដោះលែងម្ដាយគេមកវិញ ព្រោះពួកគេដែលជាកូនកំព្រាចំនួន ៥នាក់កំពុងរស់នៅគ្មានទីពឹងទេ។
ក្នុងការតវ៉ានេះដែរ បុរសចំណាស់ជាអ្នកភូមិម្នាក់ឈ្មោះ ដួង ឈើត បានកោរសក់បន់ស្រន់អោយអ្នកតំណាងទាំង ១៥នាក់មានសេរីភាព។
មន្ត្រីស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា រដ្ឋសភាត្រូវដោះស្រាយបញ្ហានេះ ព្រោះស្ថាប័ននេះមានសមត្ថកិច្ចចោទសួរទៅរដ្ឋាភិបាលចំពោះគម្រោងអភិវឌ្ឍន៍នានា។
ក្រុមអ្នកតវ៉ា បានព្រមានទុកថា ពួកគេនឹងបន្តការតវ៉ា ប្រសិនបើពុំមានដំណោះស្រាយសម្រាប់ពួកគេ និងថា ការតវ៉ាបែបនេះអាចនឹងរីកកាន់តែធំៗឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕

Advertisements
This entry was posted in Uncategorized. Bookmark the permalink.