អង្គការ​១២២ ទាម​ទារ​ឲ្យ​បញ្ឈប់​និទណ្ឌ​ភាព​និង​ហិង្សា​នៅ​កម្ពុជា​

 អ៊ឹង ប៊ុនថន, VOD, ថ្ងៃព្រហស្បតិ៍ ទី31 ឧសភា ឆ្នាំ2012 

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១២២ បានបន្តទាមទារបន្ថែមទៀត ឲ្យបញ្ឈប់វប្បធម៌និទណ្ឌភាព និងការប្រើហិង្សាទៅពលរដ្ឋទំនាស់ដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស ដែលប្រព្រឹត្តិដោយសមត្ថកិច្ចរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៏រួមរបស់អង្គការទស្សនៈពិភពលោក លីកាដូ អាដហុក គណៈកម្មាធិការប្រព្រឹត្តកម្ម (CHRAC) និងអង្គការផ្សេងៗទៀត សរុបចំនួន១២២ ដែលចេញកាលពីថ្ងៃទី៣០ ខែឧសភានេះ បានថ្កោលទោសកម្លាំងប្រដាប់អាវុធ ដែលវាយបង្រ្កាបទៅលើអ្នកភូមិ និងបាញ់សម្លាប់ពលរដ្ឋក្នុងជម្លោះដីធ្លី និងសកម្មជនការពារព្រៃឈើ។

សេចក្តីថ្លែងការណ៏រួមនោះ បានលើកយកករណីបាញ់សម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ការបាញ់សម្លាប់ក្មេងស្រីឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ នៅខេត្តក្រចេះ ការបាញ់ប្រហារកម្មការិនីរោងចក្រនៅខេត្តស្វាយរៀង និងចុងក្រោយការចាប់ស្រ្តីអ្នកភូមិបឹងកក់ដាក់ពន្ធនាគារ ដោយសារជម្លោះដីធ្លី។

សេចក្តីថ្លែងការណ៏នេះ បានហៅការប្រើហិង្សាទាំងនោះថា បានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រា៤១នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាចុះហត្ថលេខា បញ្ជាក់ថា ពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពសម្តែងមតិដោយសេរី។

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាំង១២២នេះ បានទាមទារឲ្យមានការស៊ើបអង្កេតករណីដែលបានកើតទាំងអស់នោះឡើងវិញ ដោយពួកគេមិនបានចាត់ទុកថា ការបាញ់សម្លាប់ពលរដ្ឋកន្លងមក ជាការចៃដន្យ ដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាអះអាងនោះទេ៕

Advertisements
This entry was posted in ការឃុំខ្លួន, ការតវ៉ាដីធ្លា បឹងកក់, ខ្មែរ, រំលោភសិទ្ឋិមនុស្ស, អំពើហិង្សា. Bookmark the permalink.