អ្នក​ភូមិ​បឹង​កក់​បន់​ស្រន់​និង​ដាក់​បណ្ដាសា​ដល់​ជន​រំលោភ​យក​ដី​ធ្លី

សុជីវី, RFA, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នំា ២០១២
អ្នកភូមិបឹងកក់ប្រមាណ ១០០នាក់ បានជួបប្រជុំគ្នា ក្នុងភូមិ២២ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ទី៦ ខែមិថុនា។ ពួកគេបានអុជធូបបន់ស្រន់ ដាក់បណ្ដាសា ដល់ជនដែលបានរំលោភយកដីធ្លីផ្ទះសម្បែង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដន្ទាទោសអ្នកតំណាងពួកគេចំនួន ១៥នាក់ អោយជាប់ពន្ធនាគារ។

អ្នកភូមិបឹងកក់បន់ស្រន់ និងដាក់បណ្ដាសាជនរំលោភយកដីធ្លី ផ្ទះសម្បែង អោយវិនាសអន្តរាយ នៅខ្ទមអ្នកតា និងទីតាំង ដែលគេជឿថាស័ក្តិសិទ្ធិ នៅក្នុងភូមិ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១២។

ក្រុមអ្នកភូមិបឹងកក់ បានដាក់បណ្ដាសាអោយអ្នកដែលជាប់ពាក់ព័ន្ធក្នុងការរំលោភយកដីធ្លី ផ្ទះសម្បែង និងការកាត់សេចក្ដីដោយអយុត្តិធម៌ ទៅលើតំណាងពួកគេទាំង ១៥នាក់ អោយជួបនឹងក្តីវិនាសហិនហោចខ្លោចផ្សាក្នុងជីវិត។

ក្រុមអ្នកភូមិបាននាំយកចំណីអាហារ មាន់ស្ងោរ ផ្លែឈើគ្រប់មុខ ទៀនធូប និងផ្កាឈូក ទៅថ្វាយដល់បារមីសក្ដិសិទ្ធិក្នុងភូមិ ជាច្រើនកន្លែង។ ជាចុងក្រោយ បានយកអំបិលដែលមានលាយម្ទេសទុំ ទៅដុតនឹងភ្លើងជើងក្រានអោយឆេះសន្ធោសន្ធៅ។

ក្រុមអ្នកភូមិបាននិយាយប្រហាក់ហែលគ្នានៅមុខភ្លើងថា ពួកគេអស់សង្ឃឹមនឹងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការនៅកម្ពុជា ក្នុងការផ្ដល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះដូចជាពួកគេ។ ពួកគេក៏បានបន់ស្រន់អោយបារមីក្នុងផ្លូវងងឹត ផ្ដន្ទាដោយប្រការអាក្រក់ផ្សេងៗ ចំពោះអ្នកទាំងឡាយដែលបានធ្វើទុក្ខបុកម្នេញអ្នកភូមិបឹងកក់ទាំងអស់។

ក្រុមអ្នកភូមិក៏បានលែងចាប ចំនួន ១៥ក្បាល ក្នុងន័យបន់ស្រន់អោយអ្នកតំណាងទាំង ១៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានរួចទោស និងមានសេរីភាពមកវិញ។

មន្ត្រីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ពិតមែនថា ជំនឿតាមបែបបុរាណខ្មែរយើង មានការបន់ស្រន់ ការដាក់បណ្ដាសា ជាដើម ពុំមានការបញ្ជាក់ថាមានប្រសិទ្ធភាព ឬពុំមានប្រសិទ្ធភាព កម្រិតណានៅឡើយ ក៏អាចរំពឹងថា នឹងមានលទ្ធផលខ្លះៗដោយចៀសពុំរួច។

មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជាក់ថាការបន្តបណ្ដែតបណ្ដោយអោយភាពអយុត្តិធម៌នៅតែកើតមាន នឹងធ្វើអោយប៉ះពាល់ទៅដល់ផ្លូវចិត្តពលរដ្ឋនៅទូទាំងប្រទេស នៅខណៈដែលពួកគេធ្លាប់ប៉ះពាល់ផ្លូវចិត្តរួចទៅហើយ ដោយសារទុក្ខលំបាកនៅក្នុងរបបខ្មែរក្រហម៕

Advertisements
This entry was posted in ការឃុំខ្លួន, ការតវ៉ាដីធ្លា បឹងកក់, ខ្មែរ, រំលោភសិទ្ឋិមនុស្ស, អំពើហិង្សា and tagged . Bookmark the permalink.