លិខិតចំហពីអតីតសហគមន៍បឹងកក់ផ្ញើជូនធនាគារពិភពលោក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពចូលមក
លោក Mr Jim Kim ប្រធានគ្រប់គ្រងធនាគារ ពិភពលោក
ប្រចាំប្រទេសកម្ពុជា
ជាទីគោរពដ៏ខ្ពងខ្ពស់

កម្មវត្ថុ៖ សំណើសុំ លោកប្រធានធនាគារពិភពលោកមេត្តាជួយអន្តរាគមន៍ដល់អតីតសហគមន៍បឹងកក់ ដើម្បីស្តារឡើងនូវលក្ខខណ្ឌរស់នៅ និងមុខរបរប្រចាំថ្ងៃ។

លោកប្រធានជាទីគោរព យើងខ្ញុំទាំងអស់គ្នាជាសមាជិកចំនួន ៣៦៤ គ្រួសារនៃអតីតសហគមន៍បឹងកក់។ យើងខ្ញុំទាំអស់គ្នាធ្លាប់រស់នៅជុំវិញតំបន់បឹងកក់ ដែលជាបឹងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ។ កាលពីឆ្នាំ ២០០៧ ដីរបស់ពួកយើងត្រូវបានជួលទៅឱ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលគ្រប់គ្រងដោយ លោក ឡៅ ម៉េងឃីន បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភារបស់គណៈបក្សកំពុងកាន់អំណាច។ ពួកយើងទាំងអស់គ្នាបន្តទទួលរងនូវការគំរាមកំហែង និងការបណ្តេញចេញដោយបង្ខំនៅពេលដែលយើងទាំងអស់គ្នាចាប់ ផ្តើមធ្វើការតស៊ូប្រឆាំងនឹងសកម្មភាពរបស់ពួកគេ។ ពួកយើងបានប្រឈមមុខនឹងការគំរាមកំហែង និងការបំភិតបំភ័យអស់រយៈពេលជាច្រើនឆ្នាំ ដូចជាការបូមទឹកបន្លិចផ្ទះរបស់ពួកយើងដោយមានចេតនាធ្វើឱ្យពួកយើងបាត់បង់លំនៅដ្ឋាន។ ជាលទ្ធផលពួកយើងគ្មានជម្រើសអ្វីក្រៅពីព្រមទទួលយកប្រាក់សំណងដ៏តិចតួចគឺចំនួន ៨,៥០០ដុល្លារអាមេរិក ឬក៏ទទួលយកដីមួយឡូត៏នៅតំបន់តាំងលំនៅថ្មីដោយបង្ខំចិត្តហើយបានចាកចេញពីលំនៅដ្ឋានរបស់ពួកយើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តាំងពីពេលនោះមក ពួកយើងបានធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រកាន់តែធ្ងន់ធ្ងរទៅៗ។ ប្រាក់សំណងដ៏តិតតូចដែលពួកយើងមួយចំនួនទទួលបានមិនអាចយកទៅទិញដី និងផ្ទះសមរម្យបាននៅក្នុងរាជធានីភ្នំពេញទេ។ ប្រជាពលរដ្ឋមួយចំនួនបានភៀសខ្លួនទៅរស់តំបន់ដាច់ស្រយាល រីឯខ្លះទៀតបានចាកចេញពីស្រុកកំណើតទៅធ្វើការជាអ្នកស៊ីឈ្នួលនៅប្រទេសជិតខាង។ អ្នកផ្សេងទៀតបានយល់ព្រមទទួលយកសំណងជាផ្ទះមិនសមរម្យនិងគ្មានគុណភាពដែលសង់នៅតំបន់លំនៅថ្មី នៅឯដំណាក់ត្រយឹងដែលស្ថិតនៅចម្ងាយប្រមាណ២៥គ.ម ពីតំបន់បឹងកក់។ ផលលំបាកនៃការបាត់បង់មុខរបរបានធ្វើឱ្យពួកយើងបង្ខំចិត្តរស់នៅព្រាត់ប្រាស់ប្រពន្ធកូន និងសមាជិកគ្រួសារ ហើយកុមារ និង កូនៗរបស់ពួកយើងជាច្រើនត្រូវបានបង្ខំចិត្តបោះបង់ការសិក្សា។ ចំណែកឯគ្រួសារផ្សេងទៀតដែលកំពុងរស់នៅផ្ទះជួល ដែលមិនមានស្តង់ដារជិតទីក្រុងបានចំណាយប្រាក់ចំណូលដែលរកបានដោយលំបាកទៅលើថ្លៃជួលផ្ទះ ដែលមិនមានសុវត្ថិភាពដីធ្លី។ យ៉ាងហោចណាស់ក៏មានគ្រួសារចំនួនពីរ ដែលត្រូវបានគេបោកប្រាស់ឱ្យទៅទិញដីដែលកំពុងប្រឈមនឹងការ បណ្តេញចេញជាលើកទីពីរ។

យើងខ្ញុំជឿជាក់ថា ធនាគារពិភពលោក ពិតជាមានទំនួលខុសត្រូវក្នុងការរកដំណោះស្រាយដល់យើងខ្ញុំទាំងអស់គ្នា។ នៅខែកញ្ញា ឆ្នាំ២០០៩ សហគមន៍បឹងកក់ បានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការអធិការកិច្ចរបស់ធនាគាពិភពលោក ដោយបានចោទប្រកាន់ធនាគារពិភពលោកមិនបានគោរពគោលនយោបាយរបស់ខ្លួន ក្នុងការតាមដានគម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី (LMAP) ហើយជាលទ្ធផលធ្វើឱ្យយើងទាំងអស់គ្នា បាននិងកំពុងទទួលរងផលប៉ះពាល់ពីការបណ្តេញចេញដោយបង្ខំ។ គណៈកម្មការអធិការកិច្ចក៏បានយល់ស្របផងដែរ។ បន្ទាប់មក ក្រុមគ្រប់គ្រងគម្រោងដីធ្លីក៏បានប្តេជ្ញាចិត្ត ”ធ្វើការសហការជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍដើម្បីធានាឱ្យបានថាសហ-គមន៍ បឹងកក់ដែលបានដាក់សំណើសុំ នឹងទទួលបានការឧបត្ថម្ភដែលសមស្របទៅនឹងក្របខណ្ឌគោលនយោបាយតាំងទីលំនៅថ្មី”។

យើងខ្ញុំទាំងអស់គ្នា កំពុងរង់ចាំការឧបត្ថម្ភនោះ។ នៅពេលធនាគាពិភពលោកបានផ្អាកការផ្តល់កម្ចីថ្មីៗមកកាន់ប្រទេសកម្ពុជា រដ្ឋាភិបាលបានផ្តល់ដីសម្បទានចំនួន១២.៤៤ហិចតាឱ្យប្រជាពលរដ្ឋបឹងកក់។ នេះជាជំហានដ៏សំខាន់ក្នុងការស្វែងរកដោះស្រាយលើជម្លោះបឹងកក់ ក៏ប៉ុន្តែវាជាដំណោះស្រាយសម្រាប់តែប្រជាពលរដ្ឋបឹងកក់ចំនួន ៦៥០គ្រួសារប៉ុណ្ណោះ គឺស្មើនឹង១៥%នៃចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបចំនួន ៤២០០គ្រួសារ។

យើងខ្ញុំជឿជាក់ថាធនាគារពិភពលោក ពិតមានទំនួលខុសត្រូវក្នុងការរកដំណោះស្រាយជម្លោះដីធ្លីសម្រាប់ប្រជាពលរដ្ឋបឹងកក់ ទាំងអ្នកដែលជាអតីត និងកំពុងរស់នៅបឹងកក់បច្ចុប្បន្ន។ នៅពេលដែលពួកយើងបានចាកចេញ យើងខ្ញុំពុំមានជម្រើសណាផ្សេងឡើយ៖ ផ្ទះរបស់ពួកយើងត្រូវបានគេបន្លិចទឹក ហើយពួកយើងត្រូវបានគេគំរាមកំហែងបំភិតបំភ័យជាប្រចាំ។ យើងខ្ញុំពុំបានចាកចេញដោយស្ម័គ្រចិត្តឡើយ។

ថ្មីៗនេះ ធនាគារពិភពលោកបានបង្ហាញពីជំហរ មានបំណងចង់ផ្សារភ្ជាប់ជាមួយនឹងរដ្ឋាភិបាលកម្ពុជាឡើងវិញ។ ដូច្នេះ យើងខ្ញុំសូមជូនសារទៅធនាគារពិភពលោកដូចតទៅ៖ នឹងគ្មានការផ្សារភ្ជាប់ឡើងវិញទេ ប្រសិនបើគ្មានសំណងសម្រាប់អ្នកបឹងកក់។បញ្ហារបស់ពួកយើង មិនទាន់បានដោះស្រាយចប់សព្វគ្រប់សម្រាប់ប្រជាពលរដ្ឋចំនួន៨៥%ដែលបានរងផលប៉ះពាល់ ហើយ”ផែនការដ៏ជាក់លាក់ក្នុងការដោះស្រាយលើផលប៉ះពាល់ដល់សហគមន៍ដែលរងការប៉ះពាល់ និងអ្នកដែលកំពុងប្រឈមនឹងការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត”ដូចការទាមទាររបស់ក្រុមអធិការកិច្ចធនាគារពិភពលោកនៅមិនទាន់បានអនុវត្តនៅឡើយ។

សូមលោកប្រធានមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
រាជធានីភ្នំពេញ ថ្ងៃទី………..ខែ…………….ឆ្នាំ២០១៣

ស្នាមមេដៃតំណាងប្រជាពលរដ្ឋ
(អតីតប្រជាពលរដ្ឋបឹងកក់)
ចម្លងជូន៖

– លោក Ulrich Zachau នាយកប្រតិបត្តិការនិងយុទ្ធិសាស្រ្ត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិ
– លោកស្រី Annette Dixon នាយកប្រចាំប្រទេសអាស៊ីប៉ាស៊ីហ្វិក
– លោក Alassane Sow នាយកគ្របគ្រងប្រចាំប្រទេសកម្ពុជា 

ប្រវត្តិសហគមន៍បឹងកក់

កាលពីឆ្នាំ២០០៧ សាលារាជធានីភ្នំពេញបានជួលដីរយៈពេល៩៩ឆ្នាំឱ្យទៅ ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលមានផ្ទៃដីចំនួនចំនួន ១៣៣ហិចតាគ្របដណ្តប់ភូមិប្រជាពលរដ្ឋចំនួន ៩នៅក្នុងតំបន់បឹងកក់។ កិច្ចសន្យាជួលដីបានរំលោភបំពានសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជនបឹងកក់ និងគំរាមកំហែងបណ្តេញប្រជាពលរដ្ឋប្រមាណចំនួន ២០,០០០នាក់។ កាលពីខែកញ្ញា ឆ្នាំ២០០៩ តំណាងសហគមន៍បឹងកក់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមអធិការកិច្ចរបស់ធនាគាពិភពលោក ដោយបានចោទប្រកាន់ធនាគារពិភពលោកមិនបានគោរពគោលនយោបាយរបស់ខ្លួន ក្នុងការតាមដានឱ្យបានគ្រប់គ្រាន់ទៅលើគម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី (LMAP) ។ ទោះបីជាគ្រួសារជាច្រើនមានភស្តុតាងគ្រប់គ្រាន់ដើម្បីទាមទារសិទ្ធិកាន់កាប់ដីធ្លី ប៉ុន្តែអ្នកភូមិបឹងកក់ត្រូវបានកាត់ចេញពីប្រព័ន្ធចុះបញ្ជីដីធ្លីនៅពេលដែលមានការធ្វើការចុះបញ្ជីដីធ្លីនៅតំបន់ជិតខាងក្នុងឆ្នាំ២០០៦។ ក្រោយមកមិនយូរប៉ុន្មាន រដ្ឋាភិបាលក៏បានជួលបឹងកក់ទៅឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ហើយគ្រួសារដែលកំពុងរស់នៅក្នុងតំបន់នោះ ត្រូវបានគេចាត់ទុកថាជាអ្នកដែលរស់នៅលើដីរដ្ឋខុសច្បាប់ទៅវិញ។ ប្រជាពលរដ្ឋទីនោះទាំងអស់ មិនត្រឹមតែត្រូវបានគេបដិសេធកាន់កាប់ដីធ្លីប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវបានគេបដិសេធមិនបញ្ចូលទៅក្នុងក្របខណ្ឌគោលនយោបាយតាំងទីលំនៅថ្មីថែមទៀតផង ដែលក្របខណ្ឌនេះបានបង្កើតឡើងសម្រាប់ការតាំងលំនៅថ្មី និងការទូទាត់សំណងប្រកបដោយយុត្តិធម៌ ស្របតាមគោលនយោបាយឃ្លាំមើលសុវត្ថិភាពសង្គមរបស់ធនាគារពិភពលោក។

ក្រុមអធិការកិច្ចក៏បានយល់ស្របទៅនឹងពាក្យបណ្តឹងរបស់សគមន៍បឹងកក់ ដែលនៅក្នុងគម្រោងរៀបចំគោលនយោបាយ ឃ្លាំមើលសុវត្ថិភាពរបស់ធនាគារពិភពលោកមិនត្រូវអនុវត្ត ការអនុត្ត និងការឃ្លាំមើលលើគម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លីគឺជាចំណែកមួយធ្វើឱ្យមានផលប៉ះពាល់ និងទុក្ខវេទនាដល់ប្រជាពលរដ្ឋ។ ក្រុមគណៈគ្រប់គ្រងរបស់ធនាគារកន្លងមកក៍ធ្លាប់ប្តេជ្ញាចិត្តក្នុងការរកដំណោះស្រាយសម្រាប់ទុក្ខលំបាកនេះ។ ពោលឱ្យចំគឺ”ធនាគារប្តេជ្ញាចិត្តធ្វើការជាមួយរដ្ឋភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាដើម្បីធានាថា សហគមន៍ ជាភាគីម្ចាស់បណ្តឹង នឹងត្រូវបានគាំទ្រស្របតាមក្របខណ្ឌគោលនយោបាយតាំងទីលំនៅថ្មី” បន្ថែមពីលើនេះ ក្រុមគណៈគ្រប់គ្រងរបស់ធនាគារក៏បានសន្យា “បន្តធ្វើសកម្មភាពបន្ថែមដើម្បីធានាឱ្យសហគមន៍ទទួលបានប្រយោជន៍ ពីវិធានការនៃការការគាំពារដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយតាំងទីលំនៅថ្មី” រួមទាំងជម្រើសផ្សេងទៀត ដូចជាលទ្ធភាពក្នុងការប្រើប្រាស់យន្តការមូលនិធិរបស់ធនា-គារពិភពលោកជាដើម។

ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីឆន្ទៈ ក្នុងការសហការជាមួយនឹងធនាគារពិភពលលោកក្នុងសកម្មភាពផ្តល់សំណងប៉ះពូវទាំងនេះឡើយ។ ដូច្នេះ ក្រុមគណៈគ្រប់គ្រងរបស់ធនាគារពិភពលោកបានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថា ធនាការនឹងផ្អាករាល់បា្រក់កម្ចីថ្មីៗទាំងអស់ដល់កម្ពុជា ហើយនឹងមិនបន្តការផ្តល់ប្រាក់កម្ចីណាទាំងអស់លុះត្រាណាបញ្ហារបស់អ្នកបឹងកក់ត្រូវបានដោះស្រាយ និងអាចទទួលយកបាន។

Advertisements
This entry was posted in ការតវ៉ាដីធ្លា បឹងកក់, ខ្មែរ, រំលោភសិទ្ឋិមនុស្ស, Boeung Kak. Bookmark the permalink.