ធនាគារ​ពិភពលោក​បន្ត​ផ្អាក​ផ្តល់​សម្បទាន​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី

ដោយៈ យន់ សាមៀន,អាស៊ីសេរី, ថ្ងៃទី ២២​ ខែ តុលា ឆ្នាំ ២០១៤

ធនាគារ​ពិភពលោក បឹងកក់ ៦១០
ក្រុម​អ្នក​មាន​បញ្ហា​ដីធ្លី ពិសេស​អ្នក​បឹងកក់ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៤។

ធនាគារ​ពិភពលោក (World Bank) អះអាង​ថា ធនាគារ​នេះ​បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ដល់​កម្ពុជា ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា។ ធនាគារ​ក៏​សន្យា​នឹង​តាម​ដាន​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បន្ត​ពិភាក្សា​បញ្ហា​ដីធ្លី​ជាមួយ​កម្ពុជា និង​ជាមួយ​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត។

ការ​ប្រកាស​គោល​ជំហរ​របស់​ធនាគារ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេធាវី​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ដាក់​ញត្តិ​ទៅ​ធនាគារ ទទូច​អោយ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​សមស្រប​មួយ។

នាយក​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក យូរ៉ិច ហ្សាចៅ (ULRICH ZACHAU) បាន​ស្នើ​លិខិត​មួយ​ច្បាប់​ទៅ​មេធាវី​អាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ដោយ​បញ្ជាក់​ថា ធនាគារ​ពិភពលោក បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា។ លិខិត​ផ្ញើ​ទៅ​កាន់ លោក មូរតុន ក្លា ចុះ​ថ្ងៃ​ទី​១៧ តុលា បញ្ជាក់​ថា សមាគម​ផ្តល់​ជំនួយ​អន្តរជាតិ​របស់​ធនាគារ​មិន​ទាន់​បាន​ពិចារណា​សម្រេច​ ផ្តល់​ប្រាក់​កម្ចី​ទៅ​ដល់​កម្ពុជា នៅ​ឡើយ​ទេ។

លោក យូរ៉ិច ហ្សាចៅ បន្ត​ទៀត​ថា ការ​សន្យា​ផ្តល់​ប្រាក់​កម្ចី​ណា​មួយ​នោះ តម្រូវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ច្រើន​ជាមួយ​នឹង​ភាគី​ដៃគូ​អភិវឌ្ឍន៍​ទាំង​ ឡាយ។ ធនាគារ​នេះ​នឹង​បន្ត​ទទួល​យក​អនុសាសន៍ និង​ការ​ចូលរួម​ដោះស្រាយ​ទាំង​ឡាយ​ពី​សំណាក់​សង្គម​ស៊ីវិល។ លោក​ថា ធនាគារ​ពិភពលោក នឹង​បន្ត​តាម​ដាន​ស្ថានភាព​នៅ​តំបន់​បឹងកក់ ហើយ​នឹង​សន្យា​បន្ត​ជួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍។

មេធាវី​អាមេរិកាំង តំណាង​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ដីធ្លី​នៅ​កម្ពុជា លោក មូរតុន ក្លា បាន​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក កាល​ពី​សប្ដាហ៍​មុន ស្នើសុំ​ឲ្យ​ធនាគារ​នេះ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ប្រមាណ ២៥​លាន​ដុល្លារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​វិបត្តិ​ដីធ្លី និង​ការ​បង្ខំ​ចេញ​នៅ​កម្ពុជា កំពុង​បន្ត​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ធនាគារ​ពិភពលោក បាន​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ពីព្រោះ​តែ​គោល​នយោបាយ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។ ប៉ុន្តែ នៅ​ពេល​ថ្មីៗ​នេះ មាន​សេចក្តី​រាយការណ៍​តាម​បណ្ដាញ​ព័ត៌មាន​ថា ធនាគារ​ចង់​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា វិញ​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ធនាគារ​ពិភពលោក បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គម្រោង​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​ កម្ពុជា ដើម្បី​ជំទាស់​ទៅ​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដើម្បី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ។

អតីត​នាយក​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក អាណេត ឌិហ្សុន (Annette Dixon) សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លុះត្រា​តែ​រដ្ឋាភិបាល​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​សមស្រប​មួយ​ជាមួយ​នឹង​ពលរដ្ឋ​បឹងកក់ ពុំ​ដូច្នោះ​ទេ ធនាគារ​នឹង​មិន​ផ្តល់​ប្រាក់​អ្វី​ទាំងអស់​ដល់​ប្រទេស​កម្ពុជា។

លោក មូរតុន ក្លា បញ្ជាក់​ថា គោល​ជំហរ​របស់​ធនាគារ​ពិភពលោក ជា​ភស្តុតាង​ថ្មី​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា វិបត្តិ​ដីធ្លី​នៅ​កម្ពុជា មាន​សភា​ធ្ងន់ធ្ងរ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន។ លោក​ថា លិខិត​របស់​ធនាគារ​ពិភពលោក អាច​ផ្តល់​ទម្ងន់​បន្ថែម​ទៀត​ទៅ​ដល់​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ​នៅ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយស៊ីស៊ី (ICC) ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៖ «លិខិត​របស់​ធនាគារ​មាន​ ចំណុច​សំខាន់​ពីរ។ ទី​១ ព័ត៌មាន​ផ្សព្វផ្សាយ​ដែល​អះអាង​ថា ធនាគារ​នឹង​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា វិញ​នោះ ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ។ ហើយ​សេចក្តី​សម្រេច​របស់​ធនាគារ​ណា​មួយ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ល្អិតល្អន់ ពាក់ព័ន្ធ​បញ្ហា​ដីធ្លី ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​រងគ្រោះ។ ទី​២ បង្ហាញ​ថា សហគមន៍​អន្តរជាតិ នឹង​មិន​ព្រងើយ​កន្តើយ។ សហគមន៍​ទាំង​នោះ​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី»

បច្ចុប្បន្ន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុង​ពិនិត្យ​ពាក្យ​បណ្ដឹង​របស់​ក្រុម​មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើ (Richard Rogers) ស្នើសុំ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពី​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។ ពាក្យ​បណ្ដឹង​នេះ មិន​បាន​ចោទ​ចំ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ឡើយ ដោយ​ស្នើ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ។ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ លោក មូរតុន ក្លា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ប្រឆាំង​នឹង លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បាតុករ និង​ការ​បង្ខំ​បណ្ដេញ។ បច្ចុប្បន្ន តុលាការ​កំពុង​ពិនិត្យ​បណ្ដឹង​នេះ​មុន​នឹង​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ។

លោក មូរតុន ក្លា បន្ថែម​ទៀត​ថា លិខិត​របស់​ធនាគារ​ពិភពលោក ក៏​បញ្ជាក់​ដែរ​ថា ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ដីធ្លី​មិន​មាន​ប្រសិទ្ធភាព ហើយ​មិន​អាច​យក​លទ្ធផល​នៃ​ការ​ដោះស្រាយ​នេះ​ទៅ​ជា​ភស្តុតាង ដើម្បី​ឲ្យ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​វិញ៖ «បញ្ហា​ដីធ្លី​មិន​ទាន់​ អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ។ រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ដី​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​ម៉ត់ចត់ ហើយ​បញ្ហា​ដីធ្លី​នេះ​ត្រូវ​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ។ ដូច្នោះ​តាម​រយៈ​ធនាគារ​ពិភពលោក​ផង និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង នឹង​បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់​បង្ខំ​រដ្ឋាភិបាល​នេះ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ម៉ត់ចត់ និង​ត្រឹមត្រូវ»

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​សម្រេច​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​ប្រមាណ ១២​ហិកតារ​ទៅ​ឲ្យ​ពលរដ្ឋ​តំបន់​បឹងកក់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ផែនទី​ដី ១២​ហិកតារ​នោះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ កាល​ពី​ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​លេខ​១៨៣ ផ្តល់​ដី​ទំហំ ១២,៤៤​ហិកតារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ព្រំ​ដី​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ នៅ​ថ្ងៃ​អង្គារ ទី​២១ តុលា ស្វាគមន៍​សេចក្តី​សម្រេច​របស់​ធនាគារ​ពិភពលោក ដែល​សម្រេច​បន្ត​ផ្អាក​ប្រាក់​ជំនួយ​នៅ​កម្ពុជា។ លោក​ថា បញ្ហា​ដីធ្លី​នៅ​កម្ពុជា កំពុង​រីក​រាល​ដាល​យ៉ាង​ធ្ងន់ធ្ងរ​មិន​ទាន់​អាច​ដោះស្រាយ​បាន៖ «ការ​ ដោះស្រាយ​នោះ​ហាក់​មាន​ដូចជា​មាន​ការ​យឺតយ៉ាវ ជាពិសេស​ពលរដ្ឋ​មិន​សូវ​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ ហើយ​និង រដ្ឋាភិបាល​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ឲ្យ​ពលរដ្ឋ​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ ហើយ​ឲ្យ​ពលរដ្ឋ​អាច​ស្នើសុំ​ឲ្យ​ធនាគារ​ភ្ជាប់​លុយ​មក​កម្ពុជា វិញ»

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ តុលា នៅ​ឡើយ​ទេ។

ឯកសារ​សិក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​ពី​ផ្ទៃ​ដី​ប្រមាណ ៤៩​លាន​ហិកតារ ស្មើ​នឹង​ទំហំ​នឹង​ប្រទេស​អេស្ប៉ាញ (Spain)។ ឯកសារ​បង្ហាញ​ទៀត​ថា មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រួម​មាន ការ​ធ្វើ​ឃាត ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ រំលោភ​ផ្លូវ​ភេទ និង​គំរាម​កំហែង​ប្រឆាំង​ទៅ​នឹង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​ បង្ខំ​បណ្ដេញ​ចេញ៕